ឯកឧត្ដម វេង សាខុន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម និងពិភាក្សាអំពីពិធីហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត
ភ្នំពេញ៖ ឯកឧត្ដម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម និងពិភាក្សាអំពីពិធីហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម។
ពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ណៅ ធួក អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ឯកឧត្តម លោក លោកស្រីប្រធាន និងអនុប្រធានក្រុម ការងារចុះមូលដ្ឋានឃុំទាំង១៥ និងលោក លោកស្រីគណៈកម្មាធិការបក្សស្រុកសរុបចំនួន ១៥៥នាក់។
នាឱកាសនេះ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ ក៏បានវាយតម្លៃលើសកម្មភាពយុទ្ធនាការឃោសនាក្នុងរយ:ពេល ១៩ថ្ងៃ កន្លងមកនៅទូទាំងស្រុកកំពង់សៀម ជារួមឃើញថាទទួលបានលទ្ធផលគួរជាទីមោទន។
លទ្ធផលនេះ ឯកឧត្តមប្រធានបានកោតសរសើរ និងវាយតម្លៃខ្ពស់លើឆន្ទ:ពុះពារ ខិតខំ និងលះបង់គ្រប់បែបយ៉ាងរបស់ឯកឧត្តម លោក ជំទាវជាអនុប្រធានក្រុមការងារ សមាជិក សមាជិកាបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន សកម្មជនបក្ស។ល។
សម្រាប់ថ្ងៃបិទបញ្ចប់យុទ្ធនាការ ឯកឧត្តម វេង សាខុន បានធ្វើការណែនាំបន្ថែម ក្រៅពីអ្វីដែលបានអនុវត្តកន្លងមក ធ្វើយ៉ាងណាឱ្យសកម្មភាពដង្ហែក្បួននេះកាន់តែមានភាពឱឡារិកអធិអធម គគ្រឹកគគ្រេង និងត្រូវប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ សុជីវធម៌ សាមគ្គីភាព សុវត្ថិភាព និងសណ្តាប់ធ្នាក់សាធារណ ដើម្បី បង្ហាញពីសេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជា។
សូមជម្រាបជូនថា អង្គពិធីបានសម្រេចទិសដៅហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយត្រូវកំណត់យកសមាជិកគណបក្សចូលរួមចំនួន ៤,០២៥នាក់ រថយន្តចំនួន ៧៩គ្រឿង និងម៉ូតូចំនួន ១,៦៦៧គ្រឿង ៕