នាយករដ្ឋមន្រ្តីប៉ូឡូញ អះអាងថា សមាជិកច្រើនថែមទៀតនៃក្រុមទាហានសុីឈ្នួលរុស្ស៉ី Wagner ផ្លាស់ទីមកកាន់តែកៀកព្រំប្រទល់ប៉ូឡូញ
វ៉ាសូវី៖ នាយករដ្ឋមន្រ្តីប៉ូឡូញ លោក ម៉ាតេអ៊ូស ម៉ូរ៉ាវៀស្គី (Mateusz Morawiecki) បានអះអាងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា យុទ្ធជនមួយក្រុមមានគ្នាប្រហែលជា១០០នាក់ មកពីក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner បានផ្លាស់ទីមកក្បែរទីក្រុង ហ្គ្រោដណូ (Grodno) នៃប្រទេសបេឡារុស ដែលនៅកៀកនឹងព្រំប្រទល់ជាមួយប៉ូឡូញ។
ប៉ូឡូញដែលជាសមាជិកនៃអង្គការណាតូ (NATO) បានកើតមានក្តីកង្វល់អំពីលទ្ធភាព នៃការរាលដាលសង្រ្គាមចូលទៅក្នុងទឹកដីរបស់ខ្លួន ចាប់តាំងតែពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ ក្នុងខែកក្កដានេះ ប៉ូឡូញក៏បានចាប់ផ្តើមផ្លាស់ទីកងកម្លាំងប្រដាប់អាវុធជាង១,០០០នាក់ ទៅកាន់ភាគខាងកើតប្រទេសផងដែរ ចំពោះមុខការកើនឡើងក្តីបារម្ភ ដែលថាវត្តមានសមាជិករបស់ Wagner នៅបេឡារុស អាចនឹងបង្កើនភាពតានតឹងនៅតាមតំបន់ព្រំប្រទល់ រវាងប្រទេសទាំងពីរ។
លោក ម៉ូរ៉ាវៀស្គី បាននិយាយយ៉ាងដូច្នេះថា «ស្ថានការណ៍កំពុងតែគ្រោះថ្នាក់ខ្លាំងឡើងៗ… សមាជិកក្រុម Wagner ទាំងនោះ ទំនងជានឹងព្យាយាមបន្លំខ្លួនជាឆ្មាំព្រំដែនបេឡារុស ដើម្បីជួយជនចំណាកស្រុកខុសច្បាប់ ឆ្លងចូលមកក្នុងទឹកដីប៉ូឡូញ ហើយបង្កអស្ថិរភាពនៅក្នុងប្រទេសប៉ូឡូញ។ ពួកគេក៏នឹងទំនងជាប៉ុនប៉ងចូលមកកាន់ប៉ូឡូញដោយផ្ទាល់ផងដែរ ដោយក្លែងខ្លួនជាជនចំណាកស្រុកខុសច្បាប់ ខណៈប្រការនេះអាចបង្កការគំរាមកំហែងបន្ថែមទៀត»។
គួរបញ្ជាក់ថា វត្តមាន Wagner នៅក្នុងប្រទេសបេឡារុស គឺជាផ្នែកនៃកិច្ចព្រមព្រៀងមួយដែលបានជួយបញ្ចប់ការបះបោរប្រដាប់អាវុធ របស់ក្រុមទាហានស៉ីឈ្នួលនេះ កាលពីខែមិថុនា នៅពេលដែលពួកគេបានចូលគ្រប់គ្រងទីស្នាក់ការយោធារុស្ស៉ីមួយកន្លែង ហើយសំដៅឆ្ពោះទៅកាន់ទីក្រុងមូស្គូ ដែលប៊ិះនឹងរុញច្រានរុស្ស៉ីឱ្យធ្លាក់ក្នុងសង្រ្គាមស៉ីវិល៕
ប្រភព AFP