លោកជំទាវ ឃួន សុដារី ដឹកនាំសមាជិកបក្សប្រជាជនកម្ពុជាជាង ៥ពាន់នាក់ បិទយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងស្រុកលើកដែក
ភ្នំពេញ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា សមាជិកា
គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកលើកដែក នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំសមាជិកបក្សប្រជាជនកម្ពុជាជាង ៥,០០០នាក់ បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧យ៉ាងអធិកអធម ក្នុងស្រុកលើកដែក ខេត្តកណ្តាល។
ថ្លែងក្នុងអង្គពិធី លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ពី សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងក្នុងនាមលោកជំទាវផ្ទាល់ ព្រមទាំងថ្នាក់ ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ជូនចំពោះ ឯកឧត្តម- លោកជំទាវ លោក-លោកស្រី ក្រុមការងារ ថ្នាក់ដឹកនាំមន្ត្រីគណបក្ស សកម្មជន និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ជាពិសេស ក្រុមយុទ្ធឃោសនិកទូទាំងស្រុកលើកដែក ដែលបានចូលរួមយ៉ាងសកម្ម និងលះបង់ខ្ពស់បំផុត នៅក្នុងរយៈពេលនៃដំណើរការយុទ្ធនាការ ២០ថ្ងៃកន្លងមកនេះ ទោះបីត្រូវក្រោកពីព្រឹកព្រលឹម ហែក្បួនកាត់កម្ដៅថ្ងៃ- ខ្យល់-ភ្លៀង យ៉ាងណាក៏ដោយ ក៏នៅតែបន្តពុះពារឆ្ពោះទៅមក ដោយស្នាមញញឹម និងឆន្ទៈស្នេហាគណបក្សពិតប្រាកដ ព្រមទាំងបានប្រកាន់ខ្ជាប់នូវច្បាប់ បទបញ្ជា នីតិវិធី និងគោលការណ៍ណែនាំរបស់ គ.ជ.ប ដែលពិតជាគំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពទេវតាទាំងអស់។
លោកជំទាវបានគូសបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនា ២០ថ្ងៃកន្លងមកនេះ ក្នុងនាមជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ក៏ដូចឯកឧត្តម លោកជំទាវ ជាបេក្ខជនទាំងអស់ របស់គណបក្សប្រជាជនកម្ពុជា រួមជាមួយក្រុមការងារ គណបក្សស្រុក គណបក្សភូមិ-ឃុំ គណបក្សមូលដ្ឋាន សាខា-អនុសាខាបក្ស និងក្រុមបក្សគ្រប់ថ្នាក់ បានរៀបចំកម្មវិធីចុះតាមខ្នងផ្ទះជួបផ្ទាល់ជាមួយគ្រួសារបក្ស ដើម្បីសំណេះសំណាល និងណែនាំក្រើនរំលឹកសមាជិក-សមាជិកាគណបក្ស ឱ្យយកចិត្តទុកដាក់ អំពីឯកសារសំខាន់ៗ ដែលត្រូវត្រៀមសម្រាប់ទៅបោះឆ្នោត បង្រៀនគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ចងចាំនូវលេខរៀងទី១៨ និងរូបសញ្ញាគណបក្សប្រជាជនកម្ពុជាគឺ រូបសញ្ញា «ទេវតាបាចផ្កា» ជាសម្គាល់ ព្រមទាំងបានចែកផ្សព្វផ្សាយខិតប័ណ្ណគោលនយោបាយរបស់គណបក្ស សៀវភៅផ្នត់ និងសារលិខិតរបស់ សម្ដេចតេជាប្រធានគណបក្ស ផ្ញើជូនជនរួមជាតិ ក៏ដូចជាបង្រៀនពីវិធីគូសសន្លឹកឱ្យបានត្រឹមត្រូវថែមទៀតផង។
ជាទីបញ្ចប់ លោកជំទាវបានប្រកាសក្បួនដង្ហែរបស់កងទ័ពទេវតា ដើម្បីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្ស ប្រជាជនកម្ពុជា នៅស្រុកលើកដែក ចាប់ផ្ដើមចេញដំណើរ។
ក្បួនដង្ហែមានចាក់បទចម្រៀងពិរោះៗ សារនយោបាយរបស់គណបក្ស និងការស្រែក ជ័យឃោស កងរំពង គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។
នៅតាមដងផ្លូវ គេក៏សង្កេតឃើញមានប្រជាពលរដ្ឋ ក្នុងទឹកមុខសប្បាយរីករាយ ឈរទទួលស្វាគមន៍ គ្រវីទង់ជាតិ និងទង់គណបក្ស ស្រែកហ៊ោកញ្ជ្រៀវ អបអរសាទរ ក្បួនដង្ហែរបស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយមនោសញ្ចេតនា រាក់ទាក់និងសោមនស្សក្រៃលែង។
គួរបញ្ជាក់ថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយរាល់សកម្មភាពឃោសនាត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំរបស់ គ.ជ.ប។ នៅថ្ងៃទី២៣ ខែកក្កដា គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលមានគណបក្សនយោបាយចំនួន ១៨ បានដាក់បេក្ខជនឈរឈ្មោះចូលរួមប្រកួតប្រជែង៕