សៀវភៅ កម្ពុជាសម័យតេជោ វគ្គ៣៧ «ទំនាក់ទំនងការទូត និងពាណិជ្ជកម្មអន្តរជាតិ»
ឆ្នាំ២០២៣–សៀវភៅ«កម្ពុជា សម័យតេជោ»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើងដើម្បីបង្ហាញទៅដល់មនុស្សជំនាន់ក្រោយៗទៀតឱ្យបានជ្រាបថា ក្នុងសម័យកាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាមានការរីកចម្រើន និងមានសមិទ្ធផលជាច្រើនរាប់មិនអស់ ដែលត្រូវចាប់អារម្មណ៍កោតសរសើរ និងកត់ត្រាទុក។ ដូច្នេះ ខ្លឹមសារក្នុងសៀវភៅនេះ មិនមានរៀបរាប់លម្អិត អំពីដំណើរជីវិតរបស់សម្តេច ហ៊ុន សែន ដូចសៀវភៅដទៃៗទៀតទេ។
ប៉ុន្តែ និយាយអំពីរាល់ការអភិវឌ្ឍ ដែលសម្តេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែង ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ជាពិសេស ដើម្បីសុខុមាលភាពប្រជាជនដោយគ្មានរើសអើង ជាតិសាសន៍ សាសនា ឬពណ៌សម្បុរ ឬនយោបាយចាប់តាំងពីក្រោយព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣និងការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ឯកឧត្តម ពៅ សុខ ជឿថា សៀវភៅនេះ ទោះបីមិនល្អឥតខ្ចោះ ប៉ុន្តែ នឹងក្លាយជាពន្លឺ ជាឯកសារជំនួយស្មារតីខ្លះៗដល់អ្នកស្រាវជ្រាវ មិត្តអ្នកអាន ឬមនុស្សជំនាន់ក្រោយ ក្នុងការសិក្សាឈ្វេងយល់អំពីព្រឹត្តិការណ៍នានា ដែលកើតមានឡើងនៅក្នុងផ្ទៃប្រទេសចន្លោះពីឆ្នាំ១៩៧០ដល់ឆ្នាំ២០២៣។ ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមាននៅក្នុងសៀវភៅ«កម្ពុជា សម័យតេជោ»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។
វគ្គ៣៧« ទំនាក់ទំនងការទូត និងពាណិជ្ជកម្មអន្តរជាតិ »
កម្ពុជា ជាប្រទេស ហាក់ឯកោទាំងនយោបាយការទូត និងសេដ្ឋកិច្ច ព្រោះ ក្រោយពីផ្តួលរលំរបបខ្មែរក្រហម ប៉ុល ពត សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែល ត្រដាបត្រដួសកសាងប្រទេសពីបាតដៃទទេយ៉ាងវេទនានោះ គឺពុំមានប្រទេស ដទៃណាមួយទទួលស្គាល់ ឬរាប់រកនោះទេ សូម្បីសហរដ្ឋអាមេរិក ជប៉ុន បារាំង ដោយគេចោទប្រកាន់ថា សាធារណរដ្ឋប្រជាមានិតកម្ពុជា ជារបបរណបប្រទេស វៀតណាម។ ប៉ុន្តែ កំហុសដ៏ធំរបស់ពួកគេ គឺពួកគេពុំបានដឹងពីទំហំនៃការឈឺចាប់ និងមហាទុក្ខវេទនារបស់ប្រជាជនកម្ពុជា ក្នុងរបបខ្មែរក្រហម ប៉ុល ពត ឬកម្ពុជាប្រជាធិបតេយ្យ។
ទាំងប្រទេសបារាំង ប្រទេសជប៉ុន ដោយសារមាននិន្នាការមនោ សញ្ចេតនា ឬរាប់អានជាមួយព្រះករុណា ព្រះបាទ នរោត្តម សីហនុ ពួកគេសុខ ចិត្តបោះបង់យុត្តិធម៌ និងភាពត្រឹមត្រូវក្នុងសង្គមមនុស្ស។ សហរដ្ឋអាមេរិក ដោយ សារស្អប់វៀតណាម រឿងចាញ់សង្រ្គាមនៅវៀតណាម ក៏សុខចិត្តផ្តល់អាសនៈ អង្គការសហប្រជាជាតិ ទៅឱ្យពួកខ្មែរត្រីភាគី។ ដោយសារការស្អប់ ពួកប្រទេស មហាអំណាចមួយចំនួន សុខចិត្តងាកទៅគាំទ្រពួកឃាតករប្រល័យពូជសាសន៍ ដែលស្រេកឈាមប្រជាជន។
ទោះជាយ៉ាងណា សម្តេច ហ៊ុន សែន ទាំងនៅជាសមមិត្ត ទាំងនៅជារដ្ឋ មន្រ្តីការបរទេសក្មេងជាងគេក្នុងលោក សុខចិត្តទ្រាំ និងអត់ធ្មត់ស្វែងរកមិត្ត តាម រយៈការធ្វើដំណើរទៅកាន់ប្រទេសសង្គមនិយមមួយចំនួន ដើម្បីស្នើ ឱ្យមានការគាំ ទ្រសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ការព្យាយាមរបស់សម្តេច ហ៊ុន សែន តាំង ពីប្រទេសកំពុងមានសង្រ្គាមបង្ហូរឈាម តាំងពីប្រទេសមួយមានតំបន់ត្រួតត្រា៤ រហូតដល់ប្រទសមានសុខសន្តិភាពពេញលេញ ជាប្រទេស ដែលមានតំបន់ ត្រួត ត្រាតែមួយ រដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ ហើយគិតត្រឹមឆ្នាំ២០១៩ កម្ពុជា បានក្លាយពីប្រទេសឯកោ ទៅជាមានទំនាក់ទំនងការទូតជាមួយបណ្តាប្រ ទេសលើសកលលោករហូតចំនួន១៧២ប្រទេស ។
មួយឆ្នាំក្រោយមក គឺនៅឆ្នាំ ២០២០ ចំនួនប្រទេស ដែលកម្ពុជា មានទំនាក់ទំនងការទូតបានកើនចំនួន២ប្រ ទេសបន្ថែមទៀត ធ្វើឱ្យចំនួនប្រទេសដែលមានទំនាក់ទំនងការទូតជាមួយកម្ពុជា កើនដល់១៧៤ ។ កត្តាទាំងនេះ គេមិនអាចកាត់ផ្តាច់ពីកត្តាសន្តិភាពសង្គមបានទេ។ បើគ្មានសន្តិភាព គ្មានប្រទេសណាមួយចង់មានទំនាក់ទំនងការទូតជាមួយយើងឡើយ។ កត្តាសុខសន្តិភាព ក៏ជំរុញយ៉ាងខ្លាំងក្នុងការឱ្យកម្ពុជា មានឱកាស ចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ និងចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤ ហើយមានទំនាក់ទមនងយ៉ាងល្អ ជាមួយតំបន់សហគមន៍អឺរ៉ុបរហូតអាចនាំទំនិញទៅកាន់ទីនោះបាន។
ដើម្បីពង្រីកវិស័យការទូតកម្ពុជាបន្ថែមទៀត នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៣ សម្តេច តេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅកោះ ម៉ាល់ឌីវដ៏ល្បីល្បាញ ។ ម៉ាល់ឌីវ ជាប្រទេស ដែលប្រកាន់យករបបប្រធានាធិបតី អាស្រ័យរដ្ឋធម្មនុញ្ញ ដោយប្រធានាធិបតី ជាប្រមុខរដ្ឋផង ជាប្រមុខ រដ្ឋា ភិបាលផង ។ ក្នុងដំណើរទស្សនកិច្ចដ៏កម្រពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នេះ នាំឱ្យសម្រេចបាន នូវកិច្ចព្រមព្រៀងចំនួន៦ រវាងកម្ពុជា និងម៉ាឌីវ ផងដែរ ក្នុងនោះមាន៖
១.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ ស្តីពីការលើកលែងទិដ្ឋាការចំពោះ អ្នកកាន់លិខិតឆ្លងដែនការទូតផ្លូវការ និងធម្មតា ។
២.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
៣.អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាង ក្រសួងការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
៤.អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាល នៃសាធារណរដ្ឋម៉ាល់ឌីវ និងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុង វិស័យទេសចរណ៍។
៥.អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសុខាភិបាល នៃសាធារណ- រដ្ឋម៉ាល់ឌីវ និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល។ ៦.អនុស្សរណៈយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជ-កម្មជាតិ និងឧស្សាហកម្មម៉ាល់ឌីវ។ ៤.១ ការចូលជាសមាជិកអាស៊ានសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ ហៅកាត់ថាអាស៊ាន បានបង្កើតឡើង ដោយប្រទេសចំនួន៥ គឺសិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន ក្នុងអំឡុងឆ្នាំ១៩៦០។
ការបង្កើតសមាគមនេះ គឺដើម្បីបង្កើតទំនាក់ ទំនងការទូត និងពាណិជ្ជកម្ម ក្រោមហេតុផល វប្បធម៌ អិរយ្យធម៌ ប្រពៃណី ទំនៀមទម្លាប់ ស្រដៀងគ្នា។ គោលការណ៍ ឬបទបញ្ជាផ្ទៃក្នុងរបស់សមគមអាស៊ាន គឺការមិនលូកដៃ ចូលកកូរកកាយ ឬជ្រៀតជ្រែកផ្ទៃក្នុងបញ្ហានយោបាយ នៃប្រទេសជាសមាជិក។ ពីអំឡុងទសវត្សរ៍៦០ និង៧០ ដល់៨០ កម្ពុជា មិនបានចាប់អារម្មណ៍ ក្នុងការចូលជាសមាជិកអាស៊ានឡើយ ហើយចាប់ពីឆ្នាំ១៩៧៩ រហូតដល់អំឡុង នៃកិច្ចចរចាសន្តិភាពប៉ារីស អាស៊ាន មិនបានទទួលស្គាល់កម្ពុជាទេ ដោយចោទប្រកាន់ថា វៀតណាមឈ្លានពានកម្ពុជា ឬថាកម្ពុជា ជារបបដែល ស្ថិតក្រោមអាណានិគមវៀតណាម។
ប៉ុន្តែ ចាប់ពីក្រោយបោះឆ្នោតឆ្នាំ១៩៩៣ មក អាស៊ាន និងកម្ពុជាបានធ្វើទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ប៉ុន្តែ ដោយសារកម្ពុជានៅមានសង្រ្គាមផ្ទៃក្នុង ឬនៅមានភាពរកាំរកូស ផ្នែកនយោបាយ ទោះបីកម្ពុជា បានស្នើសុំចូលជាសមាជិកអាស៊ាន ក៏អាស៊ានមិនទាន់បានអនុញ្ញាតដែរ ជាពិសេស ក្រោយព្រឹត្តិការណ៍ផ្ទុះអាវុធ នៅឆ្នាំ១៩៩៧ គេបានពន្យារពេល នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ទើបអនុញ្ញាតឱ្យកម្ពុជា ចូលជាសមាជិកទី១០ នៃសមគមនេះ។ ពីចន្លោះឆ្នាំ១៩៩៧ ដល់១៩៩៩ កម្ពុជា គ្រាន់តែជាអ្នកសង្កេតការណ៍ រាល់កិច្ចប្រជុំអាស៊ានប៉ុណ្ណោះ ។ មានកត្តាសំខាន់ៗ ចំនួន៤ ដែលកម្ពុជា ត្រូវសម្រេចចិត្តចូលជាសមាជិកអាស៊ាន។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សវិជ្ជាជីវៈ និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា កត្តាសំខាន់ៗចំនួន៤ ដែលជំរុញឱ្យសម្តេចប្រឹងប្រែងនាំកម្ពុជា ចូលជាសមាជិក អាស៊ាន រួមមាន៖
