មន្ត្រីជំនាញបញ្ជូនសំណាក ទៅភ្នំពេញធ្វើតេស្ត DNA បញ្ជាក់ការពិត ក្រោយបុរសម្នាក់អះអាងថា ខ្លួនរើសបានកម្អួតត្រីបាឡែន នៅឆ្នេរជំទាវម៉ៅ
ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ មានបណ្តាញសារព័ត៌មាន បានចុះផ្សាយពីករណីបុរសម្នាក់រើសបានដុំថ្មម្យ៉ាង ដែលបានលើកឡើងថាជាកម្អួតត្រីបាឡែន ស្ថិតនៅចំណុចឆ្នេរជំទាវម៉ៅ-ដើមឈើចាំស្នេហ៍ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានណែនាំទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឱ្យធ្វើការទំនាក់ទំនង និងចុះដល់ទីតាំងរស់នៅរបស់បុរសខាងលើ ដើម្បីអញ្ជើញសាមីខ្លួនមកខណ្ឌរដ្ឋបាលជលផលដើម្បីធ្វើការសាកសួរ និងត្រួតពិនិត្យដុំដែលគាត់អះអាងថាជាកម្អួតត្រីបាឡែននោះ។
ជាមួយគ្នានេះ មន្ត្រីជំនាញបានកាត់យកសំណាកដើម្បីបញ្ជូនទៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ ដើម្បីកំណត់អត្តសញ្ញាណតាមរយៈការធ្វើតេស្ត DNA បញ្ជាក់ការពិត។ ចំពោះលទ្ធផលនៃការធ្វើតេស្ត រដ្ឋបាលខេត្តព្រះសីហនុ នឹងធ្វើការជូនដំណឹងនៅពេលបន្ទាប់។
សូមបញ្ជាក់ផងដែរថា បុរសខាងលើនេះ មានឈ្មោះ ឡី ប្រុស អាយុជាង ៣៧ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅ ឃុំទឹកថ្លា ស្រុកព្រៃនប់ បច្ចុប្បន្នរស់នៅ(កែងសេតេ) សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