សៀវភៅ កម្ពុជាសម័យតេជោ វគ្គ២៧« ការយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជន »
សៀវភៅ«កម្ពុជា សម័យតេជោ»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើងដើម្បីបង្ហាញទៅដល់មនុស្សជំនាន់ក្រោយៗទៀតឱ្យបានជ្រាបថា ក្នុងសម័យកាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាមានការរីកចម្រើន និងមានសមិទ្ធផលជាច្រើនរាប់មិនអស់ ដែលត្រូវចាប់អារម្មណ៍កោតសរសើរ និងកត់ត្រាទុក។ ដូច្នេះ ខ្លឹមសារក្នុងសៀវភៅនេះ មិនមានរៀបរាប់លម្អិត អំពីដំណើរជីវិតរបស់សម្តេច ហ៊ុន សែន ដូចសៀវភៅដទៃៗទៀតទេ។
ប៉ុន្តែ និយាយអំពីរាល់ការអភិវឌ្ឍ ដែលសម្តេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែង ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ជាពិសេស ដើម្បីសុខុមាលភាពប្រជាជនដោយគ្មានរើសអើង ជាតិសាសន៍ សាសនា ឬពណ៌សម្បុរ ឬនយោបាយចាប់តាំងពីក្រោយព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣និងការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ឯកឧត្តម ពៅ សុខ ជឿថា សៀវភៅនេះ ទោះបីមិនល្អឥតខ្ចោះ ប៉ុន្តែ នឹងក្លាយជាពន្លឺ ជាឯកសារជំនួយស្មារតីខ្លះៗដល់អ្នកស្រាវជ្រាវ មិត្តអ្នកអាន ឬមនុស្សជំនាន់ក្រោយ ក្នុងការសិក្សាឈ្វេងយល់អំពីព្រឹត្តិការណ៍នានា ដែលកើតមានឡើងនៅក្នុងផ្ទៃប្រទេសចន្លោះពីឆ្នាំ១៩៧០ដល់ឆ្នាំ២០២៣។
ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមាននៅក្នុងសៀវភៅ«កម្ពុជា សម័យតេជោ»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។
វគ្គ២៧« ការយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជន »
សមាគមអតីតយុទ្ធជន ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ ក្នុងគោលដៅលើកទឹកចិត្ត លើកកម្ពស់ជីវភាពគ្រួសារ និងការរស់នៅរបស់អតីតយុទ្ធជននៅកម្ពុជា ដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធាន។ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី៣២ និងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ាន លើកទី១៩ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានសន្តិភាព ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនមកពីបណ្តាប្រទេសសមាជិកអាស៊ានជាច្រើនរូប សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា អតីតយុទ្ធជនដោយសារសង្គ្រាមនៅកម្ពុជា បានឆ្លងកាត់នូវទុក្ខសោក និងមហាវិនាសកម្មដោយសារ សង្គ្រាមជាបន្តបន្ទាប់ និងជាច្រើនជំនាន់ ចាប់ពីសង្គ្រាមឆ្នាំ១៩៧០ ដល់១៩៧៥ និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់១៩៧៩ ព្រមទាំងបន្តឆ្លងកាត់បញ្ហាប្រឈមជាច្រើន ដែលកម្ពុជាត្រូវដោះស្រាយទាំងផ្នែកសេដ្ឋកិច្ចសង្គម នយោបាយ និងការទូត ជាពិសេសការតស៊ូជាមួយនឹងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាបន្តបន្ទាប់នៅក្នុងប្រទេស។
សម្តេចបន្តទៀតថា បន្ទាប់ពីកម្ពុជា ទទួលបានសុខសន្តិភាពនៅ ចុងឆ្នាំ១៩៩៨ តាមរយៈការដាក់ចេញ នូវនយោបាយឈ្នះ-ឈ្នះ» កម្ពុជាទទួលបាន នូវការឯកភាពទឹកដីទាំងស្រុង គ្រប់កងកម្លាំងប្រដាប់ឤវុធ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៃអតីតយុទ្ធជនដោយសារស្រង្គាម បានធ្វើសមាហរណកម្មក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាតែមួយ ។ សម្តេចបញ្ជាក់ថា ជាបន្តបន្ទាប់ កម្ពុជាបានផ្តោតការយកចិត្តទុកដាក់ និងដោះស្រាយលើបញ្ហាជាឤទិភាពសំខាន់ៗរបស់ជាតិ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ រួមទាំងការអនុវត្តគោលនយោបាយជាតិស្តីពីអតីតយុទ្ធជន តាមរយៈការខិតខំប្រឹងប្រែងបង្កើនសកម្មភាពនានា លើវិស័យអតីតយុទ្ធជន សំដៅធានាដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូន អតីតយុទ្ធជន ជាមួយក្រុមគ្រួសារ រួមមាន ការផ្តល់សេវាថែទាំអតីតយុទ្ធជន ការគាំពារសុខភាពនិងការឧបត្ថម្ភសម្ភារចាំបាច់ទាំងឡាយ ការជួយបណ្តុះបណ្តាលវិជ្ជាជីវៈ ការដោះស្រាយការងារ មុខរបរ ការផ្តល់សម្បទានដីសង្គមកិច្ច ការជួយសាងសង់លំនៅឋាន ដើម្បីឱ្យពួកគាត់មានធនធានដីធ្លី មានលំនៅឋាន និងឤចប្រកបមុខរបរ ផ្សេងៗសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ។ ឆ្នាំ២០២២ក្នុងសារលិខិតគម្រប់ខួបលើកទី១៥ នៃទិវាអតីតយុទ្ធជនកម្ពុជា ចុះថ្ងៃទី២១ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវ និងផ្តល់អនុសាសន៍ចំនួន៧ចំណុច ឱ្យអ្នកពាក់ព័ន្ធអនុវត្តន៍៖
១. បងប្អូនអតីតយុទ្ធជនកម្ពុជា បន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្ដីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ពិតជាចងចាំជានិច្ច នូវការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទីស្នេហានៃយើង។
២.គ្រប់ក្រសួង ស្ថាប័ន អង្គភាព និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារី ជាពិសេសយុទ្ធជន យុទ្ធនារី ក្នុងអង្គភាពកងកម្លាំងប្រដាប់អាវុធ សម្ព័ន្ធមេត្រីភាព យុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌលយោធិនពិការ ដើម្បីលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជន យុទ្ធនារី។
៣. ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ និងឯកជន ឱ្យជួយផ្សព្វផ្សាយសារាចរ និងសារលិខិតរបស់រាជរដ្ឋាភិបាលក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ក៏ដូចជាសមិទ្ធផលនានាពាក់ព័ន្ធនឹងវិស័យអតីតយុទ្ធជនឱ្យសាធារណជនជាតិនិងអន្តរជាតិបានយល់ដឹង និងជ្រួតជ្រាបកាន់តែទូលំទូលាយបន្ថែមទៀត។
៤. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តអនុវត្តឱ្យបានល្អ និងមានប្រសិទ្ធភាពនូវការផ្តល់សេវារបបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន តាមរយៈបេឡាជាតិអតីតយុទ្ធជន នៅទូទាំងប្រទេស។ ម៉្យាងវិញទៀត ក្រសួងត្រូវខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារដូចដែលបានបញ្ចូល ក្នុងផែនការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល។
៥. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្តគោលនយោបាយ ស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
៦. ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួមក្នុងការជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន ជាពិសេសត្រូវយកចិត្តទុកដាក់ ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជនដែលកំពុងជួបប្រទះការលំបាក។
៧. សមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ថ្នាក់
