ឯកឧត្តម វេង សាខុន៖ សមាជិកបក្សទាំងអស់បានធ្វើការប្តេជ្ញាទៅបោះឆ្នោត ជូនគណបក្សប្រជាជន ដើម្បីបន្តទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងសហការី នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃទី១២ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានអញ្ជើញមកជួបសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា លោកអ៊ុំ អ្នកមីង និងបងប្អូនសមាជិកគណបក្សនៅឃុំទ្រានចំនួន ១០០នាក់ និងឃុំរអាងចំនួន ១០០នាក់។
ជារួមការសាកល្បងគូសសន្លឹកឆ្នោតឃើញថាគូសបានត្រឹមត្រូវល្អយកជាការបាន។ សមាជិកបក្សទាំងអស់បានធ្វើការប្តេជ្ញាទៅបោះឆ្នោតនៅថ្ងៃទី២៣ ខាងមុខ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញា«ទេវតាបាចផ្កា» ដើម្បីបន្តទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ។ អង្គពិធីទាំងមូលបានសន្យាបន្តរក្សាភក្តីភាព និងគាំទ្រយ៉ាងពេញទំហឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
ឯកឧត្តម វេង សាខុន បានណែនាំដល់ក្រុមអ្នកសង្កេតការខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អត្រឹមត្រូវ ពិសេសពិនិត្យតាមដានការរាប់សន្លឹកឆ្នោតសន្លឹកឆ្នោតបានការ។ សកម្មជនបក្សត្រូវណែនាំសមាជិកទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយត្រូវយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណ ក្នុងករណីសមាជិកណាម្នាក់គ្មាន ត្រូវជួយសម្រួលធ្វើយ៉ាងណាឱ្យគាត់មានឯកសារបញ្ជាក់ ឯ.អ ដើម្បីបានបោះឆ្នោតគ្រប់ៗគ្នា។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃ១១ ខែកក្កដា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រីគណបក្សមូលដ្ឋាន បានចុះឃោសនាផ្សព្វផ្សាយគោលនយោ បាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះរបស់សមាជិកាគណបក្សទូទាំងស្រុកកំពង់សៀមបានចំនួន ១៧,៦៩៧ខ្នងផ្ទះ និងមានសមាជិកចូលរួមចំនួន ២៥,០៧១នាក់ ស្មើ ៥៩% ៕