កាកបាទក្រហមកម្ពុជា ផ្ដល់ណោយមនុស្សធម៌ជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦៧គ្រួសារ រស់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ ក្នុងបេសកកម្មលើទឹកដីខេត្តកំពង់ឆ្នាំង ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦៧គ្រួសារ រស់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការគិតគូរពីជីវភាពរស់នៅ និងសុខភាពរបស់លោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់។
ជាមួយគ្នានេះ លោកជំទាវ បានគូសបញ្ជាក់ថា ៖ គ្រោះធម្មជាតិ បញ្ហាជំងឺកូវីដ-១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាជន។ តែទោះជាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំគោលនយោបាយគាំពារសង្គម ដើម្បីជួយការពារ និងទ្រទ្រង់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ចំណែកឯ កាកបាទក្រហមកម្ពុជា ក៏មានយុទ្ធសាស្ត្រចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ អគ្គលេខាធិការរងទី ១ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើជូនប្រជាពលរដ្ឋទាំងអស់ត្រូវគិតគូរ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិន និងអាហារមានជីវជាតិគ្រប់គ្រាន់ ជៀសវាងអាហារណាដែលមានរសជាតិប្រៃពេក ឬផ្អែមពេក ដែលបង្កជាជំងឺលើសសម្ពាធឈាម ជំងឺមហារីក ឬជំងឺផ្សេងៗ។
ទន្ទឹមនឹងនេះ ក្នុងរដូវវស្សានេះដែរ ក៏ត្រូវប្រុងប្រយ័ត្នពីគ្រោះធម្មជាតិទឹកជំនន់ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ក៏ដូចជាជំងឺដែលបង្កឡើងដោយសត្វមូស មានដូចជា ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ ឬជំងឺនានាដែលបង្កឡើងដោយកង្វះអនាម័យជាដើម។ លោកជំទាវ ក៏បានអំពាវនាវដល់ប្រជាជនដែលនៅវ័យក្មេងពេញកម្លាំង និងអាជ្ញាធរដែនដី សូមយកចិត្តទុកដាក់មើលថែទាំឪពុកម្តាយចាស់ៗនៅក្នុងភូមិឱ្យបានល្អ កុំបោះបង់ពួកគាត់ចោល ហើយជៀសវាងកុំឱ្យមានបញ្ហានេះកើតឡើង។
សូមបញ្ជាក់ថា អំណោយកាកបាទក្រហមកម្ពុជា ដែលទទួលបានពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ជូនគ្រួសារនីមួយៗនូវ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល៕