ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ខេត្តពោធិ៍សាត់ អញ្ជើញដាំកូនឈើ ដើម្បីអបអរសាទរពិធីបុណ្យរុក្ខទិវា ៩ កក្កដា នៅតំបន់ស្តារព្រៃឈើឡើងវិញ ក្នុងស្រុកក្រគរ
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យរុក្ខទិវា ៩ កក្កដា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ គាំទ្រដោយអង្គការរីកូហ្វ (RECOFTC) នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ បានដាំកូនឈើចំនួន ១,៦៦៨ដើម នៅតំបន់ស្តារព្រៃឈើឡើងវិញ ស្ថិតក្នុងភូមិបង្គងឃ្មុំ ឃុំត្នោតជុំ ស្រុកក្រគរ ក្រោមអធិបតីភាពឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលស្រុកក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្ត្រីរាជការ យុវជន អាជ្ញាធរឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានលើកឡើងថា ចាប់តាំងពីការពង្រឹងការងារយាមល្បាត និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ តាមតំបន់គោលដៅសំខាន់ៗ លើការអនុវត្តកំណែទម្រង់វិស័យព្រៃឈើ បើគិតមកដល់ឆ្នាំ២០២៣នេះ ខេត្តពោធិ៍សាត់ មានសហគមន៍ព្រៃឈើចំនួន ៩៤កន្លែង ស្ថិតក្នុងភូមិចំនួន៩៥ ឃុំ សង្កាត់២២ និងស្រុកក្រុង៦ ដែលគ្របដណ្តប់លើផ្ទៃដី១៧.៥៩៩ហិកតា។ ក្នុងឆ្នាំ២០២២-២០២៣ ខណ្ឌរដ្ឋបាលព្រៃឈើបណ្តុះកូនឈើបាន ៣៣ពាន់ដើម ចែកចាយកូនឈើសម្រាប់យកទៅដាំជាលក្ខណៈប្រមូលផ្តុំ ជាចំការរាយប៉ាយតាមដងផ្លូវ ទីវត្តអារាម សាលារៀន ជាង២ពាន់ ជាក់ស្តែងនាពេលនេះ បានរៀបចំប្រារព្ធពិធីបុណ្យរុក្ខទិវា ដោយដាំកូនឈើចម្រុះបន្ថែមឡើងវិញ ព្រៃសហគមន៍បង្គងឃ្មុំ ឃុំត្នោតជុំចំនួន ១,៦៦៨ដើម និងទប់ស្កាត់បង្រ្កាបបទល្មើសព្រៃឈើ ដោយបានរឹបអូសគ្រឿងចក្រកាយដី ១គ្រឿង, រថយន្តដឹកដី ១គ្រឿង, ម៉ាស៊ីនអាឈើ ១គ្រឿង, រណាថាស ១គ្រឿង ធ្វើកិច្ចសន្យារោងសន្ធិផល អនុផល២កន្លែង និងចុះស្រាវជ្រាវអ្នកទន្រ្ទានដី៥កន្លែង។
ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានថ្លែងថា បុណ្យរុក្ខទិវា ៩ កក្កដា ទើបតែកន្លងមកថ្មីៗនេះ បានឆ្លុះបញ្ចាំងឲ្យឃើញអំពីការខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីមានតួនាទី ក្នុងការគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ ព្រោះថាព្រៃឈើមានតួនាទី ក្នុងការជួយថែរក្សា ដំណើរការប្រព័ន្ធអេកូឡូស៊ី និងជួយកាត់បន្ថយឥទ្ធិពល អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស និងផ្តល់នូវផលអនុផលព្រៃឈើជាច្រើនអនេក ដល់ប្រជាពលរដ្ឋ។ ជាទូទៅបានចាត់ទុកថា ព្រៃឈើ គឺជាសម្បត្តិធម្មជាតិ ដ៏មានតម្លៃ និងជាអាយុជីវិតមនុស្សសត្វទាំងពួង ដែលទាមទាឲ្យមានការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយវិចារណញ្ញាណ សមហេតុសមផល ធានានូវតុល្យភាពបរិស្ថាន និងផ្តល់ឱកាសឲ្យកូនចៅ ជំនាន់ក្រោយ ទទួលបានផលប្រយោជន៍ និងបំពេញសេចក្តីត្រូវការនាពេលនេះ និងទៅថ្ងៃអនាគត។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងរំលឹកថា ព្រះរាជពិធីដាំកូនឈើត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី០៩ កក្កដា ជារៀងរាល់ឆ្នាំ គឺបានក្លាយទៅជាសកម្ម ភាពយ៉ាងទូលំទូលាយ និងត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយមានចែងក្នុងច្បាប់ស្តីព្រៃឈើ នាឆ្នាំ២០០២ ព្រោះថាព្រៃឈើ គឺជាសរសៃឈាម ក្នុងវិស័យកសិកម្ម ជាអាយុជីវិត មនុស្ស សត្វ ត្រូវរួបរួមគ្នាថែរក្សាការពារ និងដាំកូនឈើឲ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង។ ការដាំកូនឈើនាពេលនេះក៏ដូចបណ្តាឆ្នាំកន្លងមក គឺជាការរំលឹកសារជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋ អំពីបញ្ហាប្រឈម និងបាត់បង់ព្រៃឈើ និងសត្វព្រៃ យើងត្រូវចាប់ផ្តើមដោយឥតបង្អែរបង្អង់ នូវផែនការស្តាព្រៃឈើ និងការដាំកូនឈើឡើងវិញជាខ្សែចង្វាក់គ្រប់ទិសទី ដើម្បីឲ្យពោធិ៍សាត់យើងរក្សាបាននូវលំនឹងបរិស្ថាន ធម្មជាតិ និងមានសម្រស់ស្រស់បំព្រងដោយរុក្ខជាតិព៌ណបៃតង។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋនិងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ គ្រប់គ្រឹះស្ថាន សាលារៀន និងទីវត្តអារាមទាំងអស់ មេត្តាយកចិត្តទុកដាក់បន្តបង្កើនការបណ្តុះ និងដាំកូនឈើឲ្យបានច្រើន នៅលើដីទំនេរ ទីទួល ដងផ្លូវសាធារណៈ សាលារៀន គ្រឹះស្ថានសិក្សា វត្តអារាម ភូមិឋាន និងសហគមន៍ ឲ្យកាន់តែទូលំទូលាយ និងគ្រប់ទីកន្លែង។
ឯកឧត្តមអភិបាលខេត្ត បានផ្ញើសារជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបាននឹងកំពុងបន្តអាជីវកម្ម កាប់បំផ្លាញព្រៃឈើ រុករានទន្ទ្រាន ចាប់យកដីព្រៃ ប្រមូលផល អនុផលព្រៃឈើ ឬប្រមាញ់សត្វព្រៃ ដែលជាបទល្មើសយ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ឈប់ជាបន្ទាន់ នូវទង្វើរបស់ខ្លួន សូមបង្វែរពីសកម្មភាពអវិជ្ជមានទាំងនោះ មកធ្វើការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដុះដំណាំ និងការងារផ្សេងៗ ដែលស្របច្បាប់នៅក្នុងមូលដ្ឋាន ប្រសើរជាងធ្វើចំណាកស្រុក ៕