ស្នងការភ្នំពេញ នឹងចាត់វិធានការច្បាប់ចំពោះអធិការរងនគរបាលខណ្ឌចំការមនដែលប្រើហិង្សាលើបុរសម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំ ពេញនឹងចាត់វិធានការច្បាប់ចំពោះអធិការរងខណ្ឌនគរបាលខណ្ឌចំការមនរាជធានីភ្នំពេញ ដែលបានប្រើហិង្សាលើបុរសម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃ ទី១៣សីហាឆ្នាំ២០២៣ចាប់ច្បាប់។
យោងតាមបណ្តាញសង្គមរបស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញចេញផ្សាយនៅថ្ងៃទី១៤សីហាបានធ្វើការបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្ម រហ័សនៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីគ្រោះថ្នាក់ ចរាចរណ៍បង្កឲ្យ មានអំពើហិង្សា កាលពីវេលាម៉ោងជាង១យប់ រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវបំបែកជាបួន លេីផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ ព្រំប្រទល់សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើករថយន្ត PRIUS ទៅបុកឃឿនផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតបន្តិចបន្តួច បន្ទាប់ពីកើតហេតុបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ជាអធិការរងនគរបាលខណ្ឌចំការមន បានមកឃាត់រថយន្ត ហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតដល់ប្រើអំពើហិង្សាវាយម្ចាស់រថយន្តខាងលើ ។
ក្នុងនាមជាមន្ត្រីនគរបាលជាតិ ពេលឃើញករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលខូចខាតទ្រព្យ សម្បត្តិសាធារណៈ ត្រូវធ្វើការសួរនាំ និងឃាត់យានយន្តយកមករក្សាទុក ដើម្បីអនុវត្តតាមនិតិវិធី និងផាកពិន័យតាមច្បាប់ ប៉ុន្តែក្នុងនាមជាមន្ត្រីនគរបាល បើអនុវត្តខុសគឺត្រូវតែអនុវត្តតាមច្បាប់។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មន្ត្រីដែលអនុវត្តខុស ដោយបានប្រេីអំពេីហិង្សាលេីប្រជាពលរដ្ឋ គឺត្រូវតែយកច្បាប់មកអនុវត្ត ។
សូមជម្រាបថាបើតាមវិឌីអូដែលក្រុមអ្នកសារព័ត៌ថតបានក្នុងហេតុការណ៍ខាងលើនេះ ឃើញភាគីទាំងពីរមានជជែកគ្នាមួយសន្ទុះក្រោយមកលោកអធិការរងបានធ្វើការវាយលើបុរសម្នាក់ជិះរថយន្តម៉ាព្រូស រួចហើយក៏មានការវាយតបតគ្នាទៅវិញទៅមកក៏ឈប់។មួយសន្ទុះមកបុរសដែលជិះរថយន្តបាននិយាយមួយអ្នកសារព័ត៌មានស្រាប់តែ លោកអធិការរងមកវាយមួយដៃបណ្តាលសន្លប់មួយរំពេច៕