អ្នកឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វល្មិចមួយក្បាលទៀត ទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ
ព្រះសីហនុ៖ នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបន្តនាំយកសត្វល្មិច មានទម្ងន់ធ្ងន់មួយក្បាលទៀត យកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។
អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិចមួយក្បាលនេះជាការព្រលែង លើកទី១៣៩ ដែលអ្នកឧកញ៉ាបានព្រលែង ចូលសមុទ្រ ដើម្បីអភិរក្ស។
សុំបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ឬសត្វល្មិច ទៅព្រលែងម្តងៗ អ្នកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វក្រាស់លើកនេះគឺ KH 0810។
ព្រមជាមួយគ្នានេះ អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជានេសាទសមុទ្រ ដែលកន្លងមកបានចូលរួមសហការនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មកប្រគល់ជូនរូបអ្នកឧកញ៉ា ក្រោយពេលពួកគាត់នេសាទបាន ដើម្បីយកទៅលែង ឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។
អ្នកឧកញ៉ា ទៀ វិចិត្រ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់សហគមន៍ មន្ត្រីរាជការគ្រប់ស្ថាប័ន ជាពិសេសអ្នកនេសាទសមុទ្រ សូមបន្តជួយការពារអភិរក្សសត្វល្មិច ឬអណ្តើកសមុទ្រ ឲ្យបានគង់វង្សទាំងអស់គ្នា ដោយកុំសម្លាប់យកធ្វើជាអាហារ ឬកុំនាំយកទៅធ្វើអាជីវកម្មផ្សេងៗជាដើម៕