ត្រូវបន្តពង្រឹងពង្រីកសកម្មភាពរបស់សមាគម តាមស្មារតីនៃសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២។ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបន្តធ្វើជាស្នូលក្នុងការលើកកម្ពស់តួនាទីអតីតយុទ្ធជននៅក្នុងសង្គម និងលើកទឹកចិត្ត ឱ្យបងប្អូនអតីតយុទ្ធជនប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំងចូលរួមឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំង៣ពូកែ ដើម្បីជាប្រយោជន៍ដល់បងប្អូន និងប្រទេសជាតិ ។ នៅដើមខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធពិធីអបអរសាទរខួបលើកទី១១ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញការងារសាងសង់លំនៅឋានសម្រាប់អតីតយុទ្ធជន គឺជារឿងអាទិភាពបំផុត។ សម្តេច មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេចដកថវិកា១លានដុល្លារអាមេរិកពីការសាងសង់បន្ទាយយោធាលេខ១២៨ មកបំពេញលើការងារទ្រទ្រង់សកម្មភាព សមាគមអតីតយុទ្ធជនកម្ពុជា និងដោះស្រាយបញ្ហារបស់អតីតយុទ្ធជន។
សម្តេចប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា ក្នុងនាមជាប្រធានសមាគម អតីតយុទ្ធជន និងក្នុងនាមរាជរដ្ឋាភិបាល សម្តេចចាត់ទុកថា នេះគឺជាការចាប់ផ្តើមយុទ្ធនាការបន្ត ដើម្បីដោះស្រាយបញ្ហាលំបាករបស់យុទ្ធជន ដូច្នេះ១លានដុល្លារ ស្នើនឹង៤០០០លានរៀល និងបន្ថែមជាង២០០០លានរៀលទៀត ដើម្បីសមាគម យកទៅធ្វើសកម្មភាពភ្លាមៗ។ សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រសិនបើ ការទ្រទ្រង់សកម្មភាព សមាគមអតីតយុទ្ធជនកម្ពុជា និងដោះស្រាយបញ្ហារបស់អតីតយុទ្ធជន ត្រូវចំណាយអស់ទឹកប្រាក់ក្នុងចំនួនណានោះ ក្រុមការងារដែលចុះតាមខេត្ត មានថ្នាក់ខេត្ត និងថ្នាក់កណ្តាល ត្រូវរួមគ្នាគិតគូរបន្ថែម ដើម្បីដោះស្រាយឱ្យបានឆាប់រហ័ស ។
សម្តេចតេជោ បានរម្លឹកថា កន្លងមក រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ជានិវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការតាមរយៈ៖
១. ការផ្តល់ប្រាក់វិភាជន៍គ្រួសារប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូនប្រចាំខែដូចប្រាក់វិភាជន៍គ្រួសារប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់ឤវុធត្រូវបានអនុវត្តចាប់ពីថ្ងៃទី០១ ខែមករាឆ្នាំ២០១៧ មក។
២.ការផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចំនួន ៥ម៉ឺនរៀល។
៣.ការកែប្រែដំឡើងរបបសនិសុខសង្គមប្រចាំខែជូនដល់អតីតយុទ្ធជនជាបន្តបន្ទាប់ ជាក់ស្តែងប្រាក់របបសនិសុខសង្គមប្រចាំខែទាបបំផុតត្រូវបានដំឡើងពី៤២ ម៉ឺនរៀលក្នុងឆ្នាំ២០១៧ ដល់៤៨ម៉ឺនរៀល ចាប់ពីខែមេសា ឆ្នាំ ២០១៨។
៤. ការដាក់ឱ្យដំណើរការប្រើប្រាស់សេវាកាតអេធីអឹម តាមប្រព័ន្ធធនាគារទូទាំង២៥ រាជធានី ខេត្ត ចាប់ពីឆ្នាំ២០១៧មក ដើម្បីបង្កើនភាពងាយស្រួលដល់ការបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែ។
ការផ្តល់សេវាថែទាំសុខភាពសម្រាប់អតីតយុទ្ធជនក្នុងការពិនិត្យ និងព្យាបាលជំងឺដោយមិនបង់ប្រាក់នៅតាមមន្ទីរពេទ្យសាធារណៈ និងមនីរពេទ្យឯកជនដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសនិសុខសង្គមចាប់តាំងពីខែមករា ឆ្នាំ២០១៨ មក។
៦.ការដាក់ចេញ និងអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ចដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដោយបានកសាងភូមិអភិវឌ្ឍយោធិនពិការ ៣១៧ នៅតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត មណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ គូលែនខេត្តសៀមរាប និងមណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ ភ្នំឆ័ត្រនៅខេត្តបន្ទាយមានជ័យ។
សម្តេចតេជោ ហ៊ុន សែន ឱ្យដឹងថា បចុប្បន្នមានអតីតយុទ្ធជនសរុប៨៦.៩០៥នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន១២៩.៧១៦នាក់ កំពុងទទួលប្រាក់របបគោលនយោបាយពីរដ្ឋ ដែលប្រាក់របបនេះត្រូវបានកែសម្រួលជាបន្តបន្ទាប់ស្របតាមកំណើនសេដ្ឋកិច្ចជាតិ និងការដំឡើងប្រាក់បៀវត្សរ៍មន្រីរាជការ និងកងកម្លាំងប្រដាប់ឤវុធ។
