អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងសន្និបាត បូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម។
ពិធីនេះក៏មានការចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី ប្រធាន និងប្រធានលេខាធិការដ្ឋានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ តំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផងដែរ។
ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានអះអាងថា ការបោះឆ្នោតដែលរៀបចំដោយកម្ពុជាខ្លួនឯងនេះ ត្រូវបានទទួលអបអរសាទរ និងវាយតម្លៃជាទូទៅពីគ្រប់ភាគីពាក់ព័ន្ធថា បានប្រព្រឹត្តទៅមានលក្ខណៈល្អប្រសើរទាំងទិដ្ឋភាពច្បាប់ ទាំងទិដ្ឋភាពបច្ចេកទេស ប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងត្រូវបានលោក Stephen Solarz ប្រធានប្រតិភូសង្កេតការណ៍បោះឆ្នោត នៃសហរដ្ឋអាមេរិក វាយតម្លៃថាជា “អច្ឆិរយៈនៅដងទន្លេមេគង្គ” ហើយការបោះឆ្នោតលើកក្រោយៗទៀត ត្រូវបានសាធារណៈ មតិជាតិ និងអន្តរជាតិ វាយតម្លៃថាមានភាពល្អប្រសើរជាងការបោះឆ្នោតមុនៗ ៕