សម្តេចតេជោហ៊ុនសែន៖ ប្រធានព្រឹទ្ធសភា អនុប្រធានទី១ព្រឹទ្ធសភា ប្រធានតុលាការកំពូល សុំលាលែង
ភ្នំពេញ៖ ក្នុងសារសំឡេងពិសេសឆ្លើយតបនឹងការផ្សាយរបស់វិទ្យុអាស៊ីសេរីនាយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ឱ្យដឹងថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងឯកឧត្ដម ឌិត មន្ទី ប្រធានតុលាការកំពូល បានដាក់ពាក្យលាឈប់ពីការងារ ព្រោះតែវ័យកាន់តែចាស់។
ក្រៅតែពីសម្តេច សាយ ឈុំ និងឯកឧត្ដម ឌិត មន្ទី ហើយនោះ សម្តេចតេជោ ក៏បានប្រកាសឱ្យដឹងផងដែរថា អនុប្រធានព្រឹទ្ធសភាទី១ ឯក ឧត្ដមសឹម កា និងលោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានព្រឹទ្ធសភា ព្រមទាំងសមាជិកព្រឹទ្ធសភាមានវ័យចំណាស់មួយចំនួនធំទៀត ក៏បានដាក់ពាក្យលាឈប់ផងដែរ។
ក្រៅតែពីទម្លាយនូវការលាឈប់ពីតួនាទីរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជននេះទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីសមាសភាពថ្នាក់ដឹកនាំរដ្ឋសភាសម្រាប់នីតិកាលទី៧ផងដែរ។
ការទម្លាយនូវព័ត៌មានបែបនេះ គឺសម្តេចតេជោ ហ៊ុន សែន ចង់បង្ហាញទៅកាន់វិទ្យុអាស៊ីសេរី នូវភាពស្រុះស្រួលក្នុងថ្នាក់ដឹកនាំរបស់បក្សប្រជាជន ហើយមិនមានទម្លាប់ឈ្លោះគ្នាដណ្តើមតែតំណែង និងអំណាច ដូចជាការផ្សាយរបស់វិទ្យុបម្រើតែបរទេសនោះឡើយ។