អ្នកនាំពាក្យក្រសួងយុត្តិធម៌ បង្ហាញជូននូវទិដ្ឋភាពច្បាប់ទាក់ទងនឹងករណីញុះញង់ឱ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោត
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលនេះជាព្រឹត្តិការណ៍ជាតិដ៏ធំ និងដ៏សំខាន់ ដែលប្រជាពលរដ្ឋនៅទូទាំងប្រទេស នៅរៀងរាល់៥ឆ្នាំម្តង ប្រើសិទ្ធិរបស់ខ្លួនជាម្ចាស់អំណាចតាមបែបប្រជាធិបតេយ្យ ចេញទៅធ្វើការបោះឆ្នោតដើម្បីជ្រើសរើសអ្នកដឹកនាំរបស់ខ្លួន ដើម្បីបន្តដឹកនាំប្រទេសជាតិ សម្រាប់អាណត្តិរយៈពេល ៥ឆ្នាំ។
ឯកឧត្តម បានបន្តថា៖ «បន្ទាប់ពីបានតាមដោយយកចិត្តទុកដាក់នូវសភាពការណ៍នយោបាយមួយរយៈចុងក្រោយនេះ ថ្ងៃនេះ ខ្ញុំសូមបង្ហាញជូននូវទិដ្ឋភាពច្បាប់ទាក់ទងនឹងករណីញុះញង់ឱ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោត ដូចតទៅ ៖
ទី១-អំពីទណ្ឌកម្មទាក់ទងនឹងការញុះញង់ឱ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោត ៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ទណ្ឌិត សម រង្ស៉ី ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ (PEC) សម្រេចពិន័យជាប្រាក់ចំនួន ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតសម្រាប់រយៈពេល ២៥ ឆ្នាំ។ ជាមួយគ្នានេះ ជនល្មើសចំនួន ១៦រូបផ្សេងទៀត ក៏ត្រូវបានផាកពិន័យជាប្រាក់ ពី១០ ទៅ ២០លានរៀល និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ពី២០-២៥ឆ្នាំ។ ការសម្រេចផ្ទន្តាទោសនេះ កើតឡើងបន្ទាប់ពីជនល្មើសទាំង១៧រូបនេះ បានធ្វើការណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោត គូសបំផ្លាញសន្លឹកឆ្នោត ដែលនេះជាអំពើល្មើស ទៅនឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងបញ្ញត្តិនៃច្បាប់ព្រហ្មទណ្ឌផ្សេងៗទៀត។
ផ្អែកតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ អ្នកញុះញង់ប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅបោះឆ្នោត និងអ្នកដែលបានណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោត បំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ត្រូវចាត់ទុកជាបទល្មើស ដែលត្រូវរងទោសផាកពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកហូតជាបណ្តោះអាសន្ននូវសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរយៈពេលយ៉ាងតិច ៥ ឆ្នាំ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ បន្ថែមពីលើនេះ អ្នកដែលប្រព្រឹត្តអំពើល្មើសនេះ ក៏អាចនឹងទទួលខុសត្រូវព្រហ្មទណ្ឌផ្សេងៗទៀតផងដែរ ទៅតាមបញ្ញត្តិនៃច្បាប់ព្រហ្មទណ្ឌដែលមានជាធរមាន។
ជាទិដ្ឋភាពច្បាប់ ការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិសេស ការសម្រេចដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត គឺ មានអានុភាពជាស្ថាពរ ហើយពុំមានយន្តការច្បាប់ណាមួយដែលអនុញ្ញាតឱ្យមានការលើកលែងទោសបាននោះឡើយ ដែលខុសពីការផ្តន្ទាទោសដោយសេចក្តីសម្រេចរបស់តុលាការ ដែលអាចស្នើសុំឱ្យមានការលើកលែងទោសបាន តាមរយៈព្រះរាជក្រឹត្យលើកលែងទោស ឬដោយយន្តការផ្សេង។
ទី២-អំពីចំណងផ្លូវច្បាប់ទាក់ទងនឹងគណបក្សភ្លើងទៀនដែលមានការពាក់ព័ន្ធនឹងទណ្ឌិត ៖ យោងតាមចម្លើយសារភាព របស់មេដឹកនាំសកម្មជនគណបក្សភ្លើងទៀន ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានបញ្ជាក់ថា ការញុះញង់ឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គូសបំផ្លាញសន្លឹកឆ្នោតនោះ គឺធ្វើតាមការបង្គាប់បញ្ជារបស់ ទណ្ឌិត សម រង្ស៉ី និងបក្សពួក នៅក្រៅប្រទេស។ នេះបញ្ជាក់ឱ្យឃើញថា គណបក្សភ្លើងទៀន អាចមានជាប់ទាក់ទង និងធ្វើតាមការបង្គាប់បញ្ជារបស់ទណ្ឌិត សម រង្ស៉ី ដែលនេះជាអំពើល្មើសទៅនឹងច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា ៦ ថ្មី (ពីរ) ហើយដែលអាចនាំឱ្យគណបក្សភ្លើងទៀននេះ ប្រឈមមុខនឹងទោសទណ្ឌតាមបញ្ញត្តិច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៤៤ ថ្មី (ពីរ) រួមទាំងទោសព្រហ្មទណ្ឌផ្សេងទៀតផងដែរ»៕