សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកចំនួន០៤ ក្នុងខេត្តព្រៃវែង
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង នៅថ្ងៃអាទិត្យ ១៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកព្រះស្ដេច ស្រុកពាមជរ ស្រុកកំពង់ត្របែក និងស្រុកមេសាង ខេត្តព្រៃវែង។
សម្ដេចក្រឡាហោម ក្នុងនាមគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន ព្រមទាំងសមាជិក សមាជិកា និងប្រជាពលរដ្ឋស្រុកទាំង៤ដែលតែងផ្ដល់សេចក្ដីទុកចិត្ត បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសបានរួមសុខ រួមទុក្ខជាមួយគ្នាតាំងក្រោយការដួលរំលំនៃរបបខ្មែរក្រហម។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថ្លែងអំណរគុណប្រជាពលរដ្ឋទូទៅ ទោះបីមាននិន្នាការបែបណាក៏ដោយ ប៉ុន្តែមានគោលជំហរស្រលាញ់សុខសន្តិភាព និងបានចូលរួមគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាល៦ ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២៣ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាលំនឹងសេដ្ឋកិច្ច ពិសេសបង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ-១៩។
សម្ដេចក្រឡាហោម ក៏បានអំពាវនាវសមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងស្រុកទាំង៤ និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងបន្តទៀត ៕