សម្តេចតេជោបញ្ជាក់ថា ក្រុមគ្រួសាររបស់អតីតយុទ្ធជន ដែលបានពលី ឬមរណភាព មានការលំបាក និងបញ្ហាប្រឈមហិរញ្ញវត្ថុ ដោយសារពួកគាត់បាត់បង់ចំណូលទាំងស្រុងនៅពេលអតីតយុទ្ធជន ដែលជាជនបង្គោលគ្រួសារទទួលមរណភាព។ ដូច្នេះ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់គ្រួសារអតីតយុទ្ធជន ដែលបានពលីដើម្បីបុព្វហេតុជាតិនោះ សម្តេចបានណែនាំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវតុ ពិនិត្យលទ្ធភាពដោះស្រាយបញ្ហាលំបាកនេះ ហើយជាលទ្ធផល សម្តេចសម្រេចផ្តល់ជូនអត្ថប្រយោជន៍បន្ថែមចំនួន២ប្រភេទគឺ៖ ១. រាជរដ្ឋាភិបាលនឹងចូលរួមជួយបង់៥០% ស្មើនឹង៣.៥០០រៀលលើការបង់វិភាគទាន៧.០០០រៀលក្នុង១ខែ ដល់សមាគមអតីតយុទ្ធជន ជំនួសគ្រួសារអតីតយុទ្ធជនពលី ឬមរណៈ ចំនួន២៣.៣២២នាក់ កំពុងបង់ជាប្រចាំ។ ការបង់វិភាគទាននេះ គឺដើម្បីទទួលបានអត្ថប្រយោជន៍នានាពីសមាគម រួមមានការទទួលបានថវិកាចំនួន៤លានរៀលសម្រាប់រៀបចំបុណ្យសព និងសេវាគាំទ្រ។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏ចំណាយថវិកាចំនួនប្រមាណ៩៨០លានរៀល ក្នុង១ឆ្នាំបន្ថែមទៀត ដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់គ្រួសារជនពលី និងមរណៈនេះ។២.រាជរដ្ឋាភិបាលសម្រេចចំណាយថវិកាប្រមាណ ១.៦០០លានរៀល ក្នុង១ឆ្នាំបន្ថែមទៀត ដើម្បីផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ ជូនគ្រួសារជនពលី និងមរណៈទាំងអស់ ទាំងក្រុមគ្រួសារដែលជាសមាជិក និងមិនមែនសមាជិករបស់សមាគមអតីតយុទ្ធជនប្រមាណ៥៦.៧០០នាក់ តាមរយៈមូលនិធិសមធម៌។ អនុវត្តន៍តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សមាគមអតីតយុទ្ធជន ដោយមានការយាងចូលរួមពីសំណាក់ហ្លួងម៉ែ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាប់អនុវត្តន៍ការងារ ដោយបានប្រគល់ដី និងផ្ទះជូនដល់អតីតយុទ្ធ ដែលជាសមាជិក និងមិនមែនជាសមាជិកជាបន្តបន្ទាប់។ ក្នុងនោះនៅចុងខែធ្នូឆ្នាំ២០១៨ លោកគន់ គីម អនុប្រធានសមាគមបានចុះប្រគល់ផ្ទះចំនួន២០ខ្នង ជាអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន ជូនដល់អតីតយុទ្ធជននៅខេត្តកំពត។
នៅដើមខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យពីដំណើរការ នៃការសាងសង់លំនៅឋានប្រមាណ៤០០ខ្នងផ្ទះ លើដីសម្បទានសង្គមកិច្ចក្នុងតំបន់អភិវឌ្ឍន៍អតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ដែលជាអំណោយរបស់សម្តេចតេជោហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត រួមទាំងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ជូនបងប្អូនអតីតយុទ្ធជន ។ ក្នុងចំណោមផ្ទះទាំង៤០០ខ្នង ត្រូវប្រគល់ជូនបងប្អូនអតីតយុទ្ធជន ចំនួន៨០ខ្នងនៅជំហានដំបូង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។ នៅចុងខែមិថុនា ឆ្នាំ២០១៩ លោក គន់ គីម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ផ្ទះ៥០ខ្នង ដល់អតីតយុទ្ធជន នៅក្នុងភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុក ចុងកាល់ ខេត្តឧត្តរមានជ័យ ។