១.ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក ស្មារតីសហគមន៍ ការអនុវត្តសេដ្ឋកិច្ចសង្គម និងជាច្រកទ្វារចេញ នៃការទូតរបស់កម្ពុជា។ ចំណុចនេះជាកត្តាសំខាន់បំផុត ដែលទាក់ទាញកម្ពុជាឱ្យចូលអាស៊ាន ហើយប្រសិនបើនៅក្នុងអាស៊ាន គ្រាន់តែចូលទៅ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នា កម្ពុជានឹងមិនចូលរួមទេ។ ប៉ុន្តែគោលការណ៍អាស៊ាន គឺគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា។
២. ស្មារតីសហគមន៍ គឺការធ្វើការតាមកុងសង់ស៊ីស (ជាឯកច្ឆ័ន្ទ) សម្តេចតេជោ បានលើកហេតុផលថា កត្តានេះក៏ជាកត្តាសំខាន់ខ្លាំងណាស់ដែរ ព្រោះក្នុងសមាគមអាស៊ាន គ្មានប្រទេសតូច គ្មានប្រទេសធំ គ្មានប្រទេសអ្នកមាន គ្មានប្រទេសអ្នកក្រ គឺស្មើភាពគ្នា។ អាស៊ានមិនធ្វើការតាមរយៈការបោះឆ្នោតទេ ព្រោះអាចនាំឱ្យមានការបែកបាក់។ អាស៊ានមានសាមគ្គីភាព អាស៊ានស្វះស្វែងរកចំណុចរួម ដើម្បីសម្រេចអ្វីមួយ ដែលអាស៊ានចង់បាន។ សមាជិកអាស៊ាន គឺប្រទេសមួយ សំឡេងមួយ។
៣. ការអនុវត្តសេដ្ឋកិច្ចសង្គម និងសមាហរណកម្មសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានពន្យល់ថា ចំណុចនេះ កម្ពុជាទទួលបានប្រយោជន៍យ៉ាងច្រើនពីការជំរុញការអភិវឌ្ឍ ដែលចាប់តាំងពីឆ្នាំ២០០០ គំនិតផ្តួចផ្តើម ស្តីពីសមាហរណកម្មអាស៊ាន កាត់បន្ថយគម្លាតរវាងអាស៊ានចាស់ និងអាស៊ានថ្មី ក៏ចាប់ផ្តើមធ្វើយ៉ាងខ្លាំងក្លា ហើយកម្ពុជាក៏ទទួលបានផលប្រយោជន៍យ៉ាងធំពីសមាហរណកម្មនេះ។ ក្រៅពីនេះ ប្រទេសដៃគូនៅខាងក្រៅ ក៏បានចូលរួមយ៉ាងច្រើន ដើម្បីពន្លឿនដំណើរការ នៃការធ្វើសមាហរណកម្ម គឺពន្លឿនការអភិវឌ្ឍនៅក្នុងប្រទេសដែលជាសមាជិកថ្មី ដូចជាកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ដើម្បីកាត់បន្ថយគម្លាតជាមួយប្រទេសសមាជិកមានការអភិវឌ្ឍន៍ច្រើនជាង។
៤.ជាច្រកទ្វារ ឬច្រកចេញ នៃការទូតរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមានផលប្រយោជន៍ពីការចូលរួមអាស៊ាន ព្រោះអ្វី? ព្រោះអាស៊ានមានដៃគូច្រើន ដូច្នេះនៅពេលកម្ពុជា ក្លាយទៅជាសមាជិកអាស៊ាន មានន័យថា កម្ពុជាបានក្លាយទៅជាដៃគូជាមួយដៃគូខាងក្រៅផងដែរ។ ការចូលជាសមាជិកអាស៊ាន ជាផ្នែកមួយ នៃច្រកចេញការទូតរបស់កម្ពុជា ហើយតាមរយៈអាស៊ាន បើទោះបីកម្ពុជាបានទាញប្រយោជន៍ច្រើនពីការចូលជាសមាជិកអាស៊ានក្តី ក៏កម្ពុជាបានរួមចំណែកយ៉ាងច្រើននៅក្នុងការធ្វើសេចក្តីសម្រេចនានា នៅក្នុងក្របខណ្ឌតំបន់។ដូច្នេះ លក្ខខណ្ឌទាំង៤ខាងលើនេះហើយ ដែលជាមូលហេតុចម្បងនាំឱ្យកម្ពុជាសម្រេចចិត្តចូលជាសមាជិកអាស៊ាន។ សម្តេច ហ៊ុន សែន មានប្រសាសន៍ជាញឹកញាប់ថា ការចូលជាសមាជិកអាស៊ាន មិនមែនជាសមិទ្ធផលរបស់សម្តេចតែម្នាក់ឯងទេ គឺជាសមិទ្ធផលរបស់ប្រជាជាតិកម្ពុជាទាំងមូល។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន គឺជាអង្គការថ្នាក់តំបន់មួយ មានប្រទេសនៅអាស៊ីអាគ្នេយ៍ចំនួនដប់ជាសមាជិក រួមមាន ប្រ៊ុយណេកម្ពុជា ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម មីយ៉ាន់ម៉ា និងឡាវ។ ទីម័រខាងកើត ទើបតែចូលជាសមាជិកថ្មីអាស៊ាន នៅចុងឆ្នាំ២០២២ នៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាន ឬហៅថាប្រធានអាស៊ាន។ ៤.២. ជោគជ័យេបស់កម្ពុជា ធ្វើជាប្រធានអាស៊ាន ២០១២ចាប់តាំងពីកម្ពុជា ក្លាយជាសមាជិកអាស៊ានថ្ងៃទី៣០ ខែមេសាឆ្នាំ១៩៩៩មក កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានរៀបចំកិច្ចប្រជុំអាស៊ានចំនួន៣លើក គឺឆ្នាំ២០០២មួយលើក ឆ្នាំ២០១២មួយលើក និងឆ្នាំ២០២២ មួយលើក។ ឆ្នាំ២០១២ ក្រោមការសម្របសម្រួលរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ធ្វើឱ្យសហរដ្ឋអាមេរិក សម្រេចដកទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសមីយ៉ាន់ម៉ា ហើយលោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ក៏បានកោតសរសើរផងដែរថា អាស៊ានមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឬប្រធានអាស៊ាន។ គួររម្លឹកថា តាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០១២ បញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី២០ នៅរាជធានីភ្នំពេញនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៣០ មីនា ដល់ថ្ងៃទី៤មេសា ។
តាមកាលវិភាគ កិច្ចប្រជុំកំពូលអាស៊ាន ដែលចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៤មេសា គឺមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងធ្វើឡើងនៅថ្ងៃទី០២ ខែមេសា។ ចំណែកកិច្ចប្រជុំកំពូលអាស៊ាន ដែលមាននាយករដ្ឋមន្ត្រី និងប្រមុខរដ្ឋប្រទេសសមាជិកអាស៊ានទាំង១០ចូលរួម ត្រូវធ្វើឡើងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១២។ ដោយឡែកសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) ពិភាក្សាលើការផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហាតំបន់ និងអន្តរជាតិ និងសេចក្តីថ្លែងការណ៍របស់អាស៊ាន ស្តីពី សិទ្ធិមនុស្ស ដំណោះស្រាយលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (DOC) តួនាទីរបស់អាស៊ានក្នុងសន្និសីទ G20 នៅប្រទេសម៉ិកស៊ិក ព្រមទាំងបញ្ហាប្រឆាំងគ្រឿងញៀន ដែលអាស៊ានកំណត់យកឆ្នាំ២០១៥ គឺតំបន់អាស៊ាន គ្មានគ្រឿងញៀន។ កិច្ចប្រជុំកំពូលអាស៊ានលើកទី២០ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១២ ដោយអនុម័តលើឯកសារចំនួន៤៖
ទី១.សេចក្តីថ្លែងការណ៍ភ្នំពេញស្តីពីអាស៊ាន៖ សហគមន៍តែមួយ វាសនាតែមួយ
ទី២.របៀបវារៈភ្នំពេញ សម្រាប់ការកសាងសហគមន៍អាស៊ាន។ ទី៣.សេចក្តីថ្លែងការណ៍ របស់ថ្នាក់ដឹកនាំស្តីពីអាស៊ានគ្មានគ្រឿងញៀន ឆ្នាំ២០១៥ និង
ទី៤.ឯកសារទស្សនានស្តីពីចលនាសកលនិយមកណ្តាល។ ក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ក៏បានលើកឡើងពីបញ្ហាតំបន់ និងអន្តរជាតិ ដែលនិយាយពីប្រទេសមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង និងជម្លោះនៅឧបទ្វីបកូរ៉េ ។ ពេលបិទបញ្ចប់ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ ថ្នាក់ដឹកនាំ នៃប្រទេសអាស៊ានទាំង១០ បានចូលរួមកិច្ចប្រជុំចង្អៀត ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៣ ៖
ទី១-ផ្លាស់ប្តូរមតិយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ រួមមានព្រឹត្តិការណ៍នៅមីយ៉ាន់ម៉ា និងជម្លោះឧបទ្វីបកូរ៉េ
ទី២-ការតាមដានការអនុវត្ត នៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង DoC និង
ទី៣-កិច្ចសន្ទនាពិភពលោកនិងអាស៊ាន។ ចំណែកកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ដោយមានការចូលរួមពីបណ្តាប្រធានាធិបតី រួមទាំងប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងនាយករដ្ឋមន្ត្រី នៃបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ ត្រូវធ្វើឡើងនៅវិមានសន្តិភាព វេលាម៉ោង៩ និង២០នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ ។ ខ្លឹមសារនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១គឺផ្ដោតសំខាន់លើការសម្រេចឱ្យបាន នូវសសរស្ដម្ភទាំង៣ រួមមានសហគមន៍នយោបាយ និងសន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍ សង្គមវប្បធម៌ ដើម្បីឈានដល់ការសម្រេចឱ្យបាន នូវការបង្កើតសហគមន៍តែមួយ វាសនា នៅឆ្នាំ២០១៥។
