ករណីឃាតកម្ម កាប់ជាច្រើនកាំបិត បណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ព្រោះតែខឹងជនរងគ្រោះនិយាយដៀមដាមថា ខ្លួនជួញដូរគ្រឿងញៀន
ភ្នំពេញ៖ ករណីឃាតកម្មមួយបានកើតឡើង ដោយជនសង្ស័យយកកាំបិតផ្គាក់ កាប់សន្ធាប់លើជនរងគ្រោះជាច្រើនកាំបិត បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ព្រោះតែខឹងជនរងគ្រោះដើរនិយាយដៀមដាមថា ជនសង្ស័យជួញដូរគ្រឿងញៀន។
ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង ៥ និង ៥៨ នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចលើផ្លូវកៅស៊ូ មុខផ្ទះឈ្មោះ យិន គឿន ភេទ ស្រី អាយុ ៦៩ ឆ្នាំ ភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ជនសង្ស័យ ឈ្មោះ ចិន គឹមហ័រ ភេទ ប្រុស ជនជាតិ ខ្មែរ អាយុ ៤២ឆ្នាំ។ ជនរងគ្រោះ ចំនួន ០១នាក់ ឈ្មោះ លាង សុជា ភេទស្រី ជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
នៅមុនពេលកើតហេតុ ជនសង្ស័យបានរអ៊ូរទាំដាក់ជនរងគ្រោះថា ជនរងគ្រោះដើរនិយាយថា ខ្លួនចែកចាយគ្រឿងញៀន ចាប់តាំងពីពេលល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់វេលាម៉ោង ៥និង៤០នាទី ជនសង្ស័យបានយកកាំបិតផ្គាក់មកកាន់នឹងដៃរបស់ខ្លួន រួចឃើញជនរងគ្រោះ ដើររុញរទេះដឹកកូនអាយុ ១ខួប តាមថ្នល់កៅស៊ូ ជនសង្ស័យក៏ស្ទុះមកកាប់ទៅលើជនរងគ្រោះត្រូវខ្នង ចំនួន ២កន្លែង, ក្បាល ចំនួន ២កន្លែង, ដៃឆ្វេង ចំនួន ២កន្លែង បណ្ដាលឱ្យជនរងគ្រោះដេកស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុភ្លាម ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរង ទទួលផែនព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលពីលោក តាន់ ប៊ុនលី ព្រះរាជអាជ្ញាររង អមសាលាដំបូងខេត្តព្រៃវែង កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការណ៍ជាកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ ធ្វើកោសល្យវិច័យ និងបានចាប់ឃាត់ខ្លួនជនសង្ស័យយកផ្ដន្ទាទោសតាមច្បាប់។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែង ចាប់ឃាត់ខ្លួន កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