សៀវភៅ កម្ពុជាសម័យតេជោ វគ្គ២២ «ការបញ្ចប់យន្តការផ្តល់ដីសម្បទាន»
ភ្នំពេញ៖ សៀវភៅ «កម្ពុជា សម័យតេជោ» ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម បានចងក្រងសៀវភៅនេះឡើងដើម្បីបង្ហាញទៅដល់មនុស្សជំនាន់ក្រោយៗទៀតឱ្យបានជ្រាបថា ក្នុងសម័យកាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាមានការរីកចម្រើន និងមានសមិទ្ធផលជាច្រើនរាប់មិនអស់ ដែលត្រូវចាប់អារម្មណ៍កោតសរសើរ និងកត់ត្រាទុក។ ដូច្នេះ ខ្លឹមសារក្នុងសៀវភៅនេះ មិនមានរៀបរាប់លម្អិត អំពីដំណើរជីវិតរបស់សម្តេច ហ៊ុន សែន ដូចសៀវភៅដទៃៗទៀតទេ។ ប៉ុន្តែ និយាយអំពីរាល់ការអភិវឌ្ឍ ដែលសម្តេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែង ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ជាពិសេស ដើម្បីសុខុមាលភាពប្រជាជនដោយគ្មានរើសអើង ជាតិសាសន៍ សាសនា ឬពណ៌សម្បុរ ឬនយោបាយចាប់តាំងពីក្រោយព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣និងការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
ឯកឧត្តម ពៅ សុខ ជឿថាសៀវភៅនេះ ទោះបីមិនល្អឥតខ្ចោះ ប៉ុន្តែ នឹងក្លាយជាពន្លឺ ជាឯកសារជំនួយស្មារតីខ្លះៗដល់អ្នកស្រាវជ្រាវ មិត្តអ្នកអាន ឬមនុស្សជំនាន់ក្រោយ ក្នុងការសិក្សាឈ្វេងយល់អំពីព្រឹត្តិការណ៍នានា ដែលកើតមានឡើងនៅក្នុងផ្ទៃប្រទេសចន្លោះពីឆ្នាំ១៩៧០ដល់ឆ្នាំ២០២៣។ ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមាននៅក្នុងសៀវភៅ«កម្ពុជា សម័យតេជោ»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។
វគ្គ២២ «ការបញ្ចប់យន្តការផ្តល់ដីសម្បទាន»
ក្រៅពីបញ្ជាឱ្យកាត់ឆ្វៀលដី ដែលមានជម្លោះជូនប្រជាជន និងដោយសារចាប់តាំងពីបានផ្តល់ដីសម្បទាន នៅអំឡុងដើមឆ្នាំ២០០០មក សម្តេចតេជោ ហ៊ុន សែន មើលឃើញថា បញ្ហានៅតែកើតមាន ដោយសារក្រុមមិនព្រមគោរពតាមគោលការណ៍ ដែលបានតម្រូវឱ្យអនុវត្តនោះ ជាបន្តបន្ទាប់សម្តេចបានព្រមានអំពីការដកហូតយកដីសម្បទានត្រលប់មកវិញ។ នៅចុងឆ្នាំខែមករា ឆ្នាំ២០១២ សម្តេច បានព្រមានដកហូតយកដីសម្បទានមកវិញ ចំពោះក្រុមហ៊ុន ដែលទទួលបានដីសម្បទានហើយ បែរជាទៅរំលោភបំពានលើដីធ្លី និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។ សម្តេចបញ្ជាក់ជាសាធារណៈថា ក្រុមហ៊ុន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋទាំងអស់ ត្រូវឈប់ជាបន្ទាន់នូវការបង្កផលប៉ះពាល់ផ្សេងៗដល់ប្រជាពលរដ្ឋនៅពេលអនុវត្តន៍គម្រោងវិនិយោគរបស់ខ្លួន។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧៦ ពីស្រុកស្នួល ខេត្តក្រចេះ ដល់ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ នៅក្រុងសែនមនោរម្យ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា តាមគោលការណ៍គ្រប់ការវិនិយោគដីសម្បទាន គឺធ្វើឡើងតាមរូបភាពស្បែកខ្លា។ មានន័យថា ក្រុមហ៊ុនត្រូវតែកាត់ចេញដីស្រែចម្ការ ដីលំនៅឋាន ដីទីសក្ការៈ និងដីបញ្ចុះសពរបស់ប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចជាដើម។ ប្រជាពលរដ្ឋមិនត្រឹមតែមានសិទ្ធិការពារចំណែកដីធ្លីស្រែចម្ការ ដីលំនៅឋានរបស់ពួកគាត់ទេ ប៉ុន្តែក្រុមហ៊ុន អាជ្ញាធរពាក់ព័ន្ធ ត្រូវកាត់ចេញដីត្រៀមបម្រុង១០% នៃចំនួនដីប្រជាពលរដ្ឋសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ទៅថ្ងៃអនាគតថែមទៀត « ដូច្នេះ ប្រសិនបើមិនឈប់ទេ គឺក្រុមហ៊ុនត្រូវទទួលខុសត្រូវ ហើយខ្ញុំថ្កោលទោសទង្វើបែបនេះ។ ក្រុមហ៊ុននានាស្ដាប់ឱ្យច្បាស់ កន្លែងណាពាក់ព័ន្ធប្រជាពលរដ្ឋ ត្រូវផ្អាកកន្លែងហ្នឹង។ ខ្ញុំចេះតែឆ្ងល់ ឆ្ងល់ត្រង់ថា ដីធ្វើសម្បទានឱ្យ៧.០០០ហិកតា ឯដីពាក់ព័ន្ធប្រជាជនមានត្រឹមតែ៥០០ហិកតា ម្តេចមិនទៅធ្វើអា៦.៥០០? ម្តេចទៅធ្វើចំតែកន្លែងទាស់គ្នា?»