មានប្រសាសន៍បើកកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន នៅតែបន្តជំរុញឱ្យសមាជិកអាស៊ាន ឈរលើស្មារតីសហគមន៍តែមួយវាសនាតែមួយ។ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការជាធ្លុងមួយ សាមគ្គីភាព មិត្តភាព ក្រោមបាវចនា អាស៊ាន «សហគមន៍តែមួយ វាសនាតែមួយ» ហើយជម្នះ នូវរាល់បញ្ហាប្រឈមទាំងឡាយ ដូចជាកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយគម្លាតរវាងសមាជិកអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ មិនត្រឹមតែផ្តល់ឱកាសឱ្យយើងទាំងអស់គ្នាអាចបូកសរុបការអនុវត្តការងារនាពេលកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យយើងអាចរិះរកដំណោះស្រាយសមស្រប ក្នុងទិសដៅបង្កើនល្បឿននៃការកសាងសហគមន៍ ពង្រឹងទំនាក់ទំនងអន្តរជាតិ និងធ្វើឱ្យប្រសើរឡើងនូវតួនាទីស្នូល និងគោលជំហរអន្តរជាតិរបស់អាស៊ានទៀតផង ជាពិសេសគឺការធានាសន្តិភាព សន្តិសុខ ការអភិវឌ្ឍក្នុងតំបន់ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមក្នុងតំបន់ និងសាកលលោក ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បញ្ហាប្រឈមទាំងអស់ខាងលើ គឺពិតជាមិនអាចត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិនៅក្នុងកម្រិតជាតិនីមួយៗបានឡើយ ។ ប្រការនេះ តម្រូវឱ្យយើងមានវិធីសាស្ត្រដោះស្រាយឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងមានកិច្ចសហប្រតិបត្តិការគ្នាកាន់តែស្អិតរមួតថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ានរបស់យើង។ ក្នុងស្មារតីប្រែក្លាយលទ្ធផល នៃកិច្ចប្រជុំកំពូលលើកទី២១ឱ្យទទួលបានផ្លែផ្កាជាក់ស្តែង ជាវិជ្ជមានថែមទៀត សម្តេចតេជោហ៊ុន សែន បានផ្តល់អនុសាសន៍មួយចំនួន៖ ១.ការឈានទៅសម្រេចឱ្យបាន នូវការកសាងសហគមន៍អាស៊ានឆ្នាំ ២០១៥ គប្បីនៅបន្តជាអាទិភាពខ្ពស់។
ក្នុងន័យនេះ ការអនុវត្តឱ្យទាន់ពេលវេលានូវកម្មវិធី និងផែនការសកម្មភាពសម្រាប់ការកសាងសហគមន៍អាស៊ាន តាមរយៈការសម្រេចឱ្យបាននូវសសរស្តម្ភទាំង៣ នៃផែនទីចង្អុលផ្លូវសហគមន៍អាស៊ាន ការត្រួតពិនិត្យពាក់កណ្តាលអាណត្តិ នូវការអនុវត្តផែនការសកម្មភាព នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ានលើកទី២(២០០៩-២០១៥) និងការអនុវត្តឱ្យទាន់ពេលវេលា នូវផែនការមេស្តីពីការតភ្ជាប់អាស៊ាន គឺជាបញ្ហាបន្ទាន់ ដែលត្រូវការចាំបាច់នូវគោលការណ៍ណែនាំច្បាស់លាស់ និងដោយស្មោះត្រង់ពីយើងទាំងអស់គ្នា។ ដើម្បីសម្រេចគោលដៅនេះ យើងចាំបាច់ត្រូវលើកទឹកចិត្តឱ្យរដ្ឋមន្ត្រីអាស៊ាន ដែលមានការពាក់ព័ន្ធទាំងអស់ ដាក់ចេញ នូវវិធានការ គោលនយោបាយចាំបាច់នានា ដែលត្រូវអនុវត្តឱ្យបានសម្រេចនៅមុនឆ្នាំ២០១៥ នៅក្នុងការងារមួយចំនួនដូចជា ១.របាំងពន្ធគយ និងមិនមែនពន្ធគយ
២.សេរីភាវូនីយកម្មការវិនិយោគ
៣.ការតភ្ជាប់ និងគមនាគមន៍
៤.ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម
៥.គំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មកសិកម្មអាស៊ាន
៦.ការទទួលស្គាល់ទៅវិញទៅមកនូវសេវាកម្មមានលក្ខណៈវិជ្ជាជីវៈ និងលំហូរពលករ
៧.ការកសាងស្ថាប័ន និងកំណែទម្រង់បទដ្ឋានគតិយុត្ត និង
៨.បញ្ហាស្ថាប័នសម្រាប់ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
២.អាស៊ានគួរបន្តកិច្ចខិតខំប្រឹងប្រែងបញ្ចប់ការរៀបចំក្របខណ្ឌច្បាស់លាស់ ឱ្យបានទាំងស្រុង ស្របតាមការកំណត់ នៃធម្មនុញ្ញអាស៊ាន ដើម្បីបង្កើនប្រសិទ្ធភាពស្ថាប័នទាំងផ្នែកប្រតិបត្តិការ និងនីតិវិធីនានារបស់អាស៊ាន ។ បន្ថែមលើនេះ យើងក៏ចាំបាច់ត្រូវព្រាងបន្ថែមទៀតដែរ នូវកិច្ចសម្របសម្រួលរវាងភ្នាក់ងារប្រតិបត្តិការនានា ដើម្បីជំរុញការកៀរគរធនធាន និងដើម្បីធ្វើសមាហរណកម្មខ្លឹមសារនៃកិច្ចព្រមព្រៀងតំបន់ទៅក្នុងកម្មវិធី និងផែនការអភិវឌ្ឍន៍ជាតិរបស់ប្រទេសសមាជិកនីមួយៗ ។
៣.ការរក្សាសន្តិភាព និងសន្តិសុខតំបន់ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់វិបុលភាព និងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ានទាំងមូល។ ក្នុងន័យនេះ អាស៊ានត្រូវពង្រឹងតួនាទី និងសមត្ថភាពរបស់ខ្លួនថែមទៀត ដើម្បីលើកកម្ពស់ការពិភាក្សា និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ាន សំដៅដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសន្តិសុខ និងសន្តិភាពតំបន់។ កិច្ចការនេះ ត្រូវដំណើរការទៅមុខ ទន្ទឹមនឹងការខិតខំបន្តអនុវត្តការងារអាទិភាពនានា ដែលស្ថិតនៅក្នុងផែនការស្តីពីសហគមន៍សន្តិសុខ និងនយោបាយអាស៊ាន។
អាស៊ានត្រូវតែបន្តជំរុញអនុវត្តយន្តការនានាដែលមានស្រាប់ ដើម្បីធានាសន្តិសុខ និងសន្តិភាពតំបន់ដូចជា សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ សន្ធិសញ្ញាអាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៃសមុទ្រចិនខាងត្បូង វេទិកាតំបន់អាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ និងសន្ធិសញ្ញាអាស៊ានស្តីពីការប្រឆាំងភេរវកម្ម។
បង ម៉ក់ ហ៊ាងរិទ្ធី អគ្គនាយក HNA, [8/18/2023 3:42 PM]
៤.យើងត្រូវតែបន្តធ្វើការរួមគ្នាបន្ថែមទៀត ដើម្បីរក្សាភាពជាស្នូលរបស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ និងបន្តពង្រឹងកិច្ចសហប្រតិបតិ្តការជាមួយដៃគូរបស់យើងនៅគ្រប់កម្រិត ពិសេសតាមរយៈក្របខណ្ឌអាស៊ានបូកមួយ និងអាស៊ានបូក៣ ដោយផ្អែកលើយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាក់ស្តែងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ដើរតួនាទីឱ្យសកម្មជាងមុន ក្នុងការផ្តល់អនុសាសន៍ និងចាត់វិធានការនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ ដែលដឹកនាំដោយអាស៊ាន ដើម្បីឆ្លើយតបទៅនឹងបញ្ហាជាសាកលរួមមាន សន្តិសុខ ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន គ្រោះមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងសុវត្ថិភាពផ្លូវសមុទ្រ ។
៥.ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អក្នុងចំណោមរដ្ឋមន្ត្រីតាមវិស័យនានារបស់អាស៊ាន គឺជាកត្តាគន្លឹះដ៏សំខាន់មួយទៀតសម្រាប់ដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសាកលលោក ដូចជាវិបត្តិហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ ការសឹករេចរឹលនៃធនធានធម្មជាតិ និងជំងឺឆ្លង។ ដើម្បីសម្រេចគោលដៅនេះ អាស៊ានត្រូវការចាំបាច់នូវកិច្ចសហប្រតិបត្តិការទូលំទូលាយជាមួយដៃគូសន្ទនា ព្រមទាំងត្រូវបង្កើនសកម្មភាពចូលរួមរបស់ខ្លួនជាមួយនឹងសហគមន៍អន្តរជាតិ ជាពិសេសគឺជាមួយនឹងប្រព័ន្ធនៃអង្គការសហប្រជាជាតិ និងបណ្តាប្រទេសឧស្សាហកម្មលូតលាស់។ ជាមួយគ្នានេះ នៅក្នុងកម្រិតតំបន់យើងត្រូវខិតខំជំរុញឱ្យមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ អាចបំពេញតួនាទីរបស់ខ្លួនយ៉ាងពេញលេញនៅក្នុងការដោះស្រាយបញ្ហាគ្រោះមហន្តរាយធម្មជាតិក្នុងតំបន់។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញពីក្តីរំពឹងយ៉ាងមុតមាំថា កិច្ចប្រជុំកំពូលសំខាន់ៗនៅថ្ងៃនេះ និងនៅថ្ងៃបន្តបន្ទាប់ នឹងសង្កត់ធ្ងន់សាជាថ្មីម្តងទៀត អំពីការប្តេជ្ញាចិត្ត និងឆន្ទៈនយោបាយដ៏មុតមាំរបស់អាស៊ាន ក្នុងការឈានឆ្ពោះទៅសម្រេចឱ្យបាននូវការកសាងសហគមន៍អាស៊ាននៅឆ្នាំ២០១៥ ដោយផ្តោតជាចម្បងលើសសរស្តម្ភទាំង៣ គឺសហគមន៍នយោបាយ សន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម វប្បធម៌អាស៊ានស្របតាម «អាស៊ាន សហគមន៍តែមួយ វាសនាតែមួយ»។
លទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ មានឯកសារចំនួន២ ត្រូវបានអនុម័ត ទី១ ការអនុម័តសេចក្តីថ្លែងការណ៍អំពីសិទ្ធិមនុស្សរបស់អាស៊ាន ឯកសារអនុម័ត ទី២ គឺការបង្កើតមជ្ឈមណ្ឌលមីនរបស់អាស៊ាននៅកម្ពុជា ។ លោកហោ ណាំហុង ប្រមុខការទូតកម្ពុជា បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៥ ខែវិច្ឆិកា មុនកិច្ចប្រជុំមកដល់ថា បន្ទាប់ពីនេះក៏មានការប្រជុំកំពូលអាស៊ានបូក៣ រវាងថ្នាក់ដឹកនាំអាស៊ានជាមួយនាយករដ្ឋមន្ត្រីចិន-ជប៉ុន និងប្រធានាធិបតីកូរ៉េ ខាងត្បូង ដើម្បីបញ្ជាក់អំពីសារសំខាន់ប្រទេសបូកបី ជាមួយអាស៊ាន ហើយក៏មានការអនុម័តទៅលើឯកសារផែនការសេចក្តីប្រកាសរួមអំពីខួបទី១៥ឆ្នាំ សហប្រតិបត្តិការអាស៊ានជាមួយប្រទេសបូក៣ និងអនុម័តឯកសារស្តីពីការតភ្ជាប់អាស៊ានបូក៣ទាំង ហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ដើម្បីឈានទៅបង្កើតសហគមន៍អាស៊ាននៅឆ្នាំ២០១៥។ ចំពោះការប្រជុំកំពូលអាស៊ានបូកចិន និងមានការអនុម័តសេចក្តីថ្លែងការណ៍រួម អំពីខួបទី១០របស់សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីសមុទ្រចិនខាងត្បូង(DOC)។ DOC នេះត្រូវបានចុះហត្ថលេខាដោយគំនិតផ្តួចផ្តើមរបស់កម្ពុជា កាលពីឆ្នាំ២០០២ ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។ ១០ឆ្នាំក្រោយ ឯកសារ DOC ជាឯកសារបច្ចុប្បន្នភាពមានតម្លៃសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងបានជួបពិភាក្សាគ្នាក្នុងការតាក់តែងក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង (COC)ហើយនេះ ក៏ជាការផ្តួចផ្តើមគំនិតរបស់កម្ពុជាក្នុងកិច្ចប្រជុំកាលពីខែកក្កដា និងខែកញ្ញា ឆ្នាំ២០១២ អំពីការតាក់តែង COCនេះ។ ក្រៅពីនេះ ក៏មានការប្រជុំកំពូលអាស៊ានជាមួយសហរដ្ឋអាមេរិក ដោយផ្តោតការយកចិត្តទុកដាក់លើការពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ាន ហើយប្រធានាធិបតីសហរដ្ឋអាមេរិក ក៏ចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។
គួររម្លឹកដែរថា នៅចុងខែកញ្ញា មន្រ្តីជានខ្ពស់ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអះអាងពីការបានអញ្ជើញ និងវត្តមាន មេដឹកនាំកំពូលៗ នៃប្រទេសមហាអំណាច ដែលមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តិទៅ ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២។ លោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១២ ថា មេដឹកនាំកំពូល នៃប្រទេសមហាអំណាចទាំង៨ ដែលត្រូវមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១នេះ មានលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក លោក វ៉្លា ឌីមៀរពូទីន ប្រធានាធិបតីរុស្ស៊ី លោក វ៉េង ជាវបាវ នាយករដ្ឋមន្រ្តីចិន លោកយូស៊ីហ៊ីកូ ណូដា នាយករដ្ឋមន្រ្តីជប៉ុន លោក ម៉ាន់ម៉ូហាន់ ស៊ីញ នាយករដ្ឋមន្រ្តីឥណ្ឌា លោកស្រីជូលៀហ្គីឡាដ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោកលី ម្យ៉ុងបាក់ ប្រធានាធិបតីកូរ៉េខាងត្បូង និងលោក ចន ហ្វីលីព នាយករដ្ឋមន្រ្តីញូវហ្សឺលែន។ នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១២ សម្តេច ហ៊ុន សែន បានបញ្ជាក់ជាថ្មីនូវព័ត៌មានដ៏ជឿទុកចិត្ត អំពីវត្តមានរបស់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ។
ក្នុងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា លោកប្រធានាធិបតីអូបាម៉ា នឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងតំណែងទី១ ដែលនឹងធ្វើដំណើរ មកកាន់ប្រទេសកម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី នឹងក្លាយជាសហប្រធាន ត្រូវអង្គុយកៀកស្មាជាមួយលោកអូបាម៉ា ក្នុងកិច្ចប្រជុំកំពូលលើកទី៤ រវាងអាស៊ាន និងអាមេរិក នៅថ្ងៃទី១៩ ខែវិច្ឆិកា។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បន្តថា សម្រាប់កិច្ចប្រជុំអាស៊ាន នៅចុងសប្តាហ៍ ជាលើកដំបូងហើយ ដែលប្រធានាធិបតីសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា ខណៈពីមុនមកមានតែភរិយារបស់អតីតប្រធានាធិបតីអាមេរិក ចន កេណ្ណឺឌី និងអតីតប្រធានាធិបតីអាមេរិក ប៊ីល គ្លីនតុន ឬនៅអំឡុងទសវត្សរ៍ ១៩៦០ អតីតអនុប្រធានាធិបតី លោក រីឆាត និចសុន ប៉ុណ្ណោះ បានមកកាន់កម្ពុជា ក្នុងតំបន់អង្គរវត្ត។ ដូចការគ្រោងទុក លោក បារ៉ាក់ អូបាម៉ា ដែលអមដំណើរដោយលោកស្រី ហ៊ីឡារី គ្លីនតុន ភរិយាអតីតបក្រធានាធិបតី លោកប៊ីល គ្លីនតុន និងជារដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក បានមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២ ។
តាមកាលវិភាគ មុនចូលរួមកិច្ចប្រជុំកំពូលទាំងពីរនៅកម្ពុជា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បានចាកចេញពីប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា បន្ទាប់ពីចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាន និងវេទិកាអាស៊ី បូព៌ា ជាមួយអាមេរិក។ ៤.៣ ជោគជ័យរបស់កម្ពុជា លើកិច្ចប្រជុំអាស៊ាន២០២២ ឆ្នាំ២០២២ គឺជាឆ្នាំ ដែលពិភពលោកវាយតម្លៃថា កម្ពុជាទទួលបាននូវជោគជ័យដ៏ត្រចះត្រង់ ទាំងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានលើការរៀបចំប្រជុំអាស៊ី អឺរ៉ុប និងកិច្ចប្រជុំអាស៊ាន។ តាមកាលប្បវត្តិ ចាប់ពីឆ្នាំ២០២០មក មានព្រឹត្តិការណ៍ធំៗចំនួន៥ ធ្វើឱ្យកម្ពុជា លេចធ្លោ និងល្បីខ្ទរខ្ទាលើឆាកអន្តរជាតិ គឺទី១. កម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ី អឺរ៉ុប ជាលើកដំបូង។ ទី២.កម្ពុជា អនុញ្ញាតឱ្យនាវាខ្នាតធំ វេស្ទ័រដាម ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ ខណៈប្រទេសដទៃបដិសេធ។ ទី៣. កម្ពុជា ជោគជ័យលើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩។ ទី៤. កម្ពុជា ជោគជ័យលើការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ាន និងទី៥. កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមលើកទី៣២ ឆ្នាំ២០២៣។
ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយផងដែរ ដែលកម្ពុជា បានរង់ចាំអស់រយៈពេលជាងកន្លះសតវត្សរ៍(៦៤ឆ្នាំ)មកហើយ។ នេះជាមោទនភាព ដ៏ក្រៃលែងរបស់ប្រជាជាតិខ្មែរទាំងមូល។ សម្តេច ហ៊ុន សែន ធ្លាប់មានប្រសាសន៍ជាសាធារណៈជាញឹកញាប់ថា រាល់ភាពជោគជ័យទាំងឡាយរបស់កម្ពុជា រួមទាំងការទទួលបាន និងការរក្សាបាន នូវសុខសន្តិភាពនៅកម្ពុជាផង មិនមែនជារបស់សម្តេច របស់គណបក្សប្រជាជនកម្ពុជា ផ្តាច់មុខនោះទេ តែគឺជារបស់ប្រជាជនកម្ពុជាទាំងមូល។ ឆ្នាំ២០២២ ក្រោមកិច្ចសម្របសម្រួល ខណៈកម្ពុជា ជាប្រធាន ជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ អាស៊ានបានសម្រេចយល់ព្រមទទួលយកប្រទេសទីម័រខាងកើត ជាសមាជិកទី១១ របស់អាស៊ានផងដែរ។ ការណ៍ពិតកម្ពុជា បានគាំទ្រទីម័រខាងកើត ឱ្យចូលជាសមាជិកអាស៊ាន តាំងពីឆ្នាំ២០១១។ ក្នុងជំនួបទ្វេភាគីជាងកន្លះម៉ោងនៅវិមានសន្តិភាព រវាងសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក ជូហ្សេ រ៉ាម៉ូស ហូតា (Jose Ramos Horta) ប្រធានាធិបតី ទីម័រខាងកើត ក្នុងដំណើរទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសគាំទ្រសំណើរបស់ប្រធានាធិបតីទីម័រ ដែលចង់ឱ្យប្រទេសរបស់ខ្លួនក្លាយជាសមាជិកទី១១ នៃសមគមអាស៊ាន នៅអំឡុងឆ្នាំ២០១១ ឬឆ្នាំ២០១២ ។
ប៉ុន្តែ សំណើនេះត្រូវបរាជ័យ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០១២ ដោយសារបណ្តាប្រទេសជាសមាជិកអាស៊ានដទៃទៀតជំទាស់ក្រោមហេតុផលថា ទីម័រខាងកើតមិនទាន់មានលក្ខណសម្បត្តិគ្រប់គ្រាន់នៅឡើយ ក្នុងការចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន។ ទីម័រខាងកើត ត្រូវរង់ចាំរយៈពេល១០ឆ្នាំក្រោយ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី៣ ឆ្នាំ២០២២ ទើបការសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត សម្រេចបានជោគជ័យ។ ទោះជាយ៉ាងណា ចាប់តាំងពីកម្ពុជាទទួលសំណើរបស់ប្រធានាធិបតីទីម័រ មកប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែទទូចឱ្យអាស៊ានទទួលយកទីម័រខាងកើតជាសមាជិកទី១១។ នៅមុននេះមួយឆ្នាំ គឺឆ្នាំ២០២១ ខណៈពិភពលោកកំពុងញាំញីដោយជំងឺរាតត្បាតកូវីដ-១៩ សម្តេច ហ៊ុន សែន នៅតែគាំទ្រទីម័រខាងកើតឱ្យចូលជាសមាជិកអាស៊ាន។ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងទី៣៩ ដែលប្រទេសប្រ៊ុយណេដារូសាឡឹម ធ្វើជាម្ចាស់ផ្ទះ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា អាស៊ានគួរតែទទួលស្គាល់ទីម័រខាងកើត។
