វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មាន ៥ចំណុចសំខាន់ ក្នុងការជួយសេដ្ឋកិច្ចខេត្ត
ភ្នំពេញ៖ រដ្ឋបាលខេត្តពោធិ៍សាត់បញ្ជាក់ថា នៅពេលវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ដំណើរការ នឹងផ្តល់អត្ថប្រយោជន៍ចំនួន៥ចំណុចសំខាន់គឺផ្ដល់នូវថាមពលអគ្គិសនី ជាអាងស្តុកទឹកសម្រាប់ស្រោចស្រពលើវិស័យកសិកម្ម ជាកន្លែងទេសចរណ៍ ពិសេសទប់ទឹកមិនឱ្យលិចខេត្តពោធិ៍សាត់។
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានប្រាប់ឱ្យដឹងថា វារីអគ្គិសនីស្ទឹងពោធិ៍សាត់១និងរួមចំណែកយ៉ាង ច្រើនក្នុងការអភិវឌ្ឍន៍ខេត្តឱ្យកាន់តែរីកចម្រើនពិសេសនឹងផ្ដល់ទឹកគ្រប់ គ្រាន់សម្រាប់វិស័យកសិកម្មនៅក្នុងខេត្តពោធិ៍សាត់ ។
ឯកឧត្តមបន្តថា វារីអគ្គិសនីស្ទឹងពោធិ៍សាត់១មានចំណុចពិសេស ច្រើនយ៉ាងក្នុងការជួយទៅដល់សេដ្ឋកិច្ចខេត្តទាំងមូល ធ្វើឱ្យខេត្តមួយនេះក្លាយទៅជាខេត្តមានប្រភពទឹកគ្រប់គ្រាន់ប្រើប្រាស់ទប់ទឹកជំនន់មិនឱ្យជនលិចខេត្ត មានអគ្គិសនីប្រើប្រាស់ឯករាជ្យមិនពិបាកទិញពីប្រទេសជិតខាងជាដើម។ល។
ឯកឧត្ដមបញ្ជាក់ថា “វារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយមាន ៥ចំណុចសំខាន់ដែលសម្ដេចមកសម្ពោធកាលពីខែកុម្ភៈ គឺទី១ ថាមពលអគ្គិសនីទី ២ អាទឹកហ្នឹងគឺយកមកធ្វើវិស័យកសិកម្ម។ ចំណេញទាំងអស់ទី៣គឺទេសចរណ៍ទី៤គឺកសិទេសចរណ៍ទី៥គឺជួយទប់ ទឹកខាងលើមិនឱ្យជនលិចខេត្ត ពោធិ៍សាត់ដូចរាល់ដងវាជួយគ្រប់ បែបយ៉ាងទាំងអស់”។
ឯកឧត្តមបានបញ្ជាក់ថា វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ដែលមានអនុភាព ៨០មេហ្គាវ៉ាត់ (MW) ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង គ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦ខាងមុខហើយ វារីអគ្គិ សនីស្ទឹងពោធិ៍សាត់១ គឺជាគម្រោងវារីអគ្គិសនីទី២របស់ខេត្តពោធិ៍សាត់ បន្ទាប់ពីគម្រោងវារីអគ្គសនីទី១ គឺវារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអនុភាព ១២០មេហ្គាវ៉ាត់(MW) កំពុងដំណើរការប្រើ ប្រាស់ក្នុងខេត្តពោធិ៍សាត់ហើយចំណាយថវិកាតិចជាងការទិញថាមពលពីក្រៅប្រទេស ៕ប្រភព៖ ក្រសួងព័ត៌មាន