នៅដើមខែឧសភា ឆ្នាំ២០១២ សម្តេចប្រុខរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសជាសាធារណៈ ឱ្យផ្អាកជាបន្ទាន់ និងគ្មានកាលកំណត់ នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុនឯកជននិងស្នើឱ្យពិនិត្យឡើងវិញនូវដីសម្បទាន ដែលមានស្រាប់ទាំងអស់។ យោងបទបញ្ជាលេខ០១ ប.ប ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ ស្តីពីវិធានការពង្រឹង និងបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច ត្រូវបានប្រកាសផ្អាកជាបណ្តោះអាសន្ន នូវការផ្តល់ដីសម្បទាន សេដ្ឋកិច្ចដល់ក្រុមហ៊ុននានា ហើយតម្រូវឱ្យអនុវត្តគោលនយោបាយរូបមន្តស្បែកខ្លា ដោយមិនធ្វើឱ្យប៉ះពាល់ដីសហគមន៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឡើយ។ បទបញ្ជា ដែលចុះហត្ថលេខា ដោយសម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានជំរុញឱ្យក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច ដែលពាក់ព័ន្ធ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។ បទបញ្ជា០១ប.ប ក៏បានព្រមានដកហូតមកវិញ ហើយរដ្ឋនឹងគ្រប់គ្រងផ្ទាល់ផងដែរ ចំពោះក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ដែលបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលរួចហើយ ប៉ុន្តែមិនអនុវត្តតាមនីតិវិធី ដែលមានចែងក្នុងកិច្ចសន្យាតាមរយៈកាប់ឈើលក់ ហើយមិនអភិវឌ្ឍថែមទាំងទន្រ្ទានដីបន្ថែម ឬទុកដីទំនេរចោលសម្រាប់លក់បន្ត ធ្វើអាជីវកម្មខុសលក្ខខណ្ឌ នៃកិច្ចសន្យា បំពានដីប្រជាជន ឬដីសហគមន៍ នឹងត្រូវដកហូតវិញ ហើយរដ្ឋនឹងគ្រប់គ្រងដោយផ្ទាល់។
នៅចុងខែសីហា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសជាថ្មីថា ការផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន អាចនឹងនៅតែបន្តមានប្រសិទ្ធភាពរយៈពេលវែង រហូតដល់សម្តេចចូលនិវត្តន៍ ឬឈប់កាន់អំណាច ។ យោងសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១២ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ក្រុមហ៊ុន ដែលទទួលបានសិទ្ធិគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច អាចនឹងរកដៃគូក្រុមហ៊ុនវិនិយោគបាន ប៉ុន្តែ មិនអនុញ្ញាតឱ្យមានការផ្ទេរសិទ្ធិគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ទៅក្រុមហ៊ុនផ្សេងទៀតបានឡើយ ហើយប្រសិនបើក្រុមហ៊ុនវិនិយោគណា រំលោភលើបទបញ្ជានេះ នឹងត្រូវដកហូតសិទិ្ធគ្រប់គ្រង និងបង្កកដីសម្បទានសេដ្ឋកិច្ច ហើយដកហូតទុកធ្វើជាដីសម្បទានសង្គមកិច្ច ចែកជូនប្រជាពលរដ្ឋ។ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលជាទូទៅធ្វើឡើងរាលព្រឹកថ្ងៃសុក្រ សម្តេចតេជោ បានសម្រេចឱ្យក្រុមហ៊ុនវិនិយោគ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ត្រូវបង់ពន្ធថ្លៃឈ្នួលដីចាប់ពីឆ្នាំទី៦ នៃការវិនិយោគ ដោយគ្មានការរើសអើង បែងចែកប្រភេទដី ដែលត្រូវធ្វើផលិតកម្ម