កម្ពុជាគាំទ្រសំណើរបស់ទីម័រខាងកើត ដើម្បីចូលរួមជាមួយអាស៊ាន«កម្ពុជាអំពាវនាវដល់សមាជិកអាស៊ានដទៃទៀត ឱ្យយល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ទីម័រខាងកើតអស់រយៈពេលជាច្រើនឆ្នាំ។ ប្រទេសទីម័រខាងកើតបានបង្កើតស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសអាស៊ានទាំងអស់ ប៉ុន្តែអាស៊ានរបស់យើង ហាក់ដូចជាមិនអើពើនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទីម័រខាងកើត» ។ នៅចុងខែមករា ឆ្នាំ២០២២ បន្ទាប់ពីទទួលញញួរជា ប្រធានអាស៊ានប្តូរវេនបន្តពីប្រ៊ុយណេ សម្តេច ហ៊ុន សែន បានប្រកាសជាថ្មីថា នឹងខិតខំជួយជំរុញឱ្យប្រទេសទីម័រខាងកើត ចូលជាសមាជិកអាស៊ានឱ្យបានឆាប់ ។ ការប្រកាសនេះធ្វើឡើង ក្នុងឱកាសដែលសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឱ្យលោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជានឹងបន្តជំរុញសសរស្តម្ភ សេដ្ឋកិច្ច និងសង្គមវប្បធម៌អាស៊ាន ខិតខំរៀបចំបេសកកម្មស្វែងរកការពិតនៅ ប្រទេសទីម័រខាងកើតឱ្យបានឆាប់ ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃ និងរៀបចំផែនទីចង្អុលផ្លូវ ព្រមទាំងពេលវេលាច្បាស់លាស់សម្រាប់ប្រទេសទីម័រខាងកើត ចូលជាសមាជិកអាស៊ាន។ ជាលទ្ធផល នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រមុខដឹកនាំអាស៊ានបានចេញសេចក្តីថ្លែងការណ៍យល់ព្រម និងអនុញ្ញាតជាគោលការណ៍ឱ្យប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ានទី១១ ទោះបីទីម័រខាងកើតត្រូវរង់ចាំមួយឆ្នាំទៀតទើបក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានក៏ដោយ។
យោងសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានបានឱ្យដឹងថា ការឯកភាពនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំអាស៊ានបានពិចារណាលើលទ្ធផល នៃបេសកកម្មស្វែងរកការពិត របស់សសរស្តម្ភសហគមន៍សន្តិសុខនយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន ។ សេចក្តីថ្លែងការណ៍បន្តថា ជាគោលការណ៍ ទីម័រឡេស្តេ ឬទីម័រខាងកើត ត្រូវបានអនុញ្ញាតឱ្យចូលរួមជាសមាជិកអាស៊ានទី១១។
ទីម័រខាងកើតត្រូវបានផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ និងត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ច ប្រជុំកំពូលអាស៊ាន។ ក្នុងនោះ ប្រមុខដឹកនាំអាស៊ាន ក៏បានឯកភាពគ្នា បង្កើតជាផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រីត សម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រ ដោយផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍ នៃបេសកកម្មស្វែងរកការពិតទាំង៣ នៃសសរស្តម្ភរបស់អាស៊ាន។ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ត្រូវបានប្រគល់ភារកិច្ចឱ្យក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះ ហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ សេចក្តីថ្លែងការណ៍បញ្ជាក់ទៀតថា ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅ ត្រូវផ្តល់ការគាំទ្រដោយពេញលេញចំពោះទីម័រខាងកើត ក្នុងការឈានទៅសម្រេចបាន នូវសមិទ្ធផលដែលបានកំណត់ តាមរយៈការកសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រខាងកើត។ក្នុងពេលបំពេញបេសកកម្មការងារនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន ខណៈទីម័រខាងកើតមិនទាន់ទទួលបានការអនុញ្ញាត និងយល់ព្រមឱ្យចូលជាសមាជិកអាស៊ាន ប្រធានាធិបតីទីម័រខាងកើត លោក ចូសេ រ៉ាម៉ូស ហ័រតា (José Ramos-Horta) បានថ្លែងអំណរគុណសម្តេច ហ៊ុន សែន ចំពោះការជួយជ្រោមជ្រែងឱ្យទីម័រក្លាយជាសមាជិកអាស៊ានទី១១។
លោកប្រធានាធិបតី និងគណៈប្រតិភូបានបង្ហាញពីក្តីរំភើប និងថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដោយលោក រ៉ាម៉ូស ហ័រតា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រៀបដូចជាម្ចាស់ នៃប្រទេសទីម័រខាងកើត។ ក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបលោកប្រធានាធិបតី រ៉ាម៉ូស ហ័រតា ថា ក្នុងរយៈពេលប្រមាណ១០ឆ្នាំមកនេះ គឺចាប់តាំងពីកម្ពុជាធ្វើប្រធានអាស៊ាននៅឆ្នាំ២០១២ សម្តេចតេជោ បានខិតខំប្រឹងប្រែងជំរុញឱ្យប្រទេសទីម័រខាងកើត ក្លាយជាសមាជិកអាស៊ាន ហើយសម្តេចសង្ឃឹមថា នឹងមានការគាំទ្រប្រទេសទីម័របានចូលជាសមាជិកអាស៊ាន ដែលអាចនឹងប្រកាសនៅចុងឆ្នាំ២០២២ និងចូលជាសមាជិកពេញសិទ្ធិនៅឆ្នាំ២០២៣។តាមសាវតារ ដែលបានកត់ត្រាដោយអ្នកសារព័ត៌មាន បានឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ផ្តើមទទួលញញួរប្រធានអាស៊ានប្តូរវេន ធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាឆ្នាំ២០២២ពីប្រទេសប្រ៊ុយណេ ដារូសាឡឹម ក្រោមប្រធានបទ«អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»នៅចុងខែតុលា ឆ្នាំ២០២១ សំដៅឆ្លើយតបនឹងបញ្ហាប្រឈមនៅក្នុងតំបន់ និងពិភពលោក ដូចជា ៖ វិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង ការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី អ៊ុយក្រែន ដែលកំពុងបង្កក្ដីព្រួយបារម្ភជាសកល និងតម្រូវឱ្យមានការរួមចំណែកក្នុងការដោះស្រាយជាបន្ទាន់។
នៅចំពោះមុខមេដឹកនាំអាស៊ាន តាមវីដេអូអនឡាញ ដែលអវត្តមានតំណាងមកពីមីយ៉ាន់ម៉ានោះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងនាមប្រជាជន និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមានមោទនភាពយ៉ាងក្រៃលែង ក្នុងការទទួលតំណែងជាប្រធានប្តូរវេនរបស់អាស៊ានសម្រាប់ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន សន្យាថា ឆ្នាំ២០២២ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងខិតខំដឹកនាំកិច្ចប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត ជាពិសេសជំរុញសន្ទុះ នៃដំណើរការកសាងសហគមន៍អាស៊ានប្រកបដោយសមធម៌ រឹងមាំ និងបរិយាបន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺ«ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៍មួយ»។ សម្តេចតេជោ ប្តេជ្ញាចិត្តផងដែរថា នឹងជំរុញឱ្យអាស៊ានបោះជំហានទៅមុខ ដើម្បីភាពសុខដុមរមនា សន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងមូល។ ក្នុងស្មារតីនេះ ការងារអាទិភាពមួយចំនួន ដែលកម្ពុជាត្រូវផ្តោតសំខាន់រួមមាន៖
១. សសរស្តម្ភនយោបាយ និងសន្តិសុខ កម្ពុជានឹងយកចិត្តទុកដាក់ពង្រឹងមជ្ឈដ្ឋានអាស៊ាន និងឯកភាពអាស៊ាន ទាំងក្នុងយន្តការតំបន់ និងកិច្ចសហប្រតិបតិ្តការជាមួយដៃគូខាងក្រៅ ដោយឈរលើមាគ៌ា និងគោលការណ៍របស់អាស៊ាន។
២. សសរស្តម្ភសេដ្ឋកិច្ច កម្ពុជានឹងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវរាល់គំនិតផ្តួចផ្តើម និងវិធានការ ដែលបានឯកភាពគ្នា និងទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដើម្បីស្ដារឡើងវិញ នូវកំណើនសេដ្ឋកិច្ចឱ្យបានឆាប់ និងដើម្បីធានាឱ្យអាស៊ាននៅតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយភាពទាក់ទាញ និងជីវភាព។
៣. សសរស្តម្ភសង្គម-វប្បធម៌ កម្ពុជានឹងជំរុញការអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការកសាងសហគមន៍ រួមទាំងជំរុញការចូលរួមរបស់ស្ត្រី និងយុវជន ក្នុងការរក្សា និងកសាងសន្ដិភាព និងការអភិវឌ្ឍប្រព័ន្ធការពារសង្គមប្រកបដោយបរិយាបន្នផងដែរ។ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងបន្តកៀរគរការគាំទ្រ និងកិច្ចសហប្រតិបតិ្តការ ដើម្បីសម្រេចគោលដៅ នៃការកសាងសសរស្តម្ភសហគមន៍អាស៊ានទាំង៣ តាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។ កម្ពុជា ក៏នឹងជំរុញផងដែរ នូវដំណើរការរៀបចំទស្សនវិស័យសហគមន៍អាស៊ានសម្រាប់រយៈពេលក្រោយឆ្នាំ២០២៥។
