សម្ដេចក្រឡាហោម ស ខេង បន្តអញ្ជើញពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានបន្តអញ្ជើញពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ។
អញ្ជើញអមដំណើរសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី នាឱកាសនោះ រួមមានឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងម្ចាស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនគូប្លង់។
លោកឧកញ៉ា ទូច គីម អគ្គនាយកក្រុមហ៊ុនគីមិច ក្រុមហ៊ុន គីម ម៉ិច ខនស្ត្រាក់សិន អ៊ិនវេសមេន បានធ្វើសេចក្ដីរាយការណ៍ជូនសម្ដេចក្រឡាហោម ថាដំណើរការសាសងសង់អគារទីស្ដីការក្រសួងមហាផ្ទៃសម្រេចបានជាង៩៨ភាគរយ ហើយក្រុមហ៊ុនកំពុងឈានទៅបង្ហើយការសាងសង់ប្រកបដោយទំនួលខុសត្រូវខ្ពស់។
គួរសម្លឹកថាអគារទីស្ដីការក្រសួងមហាផ្ទៃ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម និងលោកជំទាវ។ អគារនេះ មានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តដែលអាចចតរថយន្តក្នុងអគារបានសរុបចំនួន ៣៣០គ្រឿង។
ប្លង់ស្ថាបត្យកម្មនៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ អនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ និងគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ និងខ្យល់ធម្មជាតិ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើប ៕