ឯកឧត្តម ឈួរ សុបញ្ញា ដឹកនាំកិច្ចប្រជុំណែនាំដល់មន្រ្តីក្របខណ្ឌថ្មីនៃមូលនិធិជាតិជំនួយសង្គម និងរៀបចំបែងចែកតាមនាយកដ្ឋាន និងអង្គភាព
ភ្នំពេញ៖ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំដល់មន្រ្តីក្របខណ្ឌថ្មីនៃមូលនិធិជាតិជំនួយសង្គម និងរៀបចំបែងចែកតាមនាយកដ្ឋាន អង្គភាព។
ឯកឧត្តម ឈួរ សុបញ្ញា បានណែនាំដល់មន្រ្តីក្របខណ្ឌថ្មីត្រូវខិតខំបំពេញការងារទៅតាមតួនាទី ភារកិច្ច និងការចាត់តាំងរបស់ប្រធានអង្គភាព ឲ្យបានល្អប្រសើរទៅតាមសមត្ថភាព និងលទ្ធភាពរបស់ខ្លួន ប្រកាន់ខ្ជាប់នូវឥរិយាបថទាំង៤ របស់មន្ត្រីរាជការ គឺឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។
ឯកឧត្តម បានបន្តថា ធ្វើយ៉ាងណាចូលរួមចំណែកផ្ដល់សេវាសាធារណៈ ជាពិសេសសេវាតម្រូវការ ជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវតាមច្បាប់ ឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីជំរុញការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ សំដៅឲ្យរដ្ឋបាលសាធារណៈកាន់តែមានភាពឆ្លើយតបប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត និងអភិវឌ្ឍន៍ស្ថាប័ន និងស្រុកដែលខ្លួនត្រូវទៅបម្រើការងារឲ្យមានការរីកចម្រើន និងការអភិវឌ្ឍ។
ឯកឧត្តម បានបន្ថែមថា ព្រោះក្មួយៗទាំងអស់គឺជាធនធានមនុស្សដ៏សំខាន់ប្រកបដោយសក្ដានុពល ដែលបានឆ្លងកាត់នូវការប្រឡងប្រជែងដ៏តឹងតែង ក្នុងចំណោមបេក្ខជនរាប់ពាន់នាក់ ៕