ឯកឧត្តម ញ៉ែម សំអឿន ចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងអាជីវករផ្សារបានលុង ក្រុងបានលុង
ភ្នំពេញ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយឯកឧត្តម គិត ទ្រី បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តមណ្ឌលរតនគិរី ឯកឧត្តមអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនក្នុងខេត្ត នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងផ្សារបានលុង ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដើម្បីស្វែងយល់ពីសំណូមពរតម្រូវការរបស់អាជីវករក៏ដូចជាប្រជាពលរដ្ឋក្នុងផ្សារ។
ក្នុងឱកាសនោះ ក្នុងនាមជាថ្នាក់ដឹកនាំ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត មានក្ដីរីករាយចំពោះកិច្ចស្វាគមន៍របស់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ក្នុងស្មារតីភាតរភាព ជាគ្រួសារខ្មែរតែមួយ ជាពិសេសជាមួយគ្រួសារប្រជាពលរដ្ឋនៅទូទាំងខេត្តរតនគិរីទាំងមូល ដើម្បីរួមគ្នាគិត រួមសុខ រួមទុក្ខ និងរួមគ្នាដោះស្រាយ បញ្ហាការលំបាក បញ្ហាប្រឈមសំណូមពរ និងតម្រូវការផ្សេងៗ ក៏ដូចជាជំហាន នៃកិច្ចដំណើរអភិវឌ្ឍន៍មូលដ្ឋានទៅមុខឲ្យបានកាន់តែរីកចម្រើនថែមទៀត សំដៅកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនាទាំងអស់គ្នា។
ទាំងបងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលមកទិញទំនិញនៅផ្សារខាងលើ បានបង្ហាញនូវការសាទរ លាយឡំជាមួយទឹកមុខញញឹម សើចសប្បាយ ហើយពួកគាត់បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលខេត្ត ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលលោកបានគិតគូរពីសុខទុក្ខ និងការលំបាករបស់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ គ្រប់ទិសទីគ្រប់កាលៈទេសៈ ៕