តំណាងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ស្វែងយល់បន្ថែមពីលក្ខខណ្ឌ ក្នុងការទទួលបានប័ណ្ណសមាជិក ប.ស.ស.
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសហការី ជួបពិភាក្សាជាមួយតំណាងនៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលដឹកនាំដោយ លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។
ក្នុងជំនួបពិភាក្សាខាងលើនេះ គឺផ្តោតសំខាន់ទៅលើលក្ខខណ្ឌ ក៏ដូចជានីតិវិធីក្នុងការទទួលបានបណ្ណសមាជិក ប.ស.ស. រួមទាំងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមពី ប.ស.ស. សម្រាប់សមាជិកទាំងអស់នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដើម្បីទទួលបានការគាំពារពីរបបសន្តិសុខសង្គម ធានាបាននូវសន្តិសុខប្រាក់ចំណូល និងរួមចំណែកកាត់បន្ថយភាពក្រីក្រទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ជំនួបពិភាក្សាខាងលើប្រព្រឹត្តទៅពេញមួយព្រឹក នៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមថ្នាក់ដឹកនាំ បេឡាជាតិសន្តិសុខសង្គម និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ចំនួន ៩រូប៕