ឯកឧត្ដម ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយជួយមិនគិតអ្នកមាន ឬអ្នកក្រនោះឡើយ
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុ ន ម៉ាណែត បេក្ខជនបន្ដវេនជានាយករដ្ឋមន្ដ្រីនៅថ្ងៃអនាគត របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយជួយមិនគិតអ្នកមាន ឬអ្នកក្រនោះឡើយ។
តាមរយៈវីដេអូខ្លីមួយដែលបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ ឯកឧត្ដមបណ្ឌិត ហ៊ុ ន ម៉ាណែត បានលើកយកប្រធានបទមួយពាក់ព័ន្ធ «អ្នកមាន អ្នកក្រ»។
ឯកឧត្ដមបណ្ឌិតបានបញ្ជាក់ថា “នៅពេលមានការបែងចែកអ្នកមាន និងអ្នកក្រ នាំឱ្យកើតមានបញ្ហា ដូច្នេះកុំលាបពណ៌ប្រជាពលរដ្ឋ កម្ពុជាមិនមានការបែងចែកវណ្ណៈទេ យើងអាចនិយាយបានថា អ្នកមានជីវភាពធូរធារ (អ្នកមាន) អ្នកមានជីវភាពមធ្យម និងអ្នកមានជីវភាពខ្សត់នៅឡើយ យើងឱ្យនិយមន័យបែបនេះ គឺជាប្រជាជនខ្មែរយើងទាំងអស់គ្នា។ តើអ្នកទាំង៣នេះ អាក្រក់ឬយ៉ាងណា ហើយអ្នកទាំង៣នេះ គួរស្អប់គ្នាឬយ៉ាងណា ? អ្នកទាំង៣នេះ យើងអត់មានត្រូវស្អប់គ្នាទេ ត្រូវយកអាសាគ្នា ហើយអ្វីដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ដោយគណបក្សប្រជាជនកម្ពុជា ផ្តោតលើគោលនយោបាយក្នុងជួយអ្នកទាំង៣នេះ ឱ្យរីកចម្រើទាំងអស់គ្នា ព្រោះទាំង៣នេះជាជនជាតិខ្មែរ ជាប្រជាពលរដ្ឋខ្មែរដែលចូលរួមដើម្បីឱ្យខ្មែរយើងខ្លាំង”។
ឯកឧត្ដមបន្តថា គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលអត់មានគិតវណ្ណៈទេ គិតប្រជាពលរដ្ឋទាំងអស់ជាខ្មែរតែមួយ ប្រជាពលរដ្ឋទាំងអស់ទាំងអ្នកធូរធារ ទាំងអ្នកមធ្យម ទាំងអ្នកក្រីក្រត្រូវតែជួយព្រោះជាកម្លាំងជាតិ ដើម្បីឱ្យជាតិយើងរឹងមាំ ទាល់តែប្រជាជនយើងទាំងអស់រីកចម្រើន។
ឯកឧត្ដមបណ្ឌិតបានពន្យល់ផងដែរ អំពីតួនាទី និងការចូលរួមរបស់អ្នកមានជីវភាពធូរធារ អ្នកមានជីវភាពមធ្យម និងអ្នកមានជីវភាពខ្សត់ខ្សោយ ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិ៕