មេបញ្ជាការរងកងទ័ពជើងគោក អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កាំភ្លើងគាំទ្រ និងយុទ្ធវិធីថ្មើរជើងឆ្នាំ២០២៣
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមមេបញ្ជាការស្ដីទីកងទ័ពជើងគោក នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងគាំទ្រ និងយុទ្ធវិធីថ្មើរជើង ឆ្នាំ២០៣ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ។
វរសេនីយ៍ទោ សេង ម៉េងឡុង នាយការយាល័យហ្វឹកហ្វឺន កងពលធំអន្តរាគមន៍លេខ២ បានរាយការណ៍អំពី វគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងគាំទ្រ និងយុទ្ធវិធីថ្មើរជើងឆ្នាំ២០២៣ រួមមាន៖ សិក្ខាកាមសរុបចំនួន ៣៥០នាក់ , គណៈកម្មការ គ្រប់គ្រងវគ្គ១៩នាក់ , គ្រូយោធចារ្យ ៣៥នាក់ ។
ហ្វឹកហ្វឺនរយៈពេល ៩១ថ្ងៃ ស្មើនឹង ៦៣៧ម៉ោង សិក្សាខ្លឹមសារមេរៀនមាន ៖ បំប៉នជំនាញកាំភ្លើងគាំទ្រថ្មើរជើង ,យុទ្ធវិធីថ្មើរជើង , អប់រំចិត្តសាស្ត្រ , វិន័យ និងយោធារួម ។
ឧត្តមសេនីយ៍ឯក កែវ ធី បានមានប្រសាសន៍ ដល់សិក្ខាកាមវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងគាំទ្រ និងយុទ្ធវិធីថ្មើរជើងឆ្នាំ២០២៣ ដែលប្រារព្ធបើកវគ្គនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការ ទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ និងបម្រើឲ្យការងារប្រយុទ្ធស្របទៅតមលក្ខណះបច្ចេកទេស សំដៅលើកកម្ពស់ចំណេះដឹង និងចំណេះធ្វើឲ្យដើរទន្ទឹមគ្នា ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី ជាតិមាតុភូមិនៃយើង ។
នាឱកាសនេះឯកឧត្តម បានមានប្រសាសន៍ផ្ដាំផ្ញើមួយចំនួនដែលជាកត្តាចាំបាច់ដែលធ្វើឲ្យជោគជ័យនៃការបណ្តុះបណ្តាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ បានល្អ និងជោគជ័យ មានដូចជា (អ្នកចេះច្រើនបង្រៀន អ្នកចេះតិច ,អ្នកចេះតិចបង្រៀន អ្នកមិនចេះសោះ) ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង , គណៈគ្រប់គ្រងវគ្គ ត្រូវមានគោលការណ៍ និងចក្ខុវិស័យច្បាស់លាស់ រីឯគ្រូយោធាចារ្យត្រូវមាន និងរៀបចំឯកសារមេរៀនគ្រប់គ្រាន់ និងល្អៗ និងអនុវត្តន៍នូវវិន័យម៉ឺងម៉ាត់ទាំងនៅក្នុងថ្នាក់ ក៏ដូចជានៅទីលាន ។
តំណាងសិក្ខាកាមទាំងអស់បានប្ដេជ្ញាចិត្តខិតខំរៀនសូត្រ មានវិន័យខ្ពស់ គោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រអោយបានទៀងទាត់ ពេលបញ្ចប់វគ្គទទួលបានលទ្ធិផលល្អគ្រប់ៗគ្នា៕