អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ៖ គណបក្សប្រជាជន នៅជាមួយប្រជាជន ៣៦៥ថ្ងៃក្នុងមួយឆ្នាំ!
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានថ្លែងដោយសង្កត់ធ្ងន់ថា គណបក្សប្រជាជន នៅជាមួយប្រជាជន ៣៦៥ថ្ងៃក្នុងមួយឆ្នាំ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា «ព្រឹកនេះ ខ្ញុំពិតជាមានក្តីរំភើប និងក្តីសង្ឃឹមដោយបានមកជួបជុំជាមួយកម្លាំងនៃជំរុំទេវតា ក្នុងឃុំព្រៃក្រសាំង និងឃុំជម្ពូព្រឹក្ស នៃស្រុកសាមគ្គីមុនីជ័យរបស់យើង។ គឺទីនេះហើយ ដែលកាលពីជាង ១០ ឆ្នាំ ខ្ញុំទទួលបានឱកាសពីគណបក្សដើម្បីបានមកបម្រើប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ» ។
ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមថា តាមរយៈការផ្សារភ្ជាប់និស្ស័យជាមួយអ្នកខេត្តកំពង់ស្ពឺនេះ យើងបានធ្វើការជាមួយគ្នាដើម្បីដោះស្រាយការលំបាកនានាជាច្រើន គួរជាទីមោទនៈ។ គណបក្សប្រជាជនកម្ពុជា បានធ្វើការជាមួយគ្នាជាក្រុម ដើម្បីដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ។ អ្នកណាក៏ដោយ ឱ្យតែពាក់អាវគណបក្សប្រជាជនកម្ពុជា គឺមានភារកិច្ចជួយបងប្អូន អ៊ំ ពូ មីង ទាំងអស់គ្នា ៕