ឯកឧត្តម កេង សុម៉ារិទ្ធ អញ្ជើញជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ភ្នំពេញ៖ ឯកឧត្តមកេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការអប់រំ» ដែលត្រូវបានរៀបចំឡើងដោយសាលាខេត្តព្រះសីហនុ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
កម្មវិធីនេះ ត្រូវបានធ្វើឡើងរួមជាមួយនឹង ការដុតបំផ្លាញគ្រឿងញៀន និងសារធាតុញៀន សរុបប្រមាណជិត ៣តោន ដែលត្រូវបានរឹបអូសតាមអំណាចសាលក្រម សាលដីកាស្ថាពរលើសំណុំរឿងគ្រឿងញៀនស្ថិតក្រោមសមត្ថកិច្ចនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន ០៣ គឺ៖ ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកំពង់ស្ពឺ។
កម្មវិធីនេះ មានការចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ, ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ, ឯកឧត្តម លោកជំទាវ ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកំពង់ស្ពឺ, កងកម្លាំងប្រដាប់អាវុធ, មន្ត្រីរាជការនៃអង្គភាពដែលមានការពាក់ព័ន្ធ ព្រមទាំង សិស្ស និស្សិត និងក្រុមយុវជនផងដែរ ៕