ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងឯកឧត្តម ញ៉ែម សំអឿន ចូលរួមរត់ម៉ារ៉ាតុននៅខេត្តរតនគិរី
ភ្នំពេញ៖ ក្នុងដំណើរមកបំពេញបេសកម្មនៅក្នុងទឹកដីនៃខេត្តរតនគិរី ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានចូលរួមរត់ម៉ារ៉ាតុន ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិអោយមកកាន់ខេត្តភូមិភាគឥសាន្តដែលសម្បូរដោយតំបន់ទេសចរណ៍ធម្មជាតិមួយនេះ។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដែលបានអញ្ជើញចូលរួមរត់ម៉ារ៉ាតុនផងដែរនោះក៏បានថ្លែងឱ្យដឹងថាការចូលរួមរត់ម៉ារ៉ាតុនពីសំណាក់ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណា
ចក្រកម្ពុជានាពេលនេះ គឺអស្ចារ្យមែនទែនមិនត្រឹមតែដើម្បីសុខភាព តែក៏បានបង្ហាញអោយឃើញកក្តាសុខសន្តិភាព ស្ថេរភាពនយោបាយរបស់ប្រទេសកម្ពុជា ហើយអ្វីដែលពិសេស កម្មវិធី រត់នេះជាឱកាសបង្ហាញដល់ភ្ញៀវទេសចរអន្តជាតិអោយចូលមកទស្សនាកំសាន្តក្នុងទឹកដីខេត្តរតនគិរីកាន់តែច្រើនឡើង។
សូមបញ្ជាក់ថា ក្នុងដំណើរមកបំពេញបេសកម្មនៅក្នុងទឹកដីនៃខេត្តរតនគិរី ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដើម្បីពិភាក្សាការងារពាក់ព័ន្ធ ការគាំទ្រនិងសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅក្នុងខេត្តរតនគិរី និងបានអញ្ជើញចូលរួមក្នុងកម្មពិធីបិទបញ្ចប់វគ្គសិក្សាអាហារូបករណ៍ភាសារអង់គ្លេសសម្រាប់ការងារ នៅវិទ្យាស្ថានពហុបច្ចេទេសកម្ពុជា អាសុី (ASEAN BRIDGE)ផងដែរ ៕