តាមរបាយការណ៍សរុបរបស់ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា ឱ្យដឹងថា គិតត្រឹមខែមករា ដល់ខែ វិច្ឆិកា ឆ្នាំ២០១៩ ទំហំដីសម្បទានសង្គមកិច្ចជាង៤,៦ពាន់ហិកតា និងផ្ទះជាង១,៦ពាន់ខ្នង ត្រូវបានរាជរដ្ឋាភិបាល ចែកជូនដល់គ្រួសារអតីតយុទ្ធជន៣,៥ពាន់គ្រួសារ ក្នុងខេត្តគោលដៅ១២ រួមមាន កំពង់ស្ពឺ ក្រចេះ បាត់ដំបង កំពត កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប ព្រះសីហនុ ស្ទឹងត្រែង រតនគិរី កោះកុង និង ស្វាយរៀង ។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានបានប្រគល់ដីសម្បទានសង្គមកិច្ចជាង១សែន១ពាន់ហិកតា ដល់ប្រជាពលរដ្ឋក្រីក្រស៊ីវិលជាង៥ម៉ឺន៨ពាន់គ្រួសារ និង រដ្ឋនៅបានធ្វើប្រទានកម្ម ដីគ្រប់ប្រភេទជាង១លាន,២សែនហិកតាទៀត ជូនដល់ប្រជាពលរដ្ឋប្រមាណ៤សែនគ្រួសារ។ ចំណែក ដីសម្បទានសង្គមកិច្ចក្នុងគម្រោងអភិវឌ្ឍន៍ តាមបណ្តោយព្រំដែន ដែលមានទំហំដី១.២ម៉ឺនហិកតា ត្រូវរដ្ឋផ្តល់ឱ្យប្រជាពលរដ្ឋជាង១ម៉ឺន៤ពាន់គ្រួសារ និងសាងសង់ផ្ទះបានជាង៥ពាន់៥រយខ្នង នៅខេត្តមួយចំនួនរួមមាន ព្រះវិហារ ឧត្តរមានជ័យ ស្វាយរៀង និងស្ទឹងត្រែង។ រាជរដ្ឋាភិបាលក៏បានផ្តល់ដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II)ក្នុងទំហំផ្ទៃដីជាង១.៦ម៉ឺនហិកតា ជូនប្រជាពលរដ្ឋជាង៥ពាន់គ្រួសារ។នៅដើមខែមករា ឆ្នាំ២០២០ ផ្ទះចំនួន១០៣ខ្នង បានប្រគល់ជូនទៅអតីតយុទ្ធជន និងបានដាក់ឱ្យប្រើប្រាស់ផ្លូវលំ១ខ្សែ ប្រវែង៤៥០០ម៉ែត្រ រួមទាំងបានបញ្ចុះបឋមសិលាសាងសង់អគារសិក្សាចំនួន១ខ្នង៦បន្ទប់ នៅដីសម្បទានសង្គមកិច្ចការ៉េ២នៅខេត្តបន្ទាយមានជ័យ ។
នៅពាក់កណ្តាលខែសីហា ឆ្នាំ២០២១ ផ្ទះជំហានទី២ចំនួន២៥០ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ហ្លួងម៉ែ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនជូនអតីតយុទ្ធជនកម្ពុជា ចំនួន២៥០គ្រួសារ រស់នៅភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរង កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តាំផ្ញើសួរសុខទុក្ខចំពោះអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការការពារបូរណភាពទឹកដី និងពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។ លោកស្រី បានបន្ថែមថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាភរិយាមានគុណធម៌គួរឱ្យគោរពរបស់សម្តេចតេជោ ហ៊ុន សែន និងជាអតីតអ្នក ដែលបានចូលរួមតស៊ូរំដោះជាតិក្រោមការដឹកនាំរបស់សម្តេចព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នាពេលកន្លងមក សម្តេចយល់យ៉ាងច្បាស់ នូវទុក្ខលំបាកទាំងឡាយរបស់គ្រួសារ ធ្វើឱ្យសម្តេចចងចាំជានិច្ច និងតបស្នងត្រលប់ទៅវិញ ក្នុងនាមស្ថាប័នមនុស្សធម៌ តាមរយៈការសាងសង់ផ្ទះ និងផ្តល់អំណោយជាស្បៀង សម្ភារ ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពជូនដល់បងប្អូនអតីតយុទ្ធជនគ្រប់កាលៈទេសៈ។
លោកស្រី ម៉ែន នារីសោភ័គ ក៏បាននាំយកថវិកា សប្បុរសជន ជូនកាកបាទក្រហមកម្ពុជា សម្រាប់ការសាងសង់ផ្ទះចំនួន៦២៨ខ្នងទៀត ជូនអតីតយុទ្ធជនចំនួន៦២៨គ្រួសារ ដែលរស់នៅក្នុងភូមិដែលអភិវឌ្ឍថ្មីនេះ ដោយជឿជាក់ថា អតីតយុទ្ធជនទាំងអស់ នឹងចាប់ផ្តើមកសាងជីវិតថ្មីនៅលើទឹកដីថ្មី ប្រកបដោយក្តីសង្ឃឹម មានសុភមង្គល និងមានជីវភាពរីកចម្រើនរុងរឿង។ នៅចុងខែឧសភា ឆ្នាំ២០២១ ផ្ទះចំនួន១៤០ខ្នង ទំហំ៥ម៉ែត្រមគុណ៧ម៉ែត្រ និងដីសម្រាប់បង្កបង្កើនផលចំនួនមួយគ្រួសារកន្លះហិកតា ត្រូវបានរាជរដ្ឋាភិបាល តាមរយៈសមាគមអតីតយុទ្ធជន ប្រគល់ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ ចំនួន១៤០គ្រួសារ ។ នៅចុងខែកក្កដា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានចុះជួបសំណេះសំណាល និងប្រគល់ផ្ទះចំនួន១២៥ខ្នងជូនអតីតយុទ្ធជននៅតំបន់ដីសម្បទានសង្គមកិច្ច នៅឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ក្នុងនោះមានសមាជិកសមាគមអតីតយុទ្ធជន ពីរាជធានីភ្នំពេញចំនួន១០១គ្រួសារ បានស្ម័គ្រចិត្តមករស់នៅក្នុងភូមិសាស្ត្រតំបន់អភិវឌ្ឍន៍ថ្មីនេះដែរ ។