ក្នុងវិស័យកសិកម្មឡើយ ហើយ ថ្លៃឈ្នួលដីនេះ នឹងត្រូវកើនឡើង១%ជារៀងរាល់ឆ្នាំ។ របាយការណ៍ក្រសួងកសិកម្ម បានឱ្យដឹងថា គិតត្រឹមចុងខែសីហា ២០២២ រដ្ឋបានទទួលចំណូលពីដីសម្បទានជាង២លានដុល្លារ ខណៈផ្ទៃដីសរុបមាន១,១៦លានហិកតា ក្នុងនោះមាន៧២ក្រុមហ៊ុន បានបង់ថ្លៃសម្បទានដីសេដ្ឋកិច្ចជូនរដ្ឋរួចរាល់។ ក្រសួងកសិកម្ម បានឱ្យដឹងទៀតថា បច្ចុប្បន្នគម្រោងសម្បទានដីសេដ្ឋកិច្ច ដែលវិនិយោគដាំដំណាំកសិឧស្សាហកម្មនៅកម្ពុជា គឺស្ថិតក្នុងខេត្តចំនួន១៩នៅទូទាំងប្រទេសរួម មានខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ ឧត្តរមានជ័យ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង ព្រះសីហនុ កំពត ស្វាយរៀង និងខេត្តតាកែវ។
មួយឆ្នាំក្រោយមក នៅចុងខែកញ្ញា ឆ្នាំ២០១៣ បន្ទាប់ពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ប្រមុខរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសថ្មីមួយទៀត ស្តីពីការបញ្ចប់ជាបណ្តោះអាសន្ន ការផ្តល់ដីសម្បទានសេដ្ឋកិច្ចយ៉ាងតិចចន្លោះពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨។ យោងតាមគោលការណ៍គ្រឹះ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ ចេញផ្សាយខែកញ្ញាឆ្នាំ២០១៣ បង្ហាញថា រាជរដ្ឋាភិបាលសម្រេចបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ហើយដីសម្បទានសេដ្ឋកិច្ច នឹងត្រូវធ្វើសន្និធិ(ការសន្សំសំចៃ ឬលៃលកបម្រុងទុក)។ ការគ្រប់គ្រងសម្បទាន នឹងត្រូវពង្រឹងឱ្យបានត្រឹមត្រូវតាមច្បាប់លិខិតបទដ្ឋាន និងកិច្ចសន្យាជាពិសេសតាមរយៈការបង្កើនយន្តការចុះពិនិត្យផ្ទៀងផ្ទាត់ជាប្រចាំ នូវសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនទទួលដីសម្បទាននានា ដែលបានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាល ដើម្បីធានាដល់កិច្ចដំណើរការ នៃសកម្មភាពវិនិយោគផង និងការទប់ស្កាត់ នូវភាពអសកម្មផ្សេងៗ ដែលអាចកើតមានទាក់ទងនឹងដីសម្បទានផង។ កម្មវិធីនយោបាយ បន្តថា រាជរដ្ឋាភិបាល នឹងរក្សាផ្ទៃដី ដែលគ្រប់ដណ្តប់ដោយព្រៃឈើ ដោយត្រូវបង្កើនការការពារធនធានព្រៃឈើ ពិសេសការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ ជំរុញការដាំដើមឈើឡើងវិញ និងបង្កើនសមត្ថភាពសហគមន៍ព្រៃឈើ នៅលើមូលដ្ឋាន ធានាចីរភាព និងប្រសិទ្ធភាពគ្រប់គ្រង។ រាជរដ្ឋាភិបាលនៅតែបន្តការចុះបញ្ជី និងផ្តល់កម្មសិទ្ធិដីធ្លី ទាំងដីរដ្ឋ ដីឯកជន និងដីសហគមន៍ ដើម្បីធានាសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដោយជំរុញល្បឿន នៃការចុះបញ្ជីដី សំដៅឈានទៅសម្រេចឱ្យបាន១០០% នូវការចុះបញ្ជីតាមផែនការ នៃបទបញ្ជាលេខ០១ ប.ប របស់រាជរដ្ឋាភិបាល ជិត២លានហិកតា ក្នុងក្របខ័ណ្ឌនៃការអនុវត្តនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី។ រាជរដ្ឋាភិបាល គ្រោងនឹងសម្រេចឱ្យបាន៧០%ដល់ឆ្នាំ២០១៨ លើបរិមាណក្បាលដី ដែលត្រូវចុះបញ្ជីសរុប៦ទៅ៧លានក្បាលដីនៅទូទាំងប្រទេស ៕