សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីជួសជុលដំបូលហោ និងរៀបចំកែរលម្អរបរិស្ថានសំណង់ឡើងវិញនៅទីសក្ការៈ ព្រះអង្គចេក ព្រះអង្គចម ខេត្តសៀមរាប
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃសុក្រ ៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីជួសជុលដំបូលហោ និងរៀបចំកែរលម្អរបរិស្ថានសំណង់ឡើងវិញនៅទីសក្ការៈ ព្រះអង្គចេក ព្រះអង្គចម ខេត្តសៀមរាប។
យោងតាមការតំណាលតៗគ្នាថា ព្រះអង្គចេក ព្រះអង្គចមជាទេពធីតាដែលជាអតីតព្រះរាជបុត្រី របស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្ថាបនិកសាង ប្រាសាទអង្គរវត្ត។
មូលហេតុដែលនាំឱ្យប្រជាពលរដ្ឋមានជំនឿ ចាប់អារម្មណ៍ និងគោរពបូជា ចំពោះព្រះនាងចេក ព្រះអង្គចម គឺដោយសារតែភាពសុច្ចរឹតទៀងត្រង់ទន់ភ្លន់ និងប្រកបដោយក្ដីមេត្តា ករុណាយ៉ាងខ្ពង់ខ្ពស់ ដែលព្រះអង្គទាំងពីរតែងតែអាណិតអាសូរធ្វើបុណ្យដាក់ទាន ដល់អស់ ប្រជានុរាស្រ្តដែលត្រូវការព្រះនាងទាំងពីរជួយ ពិសេសទៅទៀតព្រះនាងទាំងពីរបានអប់រំ អ្នកទោស ទាំងឡាយឱ្យដើរតាមគន្លងទូន្មានរបស់ព្រះពុទ្ធសាសនា និងបានដោះលែង ពួកគេឱ្យមានសេរីភាពថែមទៀត។
ព្រះនាងទាំងពីរគឺជាអ្នកដែលគោរព ប្រតិបត្តិព្រះពុទ្ធសាសនា យ៉ាងខ្ជាប់ខ្ជួនដែលប្រជារាស្រ្តទូទាំងនគរបានដឹងអំពីចរិកលក្ខណៈដ៏ប្រពៃរបស់ ព្រះនាងទាំងពីរ ម្លោះហើយពីមួយជំនាន់ ទៅមួយជំនាន់រហូតដល់រជ្ជកាល ព្រះបាទអង្គចន្ទរាជា ឡើងគ្រងរាជ្យសម្បត្តិនាសតវត្សរ៍ទី១៦ ព្រះអង្គបានអនុញ្ញាតឱ្យគេសាង រូបព្រះនាងចេក ចមសម្រាប់ប្រជារាស្ត្រ ទូទៅគោរពបូជា។ លុះក្រោយមករូបទាំងពីរនេះ បានធ្វើឱ្យប្រជារាស្រ្តរស់នៅប្រកបដោយសេចក្ដីសុខចម្រើនទើបប្រជារាស្រ្ត បានចាត់ទុករូបទាំងជា ព្រះពុទ្ធរូបដ៏ស័ក្ដិសិទ្ធិ និងមានកិត្តិនាមល្បីរន្ទឺទូទាំងប្រទេស មិនត្រឹមតែប៉ុណ្ណោះ រូបទាំងពីរបានក្លាយជាភាពទាក់ទាញសម្រាប់បុគ្គលមានអំណាច និងឈ្មួញទុច្ចរិត ដោយពួកគេចាប់ផ្ដើម រៀបផែនការលួចសម្រាប់ទុកធ្វើជាកម្មសិទ្ធិនិងការលក់ដូរ។ ហេតុនេះហើយបានជារូបព្រះ អង្គចេកព្រះអង្គចមបាន បាត់មួយរយៈក្នុងអំឡុងពេល នៃតំបន់អង្គរត្រូវបានគេ បោះបង់ចោល។ ទោះយ៉ាងណាក៏ដោយ រូបសំណាក ទាំងពីរនេះ ត្រូវបានរកឃើញឡើងវិញក្នុងឆ្នាំ១៩៥០ នៅក្នុងព្រៃម្ដុំក្រុងអង្គរធំ ដោយក្រុមមន្ត្រីអភិរក្សអង្គរ ខេត្តសៀមរាប ដែលគេជឿថារូបព្រះអង្គចេក ព្រះអង្គចមកាលពីដើមត្រូវបានតម្កល់ទុកនៅក្នុងប្រាសាទអង្គរវត្ត។
លុះមកដល់សម័យខ្មែរក្រហមគ្រប់គ្រងនៅឆ្នាំ១៩៧៥-១៩៧៩ រូបសំណាកព្រះអង្គចេក ព្រះអង្គចមក៏ត្រូវក្រុមទាហានខ្មែរក្រហម យកទៅទម្លាក់ចោល ក្នុងស្ទឹងសៀមរាប ស្រុតកប់បាត់ទៅក្នុងភក់បាតស្ទឹង រហូតដល់ខេត្តសៀមរាបត្រូវបានរំដោះនៅឆ្នាំ១៩៧៩។ គេជឿថាក្រុមទាហានខ្មែរក្រហម ដែលនាំគ្នាដឹកយក រូបសំណាកទាំងពីរនេះ ទៅចោលក្នុងស្ទឹង សៀមរាប បានស្លាប់ដោយសារ បារមីរបស់ព្រះអង្គចេក ព្រះអង្គចមនៅក្រោយពេលមិនយូរប៉ុន្មាន បន្ទាប់ពីយកព្រះពុទ្ធរូប ទាំងពីរនេះមកទម្លាក់ចោលក្នុងទឹកស្ទឹង។
ក្រោយមកនៅឆ្នាំ១៩៨២ ព្រះចៅអធិការវត្ដ ដំណាក់រួមជាមួយ នឹងការចូលរួមពីលោកអភិបាល ខេត្តសៀមរាប គឺលោក នៅ សម បាននាំគ្នាកសាង អាស្រមតូចមួយនៅក្បែរ ព្រះរាជដំណាក់ស្ដេច ក្នុងបរិវេណសួនឯករាជ្យ ឬ សួនដំណាក់ស្ដេច ហើយប្រារព្ធពិធី ដង្ហែព្រះពុទ្ធរូបទាំងពីរអង្គ ពីវត្តដំណាក់មកតម្កល់ទុកនៅទីនោះ។
សព្វថ្ងៃនេះ ក្លាយជាកន្លែងអាចឱ្យពុទ្ធបរិស័ទ្ធ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសសម្រាប់គោរពបូជានិង បួងសួង សុំសេចក្ដីសុខសប្បាយ តាមសេចក្ដីប្រាថ្នា របស់ពួកគេម្នាក់ៗតាមការបន់ស្រន់រៀងៗខ្លួន។
បន្ទាប់មកទៀត សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអញ្ជើញទស្សនាប្រាសាទមួយចំនួនក្នុងខេត្តសៀមរាបផងដែរ ៕