នៅចុងខែសីហា ឆ្នាំ២០២២ សមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា ខ្លួនគ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី២ ដោយនឹងប្រគល់ផ្ទះចំនួន៤០០ខ្នងបន្ថែមទៀតជូនអតីតយុទ្ធជនក្នុងខេត្ត៤ មានខេត្តឧត្តរមានជ័យ កំពង់ឆ្នាំង បាត់ដំបង និងព្រះសីហនុ នៅដំណាច់ឆ្នាំ២០២២។ ក្នុងដំណើរចុះពិនិត្យដំណើរការសាងសង់ផ្ទះជូនអតីតយុទ្ធជន ស្ថិតក្នុងឃុំដូនបារ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង លោក គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ចាក់ថា ដើម្បីឆ្លើយតបទៅនឹងការលំបាក និងលើកស្ទួយជីវភាពរបស់អតីតយុទ្ធជន ជារៀងរាល់ឆ្នាំសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានសមាគម បានណែនាំឱ្យបន្តសកម្មភាពដំណើរការសាងសង់ផ្ទះ និងរៀបចំដីសម្បទានសង្គមកិច្ច សម្រាប់ចែកជូនអតីតយុទ្ធជនជាបន្តបន្ទាប់ ។ កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា គ្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជនជាង៣ ពាន់គ្រួសារបន្ថែមទៀត បន្ទាប់ពីរយៈពេល១០ឆ្នាំកន្លងមក សមាគមបានសាងសង់ផ្ទះជូនអតីតយុទ្ធជន ប្រមាណជាង៥ ពាន់គ្រួសាររួចមកហើយនៅទូទាំងប្រទេស ។
៥.ថ្លែងក្នុងពិធីប្រគល់ផ្ទះ និងដីជូនអតីតយុទ្ធជនចំនួន១៤០ ខ្នងផ្ទះ និងដីនៅថ្ងៃទី១៤ ខែកុម្ភៈលោក គន់ គីម មានប្រសាសន៍ថា នៅទូទាំងប្រទេស កម្ពុជាមានអតីតយុទ្ធជនប្រមាណជិត១០ម៉ឺននាក់។ អ្នកដែលគ្មានផ្ទះ និងដីមានជាង៧ពាន់គ្រួសារ ប៉ុន្តែក្នុងរយៈពេល១០ឆ្នាំកន្លងមក សមាគមបានកសាងផ្ទះជូនពួកគាត់បានជិត៥ពាន់គ្រួសារ នៅសល់ប្រមាណជាង៣ពាន់ខ្នងផ្ទះទៀតប៉ុណ្ណោះ ដែលនឹងត្រូវសាងសង់ជូនអតីតយុទ្ធជន បន្ទាប់ពីទទួលបានជំនួយថវិកា១លានដុល្លារអាមេរិកពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលលោកទទួលបានប្រាក់រង្វាន់សន្តិភាពពីប្រទេសកូរ៉េ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២១ សម្តេចបានប្រកាសថា ថវិកាចំនួន១លានដុល្លារអាមេរិកដែលទទួលបានជាមួយមេដាយមាសសន្តិភាពពិភពលោក (World Summit Peace) នឹងយកថវិកា ទៅឧបត្ថម្ភសម្រាប់យកទៅកសាងផ្ទះជូនអតីតយុទ្ធជនទាំងអស់។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដូច្នេះ ថវិកា១លានដុល្លារ ប្រសិនបើយកទៅធ្វើផ្ទះជូនអតីតយុទ្ធជនក៏បានច្រើនដែរ ព្រោះផ្ទះមួយចំណាយអស់ប្រមាណ៤ពាន់ដុល្លារ។ នៅដើមខែកក្កដា ឆ្នាំ ២០២២ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសពីចំនួនផ្ទះ១៥០ខ្នង ជាអំណោយរបស់សម្តេចនាយករដ្ឋន្រ្តី ហ៊ុន សែន ត្រូវបានសាងសង់ជូនអតីតយុទ្ធជន ក្នុងខេត្ត។ ជំហានទី១ត្រូវសាងសង់ផ្ទះជូនអតីតយុទ្ធជនឱ្យបាន៥០ខ្នង ខណៈការសាងសង់រួចរាល់បានចំនួន១០ខ្នងផ្ទះ ។ នៅចុងខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសប្រាព្ធទិវាអតីតយុទ្ធជន លើកទី១៥ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវឱ្យរួមគ្នាលើកកម្ពស់អតីតយុទ្ធជននិងមន្ត្រីចូលនិវត្តន៍ បន្ទាប់ពីពួកគាត់បានលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ ។ ក្នុងសារលិខិតអបអរសារទរ ខួបទី១៥ នៃការបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោមានប្រសាសន៍ថា គឺជាថ្ងៃប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និងប្រជាជនកម្ពុជា ប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
