នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវដល់សមាជិក NATO និងសម្ព័ន្ធមិត្តអាមេរិក រួមគ្នាទប់ស្កាត់ឲ្យខានតែបាន កុំឲ្យប្រើគ្រាប់បែកចង្កោម
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រទេសជាសមាជិកអង្គការណាតូ (NATO) និងប្រទេសជាសម្ព័ន្ធមិត្តអាមេរិក ត្រូវរួមគ្នាទប់ស្កាត់ឱ្យខានតែបាន ទៅដល់ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំឱ្យប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានសរសេរលើគណនី Twitter ផ្លូវការនៅយប់ថ្ងៃទី១០ ខែកក្កដាថា «ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមបន្តអំពាវនាវដល់ប្រទេសជាសមាជិកអង្គការ NATO និងជាប្រទេសសម្ព័ន្ធមិត្តអាមេរិកមួយចំនួន ដូចជា ចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ កាណាដា ដែលសុទ្ធសឹងតែជាប្រទេសហត្ថលេខី នៃអនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោម សូមមានភាពទទួលខុសត្រូវ និងចូលរួមទប់ស្កាត់ឱ្យខានតែបាន ទៅដល់ប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន កុំឱ្យប្រើប្រាស់អាវុធដ៏កាចសាហាវនេះ» ៕