អាស៊ាន បន្តពុះពារស្វែងរកការឯកភាព ចំពោះដំណោះស្រាយទៅលើជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ា
ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសសមាជិកអាស៊ាននៅតែមិនបានទទួល ជោគជ័យក្នុងការឯកភាពស្វែងរកដំណោះស្រាយចំពោះរបបយោធាមីយ៉ាន់ម៉ា ខណៈដែលកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសនៅទីក្រុងហ្សាកាតា មិនទាន់ចុះសម្រុងគ្នាក្នុងការយល់ព្រមលើសេចក្តីថ្លែងការណ៍ ដែលនឹងរួមបញ្ចូលការលើកឡើងអំពីជម្លោះផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា។
កិច្ចប្រជុំប្រចាំឆ្នាំនៅក្នុងរដ្ឋធានីប្រទេសឥណ្ឌូនេស៊ី មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសមកពីប្រទេស ជាសមាជិកអាស៊ាន ត្រូវបានគេរំពឹងថានឹងចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃពុធ ប៉ុន្តែមកដល់ រសៀលថ្ងៃព្រហស្បតិ៍នេះនៅតែមិនទាន់មានសញ្ញាអ្វីនោះទេ។
មូលហេតុនៃការពន្យាពេលនេះគឺមិនច្បាស់លាស់ ប៉ុន្តែមន្ត្រីអាស៊ានបាននិយាយថា សេចក្តីថ្លែងការណ៍ មួយកំពុងត្រូវពិនិត្យជាចុងក្រោយ ហើយនឹងត្រូវបានចេញផ្សាយក្នុងពេលឆាប់ៗនេះ។
ប្រទេសសមាជិកអាស៊ាន ដែលមានរួមទាំងប្រទេសមីយ៉ាន់ម៉ាក្នុងចំណោមប្រទេសសមាជិកទាំងដប់ បានជំរុញការអនុវត្តផែនការសន្តិភាពប្រាំ ចំណុច ដែលបានព្រមព្រៀងភ្លាមៗជាមួយរបបយោធា បន្ទាប់ពីរដ្ឋប្រហារនៅដើមឆ្នាំ២០២១ ប៉ុន្តែមិនបានទទួលជោគជ័យ ៕