ឯកឧត្តម អ៊ូច ភា អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ពិសេសគឺត្រូវបោះឆ្នោតជូន គណបក្សប្រជាជន
ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំអង្គតាសោម ព្រមទាំងក្រុមការងារ នារសៀលថ្ងៃអង្គារ៍ ទី១៨ ខែកក្ដដា ឆ្នាំ២០២៣ បានអញ្ជើញបន្តចុះផ្សព្វផ្សាយគោលនយោបាយ បង្រៀនគូសសន្លឹកឆ្នោត និងសំណេះសំណាលជាមួយសមាជិកបក្សតាមខ្នងផ្ទះ ក្នុងមូលដ្ឋានភូមិត្រពាំងស្រង៉ែ និងភូមិអូរផុត ក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ សរុបជិត ២០០នាក់។
មានមតិជួបសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ប្រធានគណបក្សខេត្ត ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យពិនិត្យមើលអត្តសញ្ញាណប័ណ្ណរបស់ខ្លួន និងសមាជិកគ្រួសារ ប្រសិនបើមានការបាត់បង់ ខូចខាត ឬនិងទិន្នន័យលើបញ្ជី បោះឆ្នោត សូមធ្វើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ឱ្យបានទាន់ពេលវេលា ដើម្បីមានសិទ្ធិទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ ជាមួយគ្នានេះ ក្រុមការងារក៏បានបង្រៀនរបៀបគូស សន្លឹកឆ្នោត ជូនដល់សមាជិក សមាជិកាគណបក្សផងដែរ។
ឯកឧត្តម អ៊ូច ភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ពិសេសគឺត្រូវបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ជាសម្គាល់ និងមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត ដើម្បីបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ៕