សម្តេច ម៉ែន សំអន៖ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ១៥,០០០នាក់ ចូលរួមដង្ហែក្នុងពិធីបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោត
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃសុក្រ ៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ នៅខេត្តស្វាយរៀង។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រ គណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី គ.ជ.ប ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឲ្យដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តបានយ៉ាងរលូន នៅក្នុងខេត្តស្វាយរៀង។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលស្ថិតក្នុងលេខរៀងទី១៨ ដែលមានរូបទេវតាបាចផ្កា ជាសញ្ញាសំគាល់លើសន្លឹកឆ្នោត ដោយយកភ្ជាប់ជាមួយខ្លួន នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្ត សញ្ញាណ (ឯ.អ)។
សូមបញ្ជាក់ផងដែរថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ មានរយៈពេល ២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ។ ខេត្តស្វាយរៀងមាន ៨ក្រុង/ស្រុក និង ៨០ឃុំ/សង្កាត់, មានអាសនៈចំនួន ៥អាសនៈ, មានការិយាល័យបោះឆ្នោតចំនួន ៩៨៤ការិយាល័យ, មានគណបក្សនយោបាយចំនួន ១៣ ក្នុងចំណោម ១៨ ដែលបានចូលរួមប្រគួតប្រជែងក្នុងការរកសម្លេងគាំទ្រ, ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៤១៥,៩១៩នាក់ ចំណែកឯ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មានចំនួន ៣២០,៨៦៦នាក់។ ជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបាន ប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី និងពហុបក្ស។ នៅក្នុងថ្ងៃបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នេះផងដែរ ក៏មានសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចូលរួមដង្ហៃរនៅទូទាំងខេត្តមានចំនួន ១៥,០០០នាក់ ៕