តាមព័ត៌មានបឋម បានឱ្យដឹងថា ដើម្បីចុះយកព័ត៌មានក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងប្រធានអាស៊ានប្តូរវេន មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង១៧០០នាក់ បានចុះឈ្មោះនៅក្រសួងព័ត៌មាន ក្នុងនោះអ្នកសារព័ត៌មានជាជនបរទេស៩០០នាក់ ។ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន លោក ផុស សុវណ្ណ បានប្រាប់អ្នកសារព័ត៌មានថា គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកសារព័ត៌មានក្នុងស្រុក ដែលបានចុះឈ្មោះ ដើម្បីមានសិទ្ធិចូលយកព័ត៌មាន អ្នកសារព័ត៌មានកម្ពុជាចម្រុះស្ថាប័ន មានចំនួនជាង៧០០នាក់ រួមទាំងអ្នកសារព័ត៌មានរបស់រដ្ឋដូចជា AKP វិទ្យុ និងទូរទស្សន៍ជាតិជាដើម ក្នុងនោះស្រ្តី១២០នាក់ អ្នកសារព័ត៌មានបរទេស មាន CNN, AL JAZEERA, FOXNEWS Reuters,Thai pds,ANTARA NEWS AGINCY ប្រមាណ៩១០នាក់ (ស្រ្តី២៤៩នាក់) មកពីប្រទេសចំនួន៣២ ។ ក្នុងចំណោមនេះ អ្នកសារព័ត៌មានមកពីប្រទេសជប៉ុនចំនួន១៧៤នាក់(ស្រ្តី៣២នាក់) អ្នកសារព័ត៌មានមកពីកូរ៉េខាងត្បូងចំនួន១៤៨នាក់ (ស្រ្តី៣៧នាក់)និងអ្នកសារព័ត៌មានមកពីសហរដ្ឋអាមេរិកចំនួន១០៣នាក់ មានស្រ្តី៣៨នាក់ ។មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅសណ្ឋាគារសុខា ខណៈកិច្ចប្រជុំកំពូលអាស៊ានកំពុងដំណើរការ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែងថា ពេលធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានកម្ពុជាបានអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលរួមច្រើនជាងបណ្តាប្រទេសនានា នៃសមាជិកអាស៊ាន ។
លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា ការចូលរួមដ៏មានចំនួនច្រើនរបស់អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិ នាពេលនេះ គឺបង្ហាញពីភាពចាស់ទុំរបស់កម្ពុជា និងបង្ហាញពីភាពរឹងមាំទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងភាពចាស់ទុំ រឹងមាំរបស់អ្នកសារព័ត៌មាន ផងដែរ ដែលអ្នកសារព័ត៌មានមកពីខាងក្រៅ ត្រូវយកអ្នកសារព័ត៌មានខាងក្នុងធ្វើជាដៃគូ ដើម្បីសហការ។ គួររម្លឹកថាមួយឆ្នាំបន្ទាប់ពីទទួលបានសិទ្ធិជាប្រធានប្តូរវេនអាស៊ាន នៅដើមខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា បានប្រកាសចាប់ផ្តើមរៀបចំ និងត្រៀមខ្លួន ដើម្បីទទួលមេដឹកនាំពិភពលោក ដែលនឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន តាមការគ្រោងទុក។ កិច្ចប្រជុំដែលមានរយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺអាចនឹងពិភាក្សាលើបញ្ហាប្រឈមធំៗដែលត្រូវពិភាក្សា រួមមានវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា កិច្ចសហប្រតិបត្តិការក្នុងតំបន់ សេដ្ឋកិច្ចក្នុងវិបត្តិកូវីដ-១៩ បញ្ហានៅសមុទ្រចិនខាងត្បូង និងបញ្ហាសកលលោកផ្សេងទៀត ។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ដែលបានចេញផ្សាយនៅពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បង្ហាញថា របៀបវារៈ នៃកិច្ចប្រជុំរយៈពេលបួនថ្ងៃនេះមាន៖ -កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ -កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ -កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ -កិច្ចប្រជុំកំពូលអាស៊ាន- កូរ៉េខាងត្បូងលើកទី២៣ -កិច្ចប្រជុំកំពូលអាស៊ានបូក៣លើកទី២៥ -កិច្ចប្រជុំកំពូលរំឭកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា -កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១០ -កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី២ -កិច្ចប្រជុំកំពូលរំឭកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា -កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និង -កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៧។ ក្រៅពីនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងមានជំនួបទ្វេភាគីជាមួយប្រតិភូមួយចំនួន ដូចជាជំនួបជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង (Li Keqiang) ជំនួបទ្វេភាគីរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ផងដែរ។
មុនពេលកិច្ចប្រជុំកំពូលអាស៊ានមកដល់នោះដែរ មេដឹកនាំពិភពលោក នៃប្រទេសមហាអំណាចមួយចំនួន មានប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន និងនាយករដ្ឋមន្ត្រីចិន លី ខឺឈាង នាយករដ្ឋមន្ត្រីជប៉ុន លោកហ្វូមីអូ គី ស៊ីដា ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន សុកយ៉ល នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អាន់ថូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្ត្រីកាណាដា លោកJustin Trudeau នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ជេស៊ីនដា អារដឺន (Jacinda Ardern) និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ក៏បានបញ្ជាក់អំពីវត្តមាន និងការចូលរួមក្នុងកិច្ចប្រជុំដោយផ្ទាល់ដូចគ្នា លើកលែងតែលោកនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី ដែលត្រូវជំនួសដោយអនុប្រធានាធិបតី Jagdeep Dhankhar និងលោក វ្ល៉ា ឌីមៀពូទីន ប្រធានាធិបតីរុស្ស៊ី ដែលបញ្ជូនរដ្ឋមន្ត្រីការបរទេសមកចូលប្រជុំអាស៊ីព៌ាជំនួស ដោយលុបចោល កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ។ សម្រាប់មេដឹកនាំអាស៊ានចំនួន៨ប្រទេស នឹងមានវត្តមាន នៅរាជធានីភ្នំពេញ រួមមានសម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលជាប្រធានកិច្ចប្រជុំ, ព្រះមហាក្សត្រប្រ៊ុយណេ ហាសាណាល់ ប៊ុលគៀ, ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វិផាវ៉ាន់ ប្រធានាធិបតីហ្វីលីពីន លោក ហ្វែដីណាន់ ម៉ាកូស ជូនៀ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង នាយក រដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញ ឈិញ។
ដោយឡែក លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អ៊ីស្មាអ៊ីល សាប្រ៊ី យ៉ាកុប នឹងមិនមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលឡើយ ដោយសារតែលោកជាប់រវល់ក្នុង ការបោះឆ្នោតថ្នាក់ជាតិ។ ចំណែកមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង មិនមានវត្តមានក្នុងកិច្ចប្រជុំ ដោយសារវិបត្តិផ្ទៃក្នុងប្រទេស ដោយ អាស៊ានសម្រេចអញ្ជើញតំណាងមិនមែននយោបាយមកចូលរួមជំនួស។ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ក៏ដូចជាមេដឹកនាំកំពូលរបស់អាស៊ាន បានអញ្ជើញបើកជាផ្លូវការនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ តាមកាលវិភាគ បន្ទាប់ពីបើកកិច្ចប្រជុំកំពូលអាស៊ានជាផ្លូវការ សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំកំពូលរបស់អាស៊ានដទៃទៀត បានអញ្ជើញទស្សនាពិព័រណ៍រូបថតបង្ហាញពីការរួមចំណែករបស់កម្ពុជាក្នុងអាស៊ាន ក្រោយពេលក្លាយជាសមាជិកអាស៊ានរយៈពេល២៣ឆ្នាំកន្លងមកនេះ ។
បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន និងប្រមុខដឹកនាំរដ្ឋ/រាជរដ្ឋាភិបាលសមាជិកអាស៊ាន អញ្ជើញចាប់ផ្តើម និងចូលរួម កិច្ចប្រជុំកំពូលលើកទី៤០ និងកិច្ចប្រជុំកំពូល៤១។ នៅរសៀលថ្ងៃដដែល សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន ព្រមទាំងមេដឹកនាំ នៃប្រទេសដៃគូសន្ទនារបស់អាស៊ាន ចាប់ផ្តើម នូវកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀត។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយបណ្តាមេដឹកនាំប្រទេស និងអង្គការអភិវឌ្ឍន៍ ដែលកំពុងមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា។ភាពជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្នុងការធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ជាពិសេសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (55th AMM)និងកិច្ចប្រជុំពាក់ព័ន្ធពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ត្រូវបានអបអរសាទរ ដោយប្រជាជន បញ្ញវន្ត និងមន្រ្តីរាជការកម្ពុជា ពីគ្រប់មជ្ឈដ្ឋាន និងអន្តរជាតិ ។ សារព័ត៌មាន ហ្សាការតា ប៉ុស្តិ៍(Jakarta Post) បានសរសេរបទវិចារណកថាមួយ ដោយដាក់ចំណងជើងថា អបអរសាទរអាស៊ាន ដែលក្នុងអត្ថបទ នៃវិចារណកថានេះ បានបង្ហាញពីសណ្តាប់ធ្នាប់អាស៊ាន ត្រូវបានធ្វើឱ្យមានរបៀបរៀបរយក្នុងកិច្ចប្រជុំ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងជាប្រធាន។
