ឯកឧត្តម ហ៊ុន ម៉ានី ចុះសួរសុខទុក្ខបងប្អូនកម្មករ-កម្មការិនី រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសំរោងទង
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនកម្មករ-កម្មការិនី ចំនួន ៥១នាក់ រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកម្មករ-កម្មការិនី ១គ្រឿង ម៉ាកហ៊ីយិនដាយ បានរេចង្កូតក្រឡាប់ធ្លាក់ស្រែ កាលពីវេលាម៉ោង ៥និង ៥៧នាទីព្រឹក លើផ្លូវក្រាលកៅស៊ូ ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានចូលរួមសោកស្តាយចំពោះការរងគ្រោះ និងខាតបង់ទ្រព្យសម្បត្តិរបស់បងប្អូន និងសូមជូនពរឱ្យជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ដែលបានផ្តល់ការយកចិត្តទុកដាក់ជួយសង្រ្គោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។ សូមបងប្អូនទាំងអស់ ជាពិសេសអ្នកបើកបរមេត្តាបង្កើនការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពអ្នករួមដំណើរ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា យើងពិតជាមិនចង់ឃើញគ្រោះអកុសលណាមួយកើតឡើងទេ តែគ្រប់ពេលដែលបងប្អូនជួបប្រទះបញ្ហា ក្រុមការងារទាំងអស់តែងតែខ្នះខ្នែងដើម្បីជួយដល់បងប្អូនគ្រប់ពេលវេលា នេះហើយ ជាបេះដូងរបស់អ្នកបម្រើប្រជាជន ៕