ស្កាត់ពីស្រុករុក្ខគីរីមកលួចយកម៉ូតូអ្នកស្រុកមោងឫស្សីបាន ២ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១២ខែ សីហាឆ្នាំ២០២៣ ចន្លោះម៉ោង១២ទៅម៉ោង០១និង០០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៣ ខែ សីហាឆ្នាំ២០២៣ នៅចំណុចក្រុមទី២ ភូមិកោះថ្កូវ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី លួចយកម៉ូតូមួយ បានកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលលួចម៉ូតូ០១គ្រឿង ម៉ាកហុងដាសូនិច ពណ៌ស លាយ ក្រហម គ្មានស្លាកលេខ សេរីឆ្នាំ ២០២១ (គ្មានពន្ធ) ជារបស់ឈ្មោះ ឆម រី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើដែលបញ្ឈរ ទុកនៅក្រោមផ្ទះ(ទុកទាំងសោរ)នៅជាប់ម៉ូតូ រីឯម្ចាស់ចូលសម្រាក ក្នុងបន្ទប់ក្រោមផ្ទះ លុះភ្លឺឡេីងភ្ញាក់ពីដំណេកមើលម៉ូតូស្រាប់តែបាត់តែម្តងទេីបផ្អេីលឆោឡោ។
ដឹងថាបាត់ជនរងគ្រោះក៏រូតរះទៅប្តឹងដល់សមត្ថកិច្ចនគរបាលអំពីករណីនេះ ហេីយពេលទទួលបានដំណឹងនេះ និងស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯកស គឹមឡុងអធិការនគរបាលស្រុកមោងឫស្សីបានដឹកនាំធ្វេីការស្រាវជ្រាវ និងផ្សព្វផ្សាយដំណឹងនេះដល់នគរបាលស្រុកពាក់ព័ន្ធនឹងភូមិសាស្រ្តជាប់គ្នារហូតដល់ថ្ងៃទី១៤ខែ សីហាឆ្នាំ២០២៣វេលាម៉ោង ១៣និង៥០នាទីនៅចំណុចក្រុមទី១ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី សមត្ថកិច្ចនគរបាលស្រុករុក្ខគីរីបានចុះល្បាតនៅចំណុចខាងលើក៏ប្រទះឃើញបុរសម្នាក់ ឈ្មោះស្វាយ ទន់អី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសៀម ឃុំព្រែកជីក ស្រុករុក្ខគីរី ជិះម៉ូតូ០១គ្រឿង ម៉ាកសូនិច(ដូចភិនភាគម៉ូតូដែលបានបាត់ដូចខាងលើ) ហើយសមត្ថកិច្ចនគរបាលបានឃាត់មនុស្សនិងម៉ូតូ ធ្វេីការសាកសួរទេីបដឹងថា បុរសនេះជាអ្នកលួចម៉ូតូរបស់ជនរងគ្រោះនៅស្រុកមោងឫស្សីប្រាកដមែន
បច្ចុប្បន្នបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដែលជាម្ចាស់ករណីដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ៕