វិចារណកថាបន្តថា នៅចំកណ្តាលនៃភាពតានតឹងសកលដែលកំពុងតែកើនឡើងដោយសារតែសង្រ្គាម រវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាការកើនឡើងនូវភាពតានតឹងរវាងចិន និងសហហរដ្ឋអាមេរិក លើបញ្ហាកោះតៃវ៉ាន់ ពិភពលោកត្រូវការជាចាំបាច់ នូវវេទិកាផ្លូវការមួយ ដែលយ៉ាងហោចណាស់ក៏អ្នកចូលរួមអាចសម្តែងចេញនូវជំហររបស់ខ្លួន ហើយអាស៊ានបានផ្តល់កន្លែងមួយដែលប្រទេសមហាអំណាចធំៗរបស់ពិភពលោកមានអារម្មណ៍ថា ខ្លួនមាន ផាសុកភាព។ អាស៊ានជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ តែងតែព្យាយាមមិនឱ្យផុងខ្លួននៅជាប់ចំចំណុចកណ្តាល នៃការប្រយុទ្ធគ្នាដោយភ្ញៀវរបស់ខ្លួន។ ហេតុផលមួយក្នុងចំណោមហេតុផលទាំងឡាយ ដែលនាំឱ្យភ្ញៀវអាស៊ានគោរពច្បាប់ល្បែងនេះ គឺដោយសារតែអាស៊ានបានទទួលជោគជ័យ ក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងដ៏លំបាកបំផុតរបស់ខ្លួនដោយការដាក់ទណ្ឌកម្មរបបយោធាមីយ៉ាន់ម៉ាក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ Min Aung Hlaing ចំពោះទង្វើរបស់ខ្លួន។ ជាការភ្ញាក់ផ្អើលសម្រាប់ប្រទេសជាសមាជិកមួយចំនួន សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញថា សម្ដេចជាប្រធានអាស៊ាន ដែលមានការទទួលខុសត្រូវចំពោះវេទិកាតំបន់នេះ បើទោះបីជាក្នុងចិត្តរបស់សម្ដេចប្រហែលជាប្រាថ្នាចង់នៅឱ្យឆ្ងាយពីកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ាក៏ដោយ។ ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប ដែលប្រាកដប្រជានិយម សម្ដេច ហ៊ុន សែន បានទទួលស្គាល់ថា ការឈរនៅខាងមេដឹកនាំរបបយោធា ដែលអាចនឹងនាំឱ្យស្រអាប់តួនាទីរបស់សម្ដេចក្នុងចំណោម មេដឹកនាំអាស៊ានតែប៉ុណ្ណោះ។ ក្នុងនាមជានាយករដ្ឋមន្ត្រី ដែលកាន់អំណាចយូរជាងគេលើពិភពលោក សម្ដេច ហ៊ុន សែន ក៏មានបញ្ហានៅក្នុងប្រទេសរបស់ខ្លួនផងដែរ។ ប៉ុន្តែដោយពុំចាប់គិតអំពីចេតនាពិតរបស់សម្ដេច ហ៊ុន សែន ស័ក្តិសមនឹងទទួលបាន នូវការទះដៃអបអរយ៉ាងកងរំពង។
ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដាណឺម៉ាក ក្រិក ហូឡង់ អូម៉ង់ កាតា និងអារ៉ាប់រួម ប្រទេសន័រវែស ប៉ាគីស្ថាន ស្វ៊ីស និងតួកគី បានចុះហត្ថលេខាលើលិខិតុបករណ៍ នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC)។ ឥឡូវនេះ ប្រទេសចំនួន៤៩ រួមទាំងសហរដ្ឋអាមេរិក ចិន ជប៉ុន បារាំង ចក្រភពអង់គ្លេស ឥណ្ឌា និងកាណាដា បានចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃTAC។ សារព័ត៌មាន Thai PBS World ដោយអ្នកនិពន្ធ Kavi Chongkittavorn បានចេញផ្សាយបទវិចារណកថា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ដោយប្រើចំណងជើងថា អាស៊ាននៅអាយុ៥៥ឆ្នាំ ការរស់រានមានជីវិត និងការទធាក់ជើង។ ខ្លឹមសារ នៃបទវិចារណកថាបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន នាពេលបច្ចុប្បន្ន កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង នូវអ្វីដែលខ្លួនអាចធ្វើបានល្អបំផុត ដើម្បីបង្ហាញពីមជ្ឈភាព និងសាមគ្គីភាពអាស៊ាន។ លទ្ធផល នៃកិច្ចប្រជុំប្រចាំឆ្នាំរបស់អាស៊ាន គឺជាតឹកតាងបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពឧស្សាហ៍ព្យាយាម។ ពិតណាស់ ប្រធានអាស៊ានបានស្ដារឡើងវិញ នូវភាពអាចជឿជាក់បាន (credibility) ដែលខ្លួនសមនឹងទទួលបន្ទាប់ពីបានសាងកំហុសកាលពីមួយទសវត្សរ៍មុន។ អាស៊ាន ដែលមានកម្ពុជាជាប្រធាន ក៏បានអះអាងជាថ្មីអំពីការត្រៀមខ្លួននៅក្នុងការដើរតួនាទីស្ថាបនាដើម្បីសម្របសម្រួលឱ្យមានកិច្ចសន្ទនាដោយសន្តិវិធីតាមរយៈយន្តការដឹកនាំដោយអាស៊ាន។
នៅក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន (ARF) ប្រទេសជាសមាជិកទាំង២៧ បានចែករំលែកទស្សនៈរបស់ខ្លួន អំពីបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ។ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ០២២ សារព័ត៌មាន Melinda Martinus / Fulcrum បានចេញផ្សាយបទវិចារណកថា និពន្ធដោយ Sharon Seah, Joanne Lin ដោយប្រើចំណងជើងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ កង្វល់ជា ច្រើនដើម្បីអ្វីៗគ្រប់យ៉ាង ឬគ្មានអ្វីទាំងអស់។ ការវិវត្តនៅច្រកសមុទ្រកោះតៃវ៉ាន់ ការសាកល្បងថ្មីមួយអំពីភាពម៉ឺងម៉ាត់សម្រាប់អាស៊ាន។ បទវិចារណកថា សង្កត់ធ្ងន់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាន មើលទៅហាក់បីដូចជាមិនរួញរា និងបានឆ្លើយតបយ៉ាងទាន់ពេលវេលា និងឆាប់រហ័ស តាមរយៈការចេញសេចក្តីថ្លែងការណ៍តែឯងស្តីពីការវិវត្តនៅច្រកសមុទ្រ កោះតៃវ៉ាន់។ ចំពោះកេរ្ដិ៍ឈ្មោះរបស់អាស៊ាន សេចក្តីថ្លែងការណ៍ ដែលបានឯកភាពគ្នាជាឯកច្ឆន្ទបានគ្របដណ្តប់គ្រប់ជ្រុងជ្រោយទាំងអស់ចាប់ពីការបង្ហាញពីក្ដីព្រួយបារម្ភអំពីការប្រែប្រួលក្នុងតំបន់ និងការគណនាខុស ដែលអាចកើតមាន រហូតដល់ការអំពាវនាវឱ្យមាន ភាពអត់ធ្មត់ជាអតិបរមា។ រឿងមួយដែលប្រាកដប្រជានោះគឺការអះអាងជាថ្មី យ៉ាងម៉ឺងម៉ាត់របស់ប្រទេសជាសមាជិកទាំងអស់«គោរពគោលនយោបាយចិនតែមួយ»។ សេចក្តីថ្លែងការណ៍នេះគឺជាសិល្បៈការទូតរបស់អាស៊ានដែលល្អបំផុត។
បទវិចារណកថា ក៏បានលើកឡើងដែរថា វិបត្តិមីយ៉ាន់ម៉ា ដែលជាសម្ពាធរួមដ៏ធ្ងន់ធ្ងរ ប៉ុន្តែ ការវិវត្តនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍ថា ត្រូវបានលើកយកទៅពិភាក្សាយ៉ាងទូលំទូលាយនៅក្នុងកិច្ចប្រជុំ។ សុន្ទរកថាបើកកិច្ចប្រជុំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់តម្រុយអំពីទិសដៅ នៃកិច្ចពិភាក្សា។ សម្តេច ហ៊ុន សែន បានបញ្ជាក់ជំហរនៅក្នុងសុន្ទរកថា យ៉ាងម៉ឺងម៉ាត់ដ៏គួរឱ្យភ្ញាក់ផ្អើលថា ប្រសិនបើមានការប្រហារជីវិតអ្នកទោសនយោបាយទៀតនៅពេលនោះ អាស៊ាននឹងត្រូវបង្ខំចិត្តឱ្យធ្វើការពិចារណាឡើងវិញអំពីតួនាទីរបស់ខ្លួន ពាក់ព័ន្ធនឹងការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។ អាស៊ានបានសម្តែងពីការខកបំណងរបស់ខ្លួនជាឯកច្ឆន្ទ ទៅលើវឌ្ឍនភាពតិចតួច ដែលសម្រេចបានក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។
សេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន បានផ្តល់អនុសាសន៍ថា ការវាយតម្លៃអំពីវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច គួរតែធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីជាមគ្គុទេ្ទសក៍ នៃការសម្រេចចិត្តសម្រាប់ជំហានបន្ទាប់ ខណៈពេលមានប្រទេសជាសមាជិកមួយចំនួនទទួលយកការពន្យារពេលការសម្រេចចិត្តដោយរដ្ឋមន្ត្រីការបរទេស ទៅជាការសម្រេចចិត្តដោយថ្នាក់ដឹកនាំកំពូល ដែលការសម្រេចចិត្តនេះ ក៏ជាការផ្តល់ឱកាស៣ខែដល់ក្រុមប្រឹក្សារដ្ឋបាលនៃរដ្ឋ (SAC) ដើម្បីបង្ហាញពីសុច្ឆន្ទៈមួយចំនួនទៅដល់អាស៊ាន។អ្នកសរសេរវិចារណកថាបន្ថែមថា សំណើសុំចូលជាសមាជិកអាស៊ាន របស់ប្រទេសទីម័រខាងកើត មើលទៅឃើញថា មានការវិវត្តល្អប្រសើរ ដោយរដ្ឋមន្ត្រីការបរទេសអាស៊ាន បានឯកភាព ដោយពន្លឿនដំណើរការសម្រាប់សំណើសុំចូលជាសមាជិក និងបញ្ហាអ៊ុយក្រែន ដោយអាស៊ានហាក់ដូចជាបានជួសជុលរបងរបស់ខ្លួន ជាមួយការបើកចំហខ្សែលួសនៅខាងដើមចំនួនពីរជួរ ដោយការពារខ្លួនបានយ៉ាងល្អនៅលើផ្នែកដ៏ត្រឹមត្រូវ នៃច្បាប់អន្តរជាតិ ជាអាទិ៍ សម្រាប់ប្រជាជាតិទាំងអស់ គឺអាស៊ានបន្តបញ្ជាក់សាជាថ្មី នូវការគោរពរបស់យើងចំពោះអធិបតេយ្យភាព ឯករាជភាពនយោបាយ និងបូរណភាពទឹកដី និងដោយការអះអាងជាថ្មី នូវអំពាវនាវរបស់ខ្លួនឱ្យគោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
