មេបញ្ជាការកងទ័ពជើងគោកឥណ្ឌូណេស៊ី ទស្សនកិច្ច នៅទីបញ្ជាការកងពលតូចលេខ៧០
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការរងកងពលតូចលេខ៧០ តំណាងលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទីកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍បណ្ឌិត ឌូឌុង អាប់ឌូរ៉ាច់ម៉ាន់ (DUDUNG ABDURACHMAN) មេបញ្ជាការកងទ័ពជើងគោកជាតិឥណ្ឌូណេស៊ី និងគណៈប្រតិភូ នៅទីបញ្ជាការកងពលតូចលេខ៧០។
ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ ឌូឌុង អាប់ឌូរ៉ាច់ម៉ាន់ (DUDUNG ABDURACHMAN)បានអរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់លោកមេបញ្ជាការរងកងពល និងកោតសរសើរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយជោគជ័យរបស់កម្ពុជា ទទួលបានទាំងក្នុងជាតិ និងលើឆាកអន្តរជាតិ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗ ជាពិសេសលទ្ធផលដ៏ត្រចះត្រចង់នៃការបោះឆ្នោតសកល ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងមានតម្លាភាព ព្រមទាំងបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់តាមច្បាប់ជាធរមាន និងសូមចូលរួមអបអរសាទរជូនចំពោះឯកឧត្តមកិតិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ ឌូឌុង អាប់ឌូរ៉ាច់ម៉ាន់ (DUDUNG ABDURACHMAN)នាពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី៤ របស់មេបញ្ជាការកងទ័ពជើងគោកជាតិឥណ្ឌូណេស៊ីនៅប្រទេសកម្ពុជា ដែលដំណើរទស្សនកិច្ចនេះនឹងក្លាយជាកម្លាំងចលករបន្ថែមទៀតក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ព នៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងរឹងមាំ៕