អគ្គនាយករង ប.ស.ស.៖ ការផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ គឺជាការពង្រីកសេវាគាំពារកាន់តែទូលាយសម្រាប់ប្រជាពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យ បានថ្លែងថា ការផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ គឺជាការពង្រីកសេវាគាំពារកាន់តែទូលាយបន្ថែមទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្ស ដែលផ្តល់ដោយនិយោជក ឬរដ្ឋ តាមកិច្ចសន្យាការងារ ហើយក៏មិនមានប្រើប្រាស់កម្មករនិយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបររបស់ខ្លួន ឱ្យទទួលបានប័ណ្ណសមាជិក ប.ស.ស. ដើម្បីមានសិទ្ធិចូលទៅប្រើប្រាស់សេវា នៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស. ដោយឥតគិតថ្លៃ។
ការថ្លែងឡើងនេះ ស្ថិតក្នុងឱកាសដែលឯកឧត្តមបណ្ឌិតអគ្គនាយករង ផ្តល់កិត្តិយសជាវាគ្មិន ក្នុងបទសម្ភាសន៍ពិសេសក្នុងកម្មវិធី” មួយទល់មួយជាមួយកល្យាណ (One on One with Kallyann) របស់ស្ថានីយ៍រទស្សន៍ ក្នុងស្រុកមួយនារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៣។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបញ្ជាក់ឱ្យដឹងទៀតថា ដើម្បីទទួលប័ណ្ណសមាជិក ប.ស.ស. បងប្អូនប្រជាពលរដ្ឋដូចបានរៀបរាប់ខាងលើ ត្រូវអនុវត្តតាមលក្ខខណ្ឌ ដែលរួមមាន (១) មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល (២) ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក (៣) ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស. និង (៤) សាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) និងអាចមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. បាននៅគ្រប់ទីស្នាក់ការ ប.ស.ស. ទូទាំងប្រទេស។
ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែល ប្រកបរបររកស៊ីដោយខ្លួនឯងទាំងអស់ចូលរួមសាកល្បងចុះបញ្ជីជាមួយ ប.ស.ស. តាមរបបបង់ភាគទានដោយស្មគ្រចិត្ត ដែលយើងកំពុងសាកល្បងនេះ ដើម្បីទទួលបាន សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត រួមទាំងប្រាក់បំណាច់មាតុភាពផងដែរ៕