ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋស៊ីមបាវ៉េ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បានទទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Constance Chemwayi ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋស៊ីមបាវ៉េ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងប្រទេសកម្ពុជានិងប្រទេសស៊ីមបាវ៉េ ព្រមទាំងបានចែករំលែកពីបទពិសោធរបស់កម្ពុជា ដែលបានអភិវឌ្ឍខ្លួនពីប្រទេសខ្វះស្បៀង រហូតក្លាយខ្លួនជាប្រទេសដែលមិនត្រឹមតែអាចធានាសន្តិសុខស្បៀងរបស់ខ្លួនប៉ុណ្ណោះទេ តែថែមទាំងអាចនាំចេញផលិតផលកសិកម្មរបស់ខ្លួនទៅក្រៅប្រទេសទៀតផង ពិសេសស្រូវអង្ករ តាមរយៈការធ្វើទំនើបកម្ម ការប្រើប្រាស់ពូជស្រូវសុទ្ធ ម៉ាស៊ីនទំនើប និងបច្ចេកទេសកសិកម្មដែលកាត់បន្ថយថ្លៃដើម។
ទន្ទឹមនឹងនេះ កម្ពុជាក៏នៅតែស្វែងរកធាតុចូលកសិកម្មឥតឈប់ឈរ ហើយស្វាគមន៍អ្នកស្រាវជ្រាវទាំងឡាយណាដែលមានបំណងរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម ស្របតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមឯកឧត្តមរដ្ឋមន្ត្រី កម្ពុជាកំពុងបោះជំហានទៅរកការផលិតផលិតផលកសិកម្ម ដោយផ្តោតលើគុណភាពនិងស្តង់ដា ដែលមានតម្លៃបន្ថែមខ្ពស់។
តាមរយៈលក្ខខណ្ឌនិងស្ថានភាពផលិតកម្មប្រហាក់ប្រហែលគ្នាក្នុងវិស័យកសិកម្មរបស់កម្ពុជានិងស៊ីមបាវ៉េ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ពីការត្រៀមខ្លួនសហការជាមួយភាគីស៊ីមបាវ៉េ ដើម្បីជំរុញវិស័យកសិកម្មនេះឱ្យរីកចំរើនទាំងអស់គ្នា ដើម្បីសន្តិសុខ និងសុវត្ថិភាពស្បៀងអាហារ ៕