ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ អញ្ជើញបោះឆ្នោត រួចរាល់ហើយ នៅការិយាល័យក្នុងសាលាបឋមសិក្សា ហ៊ុន សែន ខ្នារ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅការិយាល័យបោះឆ្នោតលេខ ១១៦៨ ក្នុងសាលាបឋមសិក្សាហ៊ុន សែន ខ្នារ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨។
ដោយឡែក ខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើងមានចំនួន ៥៣៨,៩៧៩នាក់ ស្រី ២៧១,៤៤៦នាក់។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានចំនួន៤៨៩,៩៥៨នាក់។
មានការិយាល័យបោះឆ្នោតសរុបចំនួន ១,៣២១ការិយាល័យ។មានអ្នកសង្កេតការណ៍ជាតិសរុប ៤,៣១១នាក់ ស្រី ២,៨៣៥នាក់ មកពីអង្គការ និងសមាគមន៍ចំនួន១៣។
មានគណបក្សនយោបាយឈរឈ្មោះសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ចំនួន០៩គណបក្សនយោបាយ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែ១ គណបក្សហ៊្វុនស៊ិនប៉ិចគណបក្សខ្មែរឈប់ក្រ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ៕