ឯកឧត្តម កើត រិទ្ធ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ ចូលរួមកិច្ចជំនួបរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-រដ្ឋមន្រ្តិយុត្តិធម៌ G7 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កាលពីថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ ចូលរួមចូលរួមកិច្ចជំនួបរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-រដ្ឋមន្រ្តិយុត្តិធម៌ G7 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ឯកឧត្តម KISHIDA Fumio នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន បានអញ្ជើញថ្លែងសន្ទរកថាបើកកិច្ចជំនួប។
កិច្ចជំនួបនេះ ដឹកនាំកិច្ចជំនួបដោយសហប្រធានដែលជា ឯកឧត្តម SAITO Ken រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រទេសជប៉ុន និងលោកជំទាវ AZALINA Othman Said រដ្ឋមន្ត្រីទទួលបន្ទុកការងារច្បាប់និងកំណែទម្រង់ស្ថាប័នរបស់ម៉ាឡេស៊ី និងដោយមានការចូលរួមពីរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការច្បាប់និងយុត្តិធម៌អាស៊ាន និងប្រទេស G7 ឬ អគ្គរដ្ឋអាជ្ញា និង អគ្គព្រះរាជអាជ្ញានៃបណ្តាប្រទេសសមាជិកអាស៊ាន, អគ្គលេខាធិការ និងលេខាធិការដ្ឋានអាស៊ាន, តំណាងប្រទេសទីម័រខាងកើត (សមាជិកសង្កេតការណ៍), ព្រមទាំងអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ដែលមានការពាក់ព័ន្ធមួយចំនួនផងដែរ។
កិច្ចជំនួបនេះ ជាកិច្ចជំនួបលើកដំបូងបំផុតរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន និងប្រទេស G7 ដែលធ្វើឡើងក្រោមប្រធានបទបទ «ការពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងអាស៊ាន និង ប្រទេស G7 ក្នុងវិស័យច្បាប់និងយុត្តិធម៌» ក្នុងគោលបំណងជាស្ពានភ្ជាប់ទំនាក់ទំនងអាស៊ាននិងប្រទេស G7 និងជាវេទិកាសម្រាប់ជួបពិភាក្សាគ្នាផ្លាស់ប្តូរ ឬ ចែករំលែកនូវទស្សនៈបឋមពាក់ព័ន្ធនឹងបញ្ហាជាប្រយោជន៍រួម និងផលប្រយោជន៍ទៅវិញទៅមកដើម្បីភ្ជាប់ទំនាក់ទំនងការងារនិង ធានានូវការកសាងគ្រឹះសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការនាពេលអនាគត សំដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់និងយុត្តិធម៌ រវាងបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេស G7។
ជាលទ្ធផលនៃកិច្ចជំនួបនេះ, បណ្តាប្រទេសសមាជិកអាស៊ានទាំងអស់បានគាំទ្រឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងអាស៊ាន ជាមួយនឹងប្រទេស G7 និងទទួលស្គាល់សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-G7 ក្នុងវិស័យច្បាប់ និងយុត្តិធមិ ក្នុងគោលដៅលើកម្ពស់ការគោរពគោលការណ៍នីតិរដ្ឋ, ការគោរពសិទ្ធិមនុស្ស, ការគោរពអធិបតេយ្យភាពជាតិ និងបូរណភាពដែនដី, ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីធានាការពារសន្តិសុខ ធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចិរភាព។
ទន្ទឹមនេះ អង្គប្រជុំក៏បានលើកឡើងអំពីវិស័យអាទិភាពការងារមួយចំនួន ដើម្បីចាប់ផ្តើមទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងអាស៊ាន និងប្រទេស G7។ សមាជិកអាស៊ាន និងG7 ស្វាគមន៍ចំពោះកិច្ចពិភាក្សាបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌នេះ។
ទន្ទឹមនេះ អង្គប្រជុំបានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ប្រទេសជប៉ុនក្នុងការរៀបចំបង្កើតអោយមាននូវវេទិកា ASEAN-G7 Next Leaders’ Forum ដែលនឹងប្រមូលផ្តុំរដ្ឋាភិបាលវ័យក្មេង ដើម្បីចែករំលែកចំណេះដឹង ការពង្រឹងសមត្ថភាព និងកសាងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងវិស័យច្បាប់ និងយុត្តិធម៌ ហើយបណ្តាប្រទេសសមាជិកអាស៊ានក៏បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះផងដែរ ៕