នាយឧត្តមសេនីយ៍ មាស វីរិទ្ធ៖ យេីងត្រូវបន្តរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ដេីម្បីសុខសុវត្ថិភាព និងភាពសុខសាន្ត ជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា យេីងត្រូវបន្តរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ដេីម្បីសុខសុវត្ថិភាព និងភាពសុខសាន្ត ជូនប្រជាពលរដ្ឋ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ មានប្រសាសន៍បែបនេះ ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ស្តីពី “លើកកម្ពស់ការចូលរួមរបស់អ្នកម្តាយដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន” នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅខេត្តព្រះវិហារ។
ជាមួយការថ្លែងអំណរគុណ កោតសសេីរ ក្នុងនាមឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបញ្ហាគ្រឿងញៀនមិនមានសញ្ញាថមថយទេ មានការរីករាលដល់ទីជនបទដែលតម្រូវឱ្យគ្រប់គ្នាបន្តរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនដេីម្បីសុខសុវត្ថិភាពនិងភាពសុខសាន្តជូនប្រជាពលរដ្ឋ ដោយបង្កេីនការងារបង្ការទប់ស្កាត់ បង្រ្កាបបទល្មេីសគ្រឿងញៀន ពង្រឹងសមត្ថភាពទំនាក់ទំនងព្រំដែនBLO សហការផ្តល់ព័ត៌មានជាមួយប្រទេសជិតខាងដេីម្បីទប់ស្កាត់បង្ការបង្រ្កាបបទល្មេីសគ្រឿងញៀនឆ្លងដែន ផ្សព្វផ្សាយអប់រំ បំផុសឱ្យមានការចូលរួមកាន់តែច្រេីនបន្ថែមទៀតពីស្រ្តីក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ថ្លែងក្នុងនាមលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នាឱកាសនោះ លោកជំទាវ ឡុង សុផល្លី រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា គ្រឿងញៀនជាបញ្ហារួមរបស់យេីងទាំងអស់គ្នា ហេីយឥទ្ធិពលនៃគ្រឿងញៀននាំមកនូវអំពេីហឹង្សាគ្រួសារ ជួញដូរមនុស្ស និងភាពក្រីក្រ ហេីយការពង្រឹងសមត្ថភាពស្រ្តីតាមគោលដៅឱ្យមានចំណេះដឹងពីផលប៉ះពាល់នៃការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ច្បាប់ស្តីពីគ្រឿងញៀនដេីម្បីឱ្យស្រ្តីអាចចូលរួមជួយទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន គឺជាការងារចាំបាច់ និងមានប្រសិទ្ធភាព ព្រោះថា ស្រ្តីគឺជាអ្នកមានឥទ្ធិពលក្នុងគ្រួសាររាល់ពាក្យសំដីទូន្មានទៅកាន់ក្រុមគ្រួសារតែងទទួលបានការឆ្លេីយតបដោយប្រសិទ្ធភាព។
ក្នុងនាម ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាឱកាសនោះដែរ លោកជំទាវ ប៉ាង រ៉ាវី អភិបាលរង នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ស្រ្តីក្នុងភាពជាអ្នកម្តាយពិតជាតួអង្គសំខាន់ណាស់ក្នុងការចូលរួមចំណែកអាចកាត់បន្ថយនិងជួយទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងសហគមន៍ និងគ្រួសារ ៕