តួកគី ជំរុញឱ្យស៊ុយអែតចាត់វិធានការប្រឆាំងនឹងអំពើភេរវកម្ម ដើម្បីទទួលបានការគាំទ្រពីសមាជិកណាតូ
អ៊ីស្តង់ប៊ុល៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយឱ្យដឹងនៅថ្ងៃសុក្រនេះថា តួកគីនឹងធ្វើការដើម្បីផ្តល់សច្ចាប័នលើពាក្យសុំ ចូលរួមជាមួយអង្គការ NATO របស់ស៊ុយអែត ដោយត្រូវភ្ជាប់មកជាមួយនឹងកិច្ចសហប្រតិបត្តិការរបស់ទីក្រុង Stockholm ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
ប្រទេសស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូកាលពីឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយបោះបង់ចោលគោលនយោបាយយោធា ដែលមិនចូលបក្សសម្ព័ន្ធរបស់ខ្លួនជាយូរណាស់មកហើយ។ សំណើរបស់ពួកគេត្រូវតែយល់ព្រមដោយសមាជិកទាំងអស់នៃសម្ព័ន្ធភាព។
បន្ទាប់ពីការពន្យារពេលការផ្តល់សច្ចាប័ន លើសមាជិកភាពណាតូរបស់ស៊ុយអែតអស់រយៈពេលជាងមួយឆ្នាំ នៅទីបំផុត លោក Erdogan ក៏បានយល់ព្រមដោយមិននឹកស្មានដល់ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធភាពនៅប្រទេសលីទុយអានីក្នុងខែនេះ ដើម្បីនាំយកវាទៅសភារបស់ប្រទេសតួកគី នៅពេលដែលសភានីតិបញ្ញត្តិកោះប្រជុំក្នុងខែតុលា។
លោក Erdogan បានប្រាប់អ្នកយកព័ត៌មាននៅលើជើងហោះហើរ ត្រឡប់ពីបណ្តាប្រទេសឈូងសមុទ្រ និងភាគខាងជើង Cyprus ថា «កាលវិភាគការងាររបស់សភាតួកគីនឹងកំណត់ដំណើរការ (ការផ្តល់សច្ចាប័ន) នៃការចូលជាសមាជិករបស់ស៊ុយអែតទៅអង្គការណាតូ»។
លោកបានសង្កត់ធ្ងន់ថា «វានឹងមានប្រយោជន៍សម្រាប់ស៊ុយអែត ប្រសិនបើចាត់វិធានការជាក់ស្តែង ក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការភេរវករ និងក្នុងការធ្វើបត្យាប័នភេរវករ»។
គួរបញ្ជាក់ថា ទីក្រុងអង់ការ៉ាចោទទីក្រុង Stockholm ថា មិនបានធ្វើអ្វីច្រើនទេចំពោះមនុស្ស ដែលខ្លួនចាត់ទុកជាភេរវជន។ ភាគច្រើននៃពួកគេទាំងនោះ គឺជាសមាជិកនៃគណបក្សពលករឃឺដ (PKK) ដែលជាក្រុមដែលទីក្រុងអង់ការ៉ាចោទប្រកាន់ ពីបទធ្វើរដ្ឋប្រហារបរាជ័យឆ្នាំ ២០១៦ ជាមួយនឹងការធ្វើបត្យាប័នជាចំណុចជាប់គាំងដ៏សំខាន់មួយ។
ថ្មីៗនេះ តុលាការកំពូលរបស់ប្រទេសស៊ុយអែត បានរារាំងការធ្វើបត្យាប័នពលរដ្ឋតួកគីពីរនាក់ ដែលទីក្រុងអង់ការ៉ានិយាយថា ជាផ្នែកនៃក្រុមភេរវករ៕
ប្រភព AFP