ឧត្តមសេនីយ៍ឯក យិត ភីរៈ បើកកិច្ចប្រជុំសំណេះសំណាលគ្រូបង្វឹក កីឡាករ-កីឡាការិនី ត្រៀមចូលរួមព្រឹត្តិការណ៍ World Police and Fire Games នៅកាណាដា
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំសំណេះសំណាល ជាមួយគ្រូបង្វឹក កីឡាករ-កីឡាការិនី ដែលត្រៀមចេញទៅចូលរួមការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police and Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា ក្រោមអធិបតីភាព ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
នាឱកាសនោះ ឯកឧត្តម អនុរដ្ឋលេខាធិការ បានធ្វើការណែនាំទៅកាន់កីឡាករ-កីឡាការិនីទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ទៅលើបញ្ហាសុខភាព ខណៈដែលប្រទេសកាណាដា គឺជាប្រទេសដែលមានអាកាសធាតុត្រជាក់។ លើសពីនេះ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់អត្តពលិកទាំងអស់ ត្រូវរក្សាភាពថ្លៃថ្នូរទាំងក្នុងការប្រកួត និងក្រៅការប្រកួត ក្នុងនាមជាកីឡាករ-កីឡាការិនីតំណាងឱ្យកម្ពុជា។
ឯកឧត្តម អនុរដ្ឋលេខាធិការ ក៏បានសង្កត់ធ្ងន់ទៀតថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ លើកទឹកចិត្តជារឿយៗដល់អត្តពលិកក្រសួងមហាផ្ទៃ ជាក់ស្ដែងនៅថ្ងៃស្អែក សម្តេចនឹងអនុញ្ញាតដល់ប្រតិភូ និងកីឡាករ-កីឡាការិនីទាំងអស់ បានចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ជាប្រទីបបង្ហាញផ្លូវឈានឆ្ពោះទៅរកជ័យជម្នះ ក៏ដូចជាការបង្កើនទំនុកចិត្តបន្ថែមទៀត មុននឹងចាកចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ខាងលើ ។
សូមជម្រាបជូនថា បន្ទាប់ពីទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួច អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានត្រៀមកីឡាចំនួន ១២ប្រភេទ មានដូចជា៖ កីឡាវាយសី, វាយកូនឃ្លីលើតុ, យូដូ, ជឺជីតស៊ូ, ហែលទឹក, ការ៉ាតេ, បាល់ទះក្នុងសាល, បាល់ទះឆ្នេរខ្សាច់, ចំបាប់, ចំបាប់កាច់ដៃ, Bench Press និងPush Pull Lifting ដើម្បីត្រៀមទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ នៅប្រទេសកាណាដា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