សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុក ដាមរី តំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល នៅគេហដ្ឋានសព ក្នុងសង្កាត់និរោធ
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំសមាជិក សមាជិការដ្ឋសភា ដាក់កម្រងផ្ការនិងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុក ដាមរី តំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល និងជាសមាជិកគណៈកម្មការ អង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា ដែលកំពុងកម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នាគេហដ្ឋានសព ក្នុងសង្កាត់និរោធ រាជធានីភ្នំពេញ។
សម្តេចប្រធានរដ្ឋសភា មានសេចក្តីរន្ធត់ និងសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់ ឯកឧត្តម អ៊ុក ដាមរី ដោយបានចូលរួមសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយអាឡោះអាល័យ ជាមួយក្រុមគ្រួសារ នៃសពក្នុងការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជាជីតា ដែលជាទីគោរពស្រឡាញ់បំផុត។
មរណភាព ឯកឧត្តម អ៊ុក ដាមរី គឺជាការបាត់បង់នូវធនធានមនុស្សដ៏គម្រូមួយ ដែលជាឥស្សរជន ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញា បម្រើប្រទេសជាតិ មាតិភូមិរហូតមក។
ឯកឧត្តម អ៊ុក ដាមរី បានទទួលមរណភាព ដោយរោគាពាធ នាព្រឹក ថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ៧០ឆ្នាំ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះគុណបំណាច់ដ៏ធំធេង ក្នុងការួមចំណែក យ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល ក្នុងការបម្រើឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ នាពេលកន្លងមក និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធ ឯកឧត្តមបានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ ៕