ពលិកម្មប្រកបដោយ ស្មារតីស្នេហាជាតិរបស់វីរយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាល នៃប្រវត្តិសាស្ត្រ គឺជាការរួមចំណែកដ៏សំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដីការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ សម្តេចសូមអំពាវនាវបងប្អូនអតីតយុទ្ធជនកម្ពុជា បន្តរក្សាស្មារតីវីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្ដីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ពិតជាចងចាំជានិច្ច ចំពោះការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិ។ សារលិខិតសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្ននេះ អតីតយុទ្ធជនមានចំនួន១០៣.៧៩៧នាក់ រួមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥០.៥៣៩នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។ គិតចាប់ពីខែមេសា ឆ្នាំ២០២០មក រាជរដ្ឋាភិបាលបានដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ពី៥៦ម៉ឺនរៀល ដល់៦២ម៉ឺនរៀល និងត្រូវបន្ថែមឱ្យដល់ត្រឹម៦៤ម៉ឺនរៀលក្នុងមួយខែ។ សម្រាប់ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំដំឡើងប្រាក់សោធននិវត្តន៍ដល់អតីតយុទ្ធជន និងនិវត្តជនផងដែរ។
រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌ ចំនួន៥ម៉ឺនរៀល ជូនដល់និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ និងគ្រួសារអតីតយុទ្ធជន។ សម្តេចតេជោ ហ៊ុន សែន ឱ្យដឹងថា អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបើករបបសន្តិសុខសង្គមប្រចាំខែ ដែលកំពុងអនុវត្តជាមួយធនាគារដៃគូនៅទូទាំង២៥ រាជធានី ខេត្ត និងបើកប្រាក់របបសន្តិសុខសង្គមរៀងរាល់ពីរសប្តាហ៍ម្តង ក្នុងខែនីមួយៗ ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៩មក។ ក្នុងនោះ រាជរដ្ឋាភិបាលបានផ្តល់បណ្ណថែទាំសុខភាព (បស.ស) ជូនជនពិការ និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងបណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យាជាមួយ ប.ស.ស. ដោយមិនបង់ប្រាក់។រាជរដ្ឋាភិបាល ក៏បានដាក់ចេញ និងអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ចដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដោយបានកសាងភូមិអភិវឌ្ឍន៍យោធិនពិការ នៅតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ នៅស្រុកគូលែន ខេត្តសៀមរាប និងមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ។ សមាគមអតីតយុទ្ធជនកម្ពុជា និងសប្បុរសជននានា បានកសាងផ្ទះរាប់ពាន់ខ្នងជូនបងប្អូនអតីតយុទ្ធជននៅតាមបណ្តាសហគមន៍ផងដែរ។ សរុបសេចក្តីមកការការគាំទ្រផ្នែកសង្គមពីរាជរដ្ឋាភិបាល តាមរយៈការផ្តល់ប្រាក់ឧបត្ថម ការដំឡើងប្រាក់បៀវត្សរ៍ ដល់មន្ត្រីរជាការចូលនិវត្តន៍ និងការមើលថែពីសំណាក់ក្រុមគ្រួសារគឺពិតជាមានសារសំខាន់ណាស់ សម្រាប់មនុស្សចាស់គ្រប់រូប ធ្វើឱ្យពួកគាត់មានភាពកក់ក្តៅ មិនឯកា មានអារម្មណ៍សប្បាយចិត្តរស់បានអាយុវែង។
ការគិតគូរដល់មន្ត្រីចូលនិវត្តន៍នេះ មិនត្រឹមតែជាការផ្តល់កម្លាំងចិត្តដល់ពួកគាត់ ដែលមានវ័យចាស់ទេ ប៉ុន្តែក៏បានផ្តល់កម្លាំងចិត្តដល់មន្ត្រីរាជការជំនាន់ក្រោយ ដែលនឹងចូលនិវត្តន៍នៅថ្ងៃអនាគត រឹតតែខិតខំធ្វើការបម្រើជាតិមាតុភូមិ អស់ពីកម្លាំងកាយចិត្ត ដោយមិនព្រួយបារម្ភពីបញ្ហាជីវភាព ពេលចូលនិវត្តន៍នៅថ្ងៃមុខ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងអំណរគុណផងដែរ ចំពោះកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរាជរដ្ឋាភិបាល