ឯកឧត្ដម សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីដំណើរការ នៃការត្រួតពិនិត្យ និងរៀបចំអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ជូនគណៈអធិបតី និងអង្គពិធីទាំងមូលថា យោងតាមមាត្រា៨ នៃច្បាប់ ស្ដីពីពន្ធនាគារក្រសួងមហាផ្ទៃ បានចែងថា មន្ដ្រីពន្ធនាគារត្រូវមានឯកសណ្ឋាន សញ្ញាសក្តិ គ្រឿងបំពាក់ ឧបករណ៍ និងសម្ភារ ឱ្យបានសមស្រប ទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃ ក៏បានចេញនូវសេចក្ដីប្រកាស ស្ដីពីការកំណត់រូបភាព របៀបប្រើប្រាស់ និងរបបផ្គត់ផ្គង់ ឯកសណ្ឋាន ស្លាកសញ្ញា សញ្ញាសក្តិ និងសម្ភារប្រើប្រាស់ផ្សេងៗ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ។
ឯកឧត្តម រដ្ឋលេខាធិការ បន្ដថា អនុក្រឹត្យ និងសេចក្ដីប្រកាសខាងលើនេះ បានអនុវត្តអស់រយៈពេលជាង ០៨ឆ្នាំមកហើយ។ ឯកឧត្តម បានរំលឹកថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក្នុងឱកាស សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ សម្ដេច ក៏បានផ្ដល់អនុសាសន៍ឱ្យពិនិត្យ និងសិក្សាអំពីឯកសណ្ឋាន ពណ៌ឯកសណ្ឋាន របស់មន្ដ្រីពន្ធនាគារ ដើម្បីកុំឱ្យច្រឡំពណ៌ឯកសណ្ឋាន មន្ដ្រីនគរបាលជាតិ។ ទើបអគ្គនាយកដ្ឋានពន្ធនាគារ បានបង្កើតក្រុមការងារមួយ ដើម្បីរៀបចំសេចក្ដីព្រាងកែសម្រួលអនុក្រឹត្យ ស្ដីពីពណ៌ឯកសណ្ឋាន ស្លាកសញ្ញា សញ្ញាសក្តិ និងប្រកាស ស្ដីពីការកំណត់រូបភាព របៀបប្រើប្រាស់ និងរបបផ្គត់ផ្គង់ ឯកសណ្ឋាន ស្លាកសញ្ញា សញ្ញាសក្តិ និងសម្ភារប្រើប្រាស់ផ្សេងៗ របស់មន្ដ្រីពន្ធនាគារក្រសួងមហាផ្ទៃ៕