ឯកឧត្តម ចាយ បូរិន៖ ភ្នាក់ងារគណបក្ស គឺជាអ្នកការពារភាពស្របច្បាប់ និងផលប្រយោជន៍របស់គណបក្ស នៅតាមការិយាល័យបោះឆ្នោត
ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន ប្រធានគណៈកម្មការច្បាប់គណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងបន្ថែមពីនីតិវិធី ពាក់ព័ន្ធ ដំណើរការបោះឆ្នោតដល់ភ្នាក់ងារគណបក្សពេញសិទ្ធិ និងបម្រុងចំនួន ២៦៦នាក់ ទាំង១៣៣ការិយាល័យបោះឆ្នោតនៅទីស្នាក់ការគណបក្សស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ថា ភ្នាក់ងារគណបក្ស គឺជាតំណាងឲ្យគណបក្ស នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ជាអ្នកការពារផលប្រយោជន៍ឲ្យគណបក្ស ឈរលើគោលការណ៍នៃភាពត្រឹមត្រូវ ស្របតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ឯកឧត្ដមក៏បានជម្រុញលើកទឹកចិត្តនិងផ្តាំផ្ញើដល់ភ្នាក់ងារគណបក្សទាំង១៣៣ការិយាល័យបោះឆ្នោត ត្រូវយកចិត្តទុកដាក់អនុវត្ត តួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយនៅក្នុងថ្ងៃដំណើរការបោះឆ្នោត ជាអាទិ៍ ពិនិត្យមើលហិបឆ្នោត សន្លឹកឆ្នោត សង្កេតមើលការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការបូកសរុបលទ្ធផលបោះឆ្នោត ការប្តឹងជំទាស់ឬប្តឹងតវ៉ាទៅលើភាពមិនប្រក្រតីដោយផ្ទាល់មាត់ឬតាមរយៈលាយលក្ខណ៍អក្សរ (ទ.១២០២) និងកំណត់ហេតុនៃលទ្ធផលនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ព្រមទាំងសិទ្ធិទទួលបានកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតពី (គឃ.សប) ហេីយត្រូវស្របតាមក្រមសីលធម៌របស់ភ្នាក់ងារសង្កេតការណ៍ ៕