ក្រសួងអបរំ នឹងរៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី២ ការសិក្សាដោយការបង្កើតគម្រោង «បំណងប្រាថ្នា»
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី២៖ ការសិក្សាដោយការបង្កើតគម្រោង «បំណងប្រាថ្នា» ដែលជាការប្រកួតស្នាដៃបង្កើតគម្រោងតាមរយៈការផលិតជាវត្ថុគំរូ (Prototype) សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ មកពីគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងទៀតថា ព្រឹត្តិការណ៍ «បំណងប្រាថ្នា» គឺការចូលរួមក្នុងការលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM) និងប្រមូលផ្តុំសិស្សដែលមានសក្តានុពលក្នុងការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដោយផ្សាភ្ជាប់ជាមួយបរិបទនៃការអប់រំ ឌីជីថល។
ការបង្កើតគម្រោងក្នុងព្រឹត្តិការណ៍ «បំណងប្រាថ្នា» គឺផ្តោតលើវត្ថុគំរូវិទ្យាសាស្ត្រដែលអាចកែសម្រួល ឬដោះស្រាយនូវបញ្ហានានាដែលកំពុងជួបប្រទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