ជាតិ អន្តរជាតិ និងសប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់ផ្តល់ជំនួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាជនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ និងគ្រួសារយុទ្ធជនពលី មរណ: ដែលមានជីវភាពលំបាក សំដៅចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូន។ ទឹកចិត្ត និងកាយវិការដ៏សប្បុរសនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតី នៃការរួបរួមក្នុងការជួយគ្នាទៅវិញទៅមក គ្រប់កាលៈទេសៈ គ្រប់ទីកន្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោបន្តទៀតថា គ្រប់ក្រសួង ស្ថាប័ន អង្គភាព និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខបងប្អូន អតីតយុទ្ធជនតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារី ជាពិសេសយុទ្ធជន យុទ្ធនារីក្នុងអង្គភាពកងកម្លាំងប្រដាប់អាវុធ សម្ព័ន្ធមេត្រីភាព យុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌលយោធិនពិការដើម្បីលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជន យុទ្ធនារី។
លើសពីនេះ ត្រូវបន្តអនុវត្តន៍ឱ្យបានល្អ និងមានប្រសិទ្ធភាព នូវការផ្ដល់សេវារបបសន្តិសុខសង្គម សម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន តាមរយៈបេឡាជាតិអតីតយុទ្ធជន នៅទូទាំងប្រទេស។ ក្រសួងត្រូវខិតខំជំរុញការអនុវត្តន៍គម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ ដូចដែលបានបញ្ចូលក្នុងផែនការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល។ នៅចុងខែវិច្ឆិកា ឆ្នាំ២០២២ សមាគម អតីតយុទ្ធជនកម្ពុជា តាមរយៈលោក គន់ គីម អគ្គលេខាធិការសមាគម បានរៀបចំឱ្យមានការចាប់លេខរៀង ក្នុងការទទួលយកដី និងផ្ទះ ដែលជាអំណោយសម្តេច ហ៊ុន សែន ចំនួន១០០ខ្នង ដែលត្រូវប្រគល់ជូនអតីតយុទ្ធជន និងគ្រួសារនៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា តាមរយៈលោក សម្តេច ហ៊ុន សែន បានផ្តាំផ្ញើសាកសួរសុខទុក្ខ ដល់អតីតយុទ្ធជន ដែល ចូលមករស់នៅលើលំនៅឋានថ្មីក្នុងពេលនេះ ហើយដោយការគិតគូរ និងយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ចំពោះបងប្អូនអតីតយុទ្ឋជន កាលពីពេលកន្លងទៅ សម្ដេចបានសាងសង់ផ្ទះជូនអតីតយុទ្ធជនរាប់ពាន់ខ្នងរួចមកហើយ។ គួររម្លឹកដែរថា ក្នុងកម្មវិធីមហាសន្និបាតផ្ទៃក្នុងតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត មានប្រសាសន៍ថា តាមរយៈការអនុវត្តគោលនយោបាយសម្តែងការដឹងគុណដល់អតីតយុទ្ធជន និងយុទ្ធនារី ដែលបានលះបង់អាយុជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយជីវភាពទាំងសម្ភារថវិកាជាបន្តបន្ទាប់។
ក្នុងនោះគិតត្រឹមខែមិថុនា ឆ្នាំ ២០១៥ មានអតីតយុទ្ធជន៨៧ ២៨៥ នាក់ និងអ្នកនៅក្នុងបន្ទុក១៤០ ៥២៨ នាក់ ទទួលបានការឧបត្ថម្ភ ដោយការយកចិត្តទុកដាក់បំផុត ពីរាជរដ្ឋាភិបាល ដែលត្រូវចំណាយថវិកាសរុបជាង៣០០ពាន់លានរៀល ឬប្រហែល៧៥លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ប្រាក់របបគោលនយោបាយនេះ ត្រូវបានកែសម្រួលជាបន្តបន្ទាប់ស្របតាមការដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ។ លោក វង សូត លើកឡើងថា កាលពីឆ្នាំ២០១៤ រាជរដ្ឋាភិបាល បានកែសម្រួលប្រាក់បៀវត្សរ៍មូលដ្ឋានជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារមុន និងក្រោយឆ្នាំ២០០៧ ឱ្យមានតុល្យភាពគ្នា និងកែសម្រួលបង្កើនប្រាក់ម្ហូបអាហារ ជូនជនពិការក្នុងម្នាក់ៗដល់៤៥០០០រៀលក្នុងមួយខែ៕