ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ប្រគេនទៀនចំណាំព្រះវង្សា ដល់ព្រះសង្ឃគង់ចាំព្រះវង្សា វត្តលង្កាព្រះកុមារាម រាជធានីភ្នំពេញ
ភ្នំពេញ៖ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេស ប្រារព្ធពិធីប្រគេនទៀនវស្សាតាមបណ្តាវត្តនានានេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ សាស្រ្តាចារ្យ ឱសថបណ្ឌិត ខៀវ ទេពរង្សី កាញ្ញារីទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយក អគ្គនាយករង ទីប្រឹក្សា មន្រ្តីរាជការក្រសួងព័ត៌មាន បានអញ្ជើញប្រគេនទៀនចំណាំព្រះវង្សា ទយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវង្សានៅទីអារាមវត្ត លង្កាព្រះកុសុមារាម ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ដើម្បីត្រៀមបំរុង ចង្ហាន់ ទៀន ឬប្រេងវស្សា សម្រាប់ព្រះសង្ឃ ដូនជី ប្រតិបត្តិធម៌ និងសមាទានសីល៍ តាមទំនៀមទំលាប់ព្រះពុទ្ធសាសនា ។
ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យដល់ព្រះសង្ឃនាឱកាសនេះ ដើម្បីយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។
ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ។បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេន ព្រះសង្ឃ តាមលទ្ធភាព។ សម្រាប់វត្តអារាមនីមួយៗក្នុងរយៈពេល៣ ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតអោយនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើក លែងតែមាន ភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញ ក្នុង រយៈពេល ៧ ថ្ងៃ។ បុណ្យចូលព្រះវស្សាប្រារព្ធធ្វើឡើងជារៀង រាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។
ក្រៅពីប្រគេនទៀនវស្សា ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ ខៀវ ទេពរង្សុី កាញារីទ្ធ បានប្រគេនបច្ច័យចំនួន ៥០០ ដុល្លា ដល់ សម្ដេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម នារដូវចូលព្រះវស្សា, ប្រគេនបច្ច័យដល់ព្រះសង្ឃចំនួន ២០៨ អង្គ ក្នុង១អង្គ ៥ មុឺនរៀល គណៈកម្មការអាចារ្យវត្តលង្កា ២០ មុឺនរៀល តាជីយាយជី ៣០ មុឺនរៀល សិស្សលោកក្នុងវត្ត ៤០ ម៉ីនរៀល ។
ក្នុងឱកាសនៃពិធីបុណ្យនេះដែរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពុទ្ធបរិស័ អញ្ជើញចូលរួម បានចូលរួមជាបច្ច័យសរុបចំនួន ២០០ ដុល្លា និង ៦២ មុឺនរៀល៕