សមត្ថកិច្ចខេត្តបាត់ដំបង ស្រាវជ្រាវរកឃើញហើយអ្នករត់ម៉ូតូកង់បី ដែលមានបំណងមិនល្អលើស្ត្រីជាជនជាតិបារាំង
ភ្នំពេញ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ បានឲ្យដឹងថា ក្រោមបទបញ្ជាយ៉ាងហ្មឺងមាត់របស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅមុននេះបន្តិចសមត្ថកិច្ចនគរបាលបានស្វែងរកបុរសដែលបើកម៉ូតូកង់បីនាំបង្កហេតុរហូតបណ្តាលឱ្យស្ត្រីជាជនជាតិបរទេសម្នាក់រងរបួសកាលពីវេលាទៀបភ្លឺថ្ងៃទី៥ខែកក្កដាឆ្នាំ២០២៣ នៅក្នុងភូមិសាស្រ្តសង្កាត់អូរចារក្រុងបាត់ដំបង ខេត្តបាត់ដំបងឃើញហើយ ។
កិច្ចប្រតិបត្តិការស្រាវជ្រាវស្វែងរកក្នុងរយៈពេល០២ថ្ងៃនេះសមត្ថកិច្ចនគរបាល បានធ្វើការស្រាវជ្រាវយ៉ាងសកម្មបំផុត ដោយមានការចូលរួមពីសមត្ថកិច្ចអាជ្ញាធរ ពាក់ព័ន្ធនិងជាពិសេសគឺការចូលរួមគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ចពីមហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គម ក៏ដូចសាក្សីនានាទើបនគរបាល ទទួលបាននូវលទ្ធផលបែបនេះ។
ស្ត្រីជនជាតិបារាំងដែលលោតចុះពីលើម៉ូតូកង់៣ ដែលមានបំណងមិនល្អនោះ មានឈ្មោះ អេលេន ដីតឈី (Helene Dietschy) អាយុ ២១ឆ្នាំ ជានិស្សិតពេទ្យជនជាតិបារាំង។ នាងបានមកប្រទេសកម្ពុជា រយៈពេលពីរខែហើយ បម្រើការងារជាបុគ្គលិកហាត់ការនៅមន្ទីរពេទ្យកាល់ម៉ែត។
សូមជម្រាបថា បន្ទាប់ពីទទួលបានព័ត៌មានរបស់ស្ត្រីរងគ្រោះជនជាតិបារាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកជំនួយការមួយរូប គឺលោក កែវ ផុង ចុះជួយយកអាសា និងដោះស្រាយបញ្ហារបស់ស្ត្រីជនជាតិបារាំង ដែលលោតចុះពីម៉ូតូកង់៣ (Pass App) នៅក្នុងខេត្តបាត់ដំបង។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ថវិកាមួយចំនួនជូនទៅស្ត្រីជនជាតិបារាំងរូបនោះ សម្រាប់ការព្យាបាលរបួសផងដែរ៕