ក្រៅពីនេះ កម្ពុជាមិនត្រឹមតែអាចឆ្លើយតបបានទាន់ពេលវេលាចំពោះការវិវឌ្ឍ នៃស្ថានការណ៍ដែលកំពុងកើតមាន នៅក្នុងរង្វង់អាស៊ាន ប៉ុណ្ណោះទេ កម្ពុជាថែមទាំងបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលមាន ១១៩កថាខណ្ឌ ដោយឆ្លើយតបទៅនឹងចំណុចសំខាន់ៗ នៃជម្លោះ នៅមីយ៉ាន់ម៉ា និងរុស្ស៊ី អ៊ុយក្រែន ក្នុងទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក បានយ៉ាងល្អនៅមុនការបញ្ចប់កិច្ចប្រជុំទាំងអស់ផងដែរ។ កត្តាទាំងនេះបង្ហាញអំពីកម្រិត នៃការសម្របសម្រួល ដែលប្រទេសជាម្ចាស់ផ្ទះបានចំណាយពេល និងការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីធានាថា ការចរចាលើ អត្ថបទនានា នឹងមិនត្រូវបានជជែកឡើងវិញនៅនាទីចុងក្រោយឡើយ។ ការសម្រេចចិត្ត ដើម្បីដកសេចក្តីថ្លែងការណ៍ស្ដីពីការវិវត្តនៅច្រកសមុទ្រកោះតៃវ៉ាន់ចេញពីសេចក្តីថ្លែងការណ៍រួម គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ព្រោះវាមានហានិភ័យទៅបំផ្លាញអត្ថបទ ដែលបានចរចារួច ហើយ។ជាមួយគ្នានេះដែរ វិទ្យាស្ថានស្រាវជ្រាវ និងតំណាងសហភាពអឺរ៉ុប ផ្តល់ចំណាត់ថ្នាក់ល្អដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន។
ក្នុងសារលិខិតអបអរសាទរ ចំពោះភាពជោគជ័យរបស់កម្ពុជា ដែលធ្វើជាប្រធានអាស៊ាន ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដែលត្រូវបានបកប្រែក្រៅផ្លូវការ ដោយក្រសួងការបរទេសកម្ពុជា លោកចូសេព បូរ៉េល វុនតេលេស (Josep Borrell Fontelles) តំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានលើកឡើងថា នៅពាក់កណ្តាលផ្លូវក្នុងតួនាទីជាប្រធានប្តូរវេនអាស៊ាន កម្ពុជាត្រូវបានគេកោតសរសើរចំពោះតួនាទី និងការរួមចំណែករបស់ខ្លួនក្នុងនាមជាប្រធានអាស៊ាន និងសម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដោយជោគជ័យ។ លោកអះអាងថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាកំពុងដើរតួនាទីរបស់ខ្លួន ដោយការចូលរួមយ៉ាងច្រើនទាំង ជាលក្ខណៈនយោបាយ និងបុគ្គល ក្នុងការកាត់បន្ថយអំពើហិង្សានៅមីយ៉ាន់ម៉ា។ លោករម្លឹកដោយ ស្ញប់ស្ញែងថា ប្រទេសកម្ពុជាដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង គឺមិនគួរត្រូវរងការស្តីបន្ទោសណាមួយ ចំពោះបរាជ័យក្នុងការនាំមកនូវសន្តិភាពដល់ប្រទេសមីយ៉ាន់ម៉ាទេ។
លោកបានការពារកម្ពុជាថា មិនមែនជាកំហុសរបស់កម្ពុជាទេ ប៉ុន្តែ ជាកំហុសរបស់របបសឹកមីយ៉ាន់ម៉ា ដែលប្រហារជីវិតសកម្មជននយោបាយបួននាក់នៅឆ្នាំ២០២២។ លោកវុនតេលេស បញ្ជាក់ពីជំហររបស់លោកថា លោកសូមកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ហើយលោកក៏សូមវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន។ វិទ្យាស្ថាន ISEAS-Yusof Ishak ដែលជាវិទ្យាស្ថានស្រាវជ្រាវមួយ ពីមុនមានឈ្មោះថា វិទ្យាស្ថានសម្រាប់ការសិក្សាអំពីអាស៊ីអាគ្នេយ៍ បានធ្វើបទវិភាគរបស់ខ្លួន ដែលចេញផ្សាយនៅក្នុងវេទិកានយោបាយអនឡាញ Fulcrum Commentary ក៏បានកោតសរសើរកម្ពុជា ចំពោះសមត្ថភាព ក្នុងការដោះស្រាយភាពតានតឹងបច្ចុប្បន្ន ក្នុងនាមជាប្រធានអាស៊ានដោយផ្អែកលើលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។ បទវិភាគសរសេរថា ក្នុងនាមជាប្រធាន នៃកិច្ចប្រជុំ កម្ពុជាបានដោះស្រាយទាំងខ្លឹមសារ និងសមត្ថភាពប្រកបដោយសក្ដានុពល ដោយបានរំដោះខ្លួនចេញពីភាពបរាជ័យអស់មួយទសវត្សរ៍ ដែលខកខានចេញសេចក្តីថ្លែងការណ៍រួមជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រអាស៊ានកាលពីឆ្នាំ ២០១២។
ក្រោយបញ្ចប់កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក វីវៀនបាឡាគ្រីស្ហ្សណាន់ (Vivian Balakrishnan) បានថ្លែងអបអរសាទរ ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥។ យោងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ លោក វីវៀន បាឡាគ្រីស្ហ្សណាន់ បានសរសេរថា «យើងកំពុងស្ថិតក្នុងគ្រាដ៏គ្រោះថ្នាក់មួយក្នុងទំនាក់ទំនងពិភពលោក។ ជោគជ័យនៃកិច្ចប្រជុំកំពូល អាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF) គឺជាសក្ខីភាព ចំពោះតួនាទីរៀបចំប្រមូលផ្តុំរបស់អាស៊ាន ក្នុងការរក្សានិម្មាបនកម្មតំបន់ ដែលបើកចំហប្រកបដោយបរិយាបន្ន និងជំរុញកិច្ចសន្ទនានិងការទូត»។ លោកបានបន្តសំណេររបស់ខ្លួនថា លោកសូមអបអរសាទរ ចំពោះកម្ពុជា ដែលទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន(AMM) លើកទី៥៥។ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ក៏បានកោតសរសើរកម្ពុជាដូចគ្នា សម្រាប់ការរួមចំណែកជាវិជ្ជមានដល់កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា។ ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធលោក វ៉ាង យី មានប្រសាសន៍ ថាកម្ពុជាបានបំពេញការងាររបស់ខ្លួនបានយ៉ាងល្អ និងជោគជ័យក្នុងការរួមចំណែកជាវិជ្ជមានដល់កិច្ចសហប្រតិបត្តិការអាស៊ី បូព៌ា ។
លោក វ៉ាង យី សន្យាថា នឹងបន្តគាំទ្រកម្ពុជាយ៉ាងមុតមាំ ហើយលោកជឿជាក់ថា កម្ពុជានឹងបំពេញតួនាទីរបស់ខ្លួនជាប្រធានប្តូរវេនអាស៊ាន ក្នុងការជំរុញទំនាក់ទំនងអាស៊ាន-ចិន ឱ្យឈានដល់កម្រិតថ្មីមួយបន្ថែមទៀត។ក្នុងជំនួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស លោក ប្រាក់ សុខុន នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ រដ្ឋមន្ត្រីការបរទេស ប៉ាគីស្ថាន លោក Bilawal Bhutto Zardari បានអបអរសាទរកម្ពុជា ចំពោះភាពជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ លោក អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដែលចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រ ជុំរដ្ឋមន្ដ្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបង្ហាញពីសុទិដ្ឋិនិយមរបស់ខ្លួន ចំពោះកិច្ចប្រជុំនេះ ។ លោកអេនតូនី ប្លីនខេន បានបង្ហោះលើបណ្ដាញសង្គមTwitterថា «ស្របពេលដែលខ្ញុំចាកចេញពីប្រទេសកម្ពុជា ខ្ញុំកំពុងរម្លឹកឡើងវិញ ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន និងថ្នាក់ដឹកនាំក្នុងតំបន់ដ៏ទៃទៀត។ ពួកយើងសម្រេចបាន នូវវឌ្ឍនភាព ឆ្ពោះទៅរកគោលដៅរួមរបស់ពួកយើង។ ខ្ញុំចាកចេញដោយមានសុទិដ្ឋិនិយម អំពីវឌ្ឍនភាព ដែលពួកយើងនៅតែអាចធ្វើបានរួមគ្នា ដើម្បីឆ្ពោះទៅរកចក្ខុវិស័យសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់ពួកយើង»។
នៅក្នុងសន្និសីទសារព័ត៌មាន មុនពេលចាកចេញពីភ្នំពេញ លោក អេនតូនី ប្លីនខេន បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តមានទំនាក់ទំនង ជាវិជ្ជមានជាមួយកម្ពុជា ដោយផ្អែកលើកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ដូចជាទីផ្សារនាំចេញ និងជំនួយអភិវឌ្ឍន៍ ខណៈអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកក៏បានប្រកាស អំពីគម្រោងថ្មីមួយ ដែលមានទឹកប្រាក់ចំនួន២៥ លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច ក្នុងវិស័យកសិកម្មនៅកម្ពុជា ទៀតផង។ យោងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) ចុះថ្ងៃទី៧ ខែសីហា២០២២ ស្តីពីការចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានរបស់លោក អេនតូនី ប្លីនខេន ដែលត្រូវបានដកស្រង់ខ្លឹមសារដោយUSABCបានព្រមានរដ្ឋបាល ចូ បៃដិន ថា ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន សង្ឃឹមថា ខណៈពេលសមាជិកសភាជជែកដេញដោលអំពីច្បាប់ ដែលអាចជះឥទ្ធិពលដោយផ្ទាល់ទៅដល់អនាគត នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-អាស៊ាន និងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក (IPS) ដូចជាច្បាប់ស្តីពីប្រជាធិបតេយ្យនៅកម្ពុជា (Cambodia Democracy Act) ផងនោះក្រុមប្រឹក្សាជំរុញឱ្យមានការសន្និដ្ឋានឱ្យបានគ្រប់ជ្រុងជ្រោយជាងនេះ ចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាឯកតោភាគីមកលើកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន ព្រោះការដាក់ទណ្ឌកម្មជាឯកតោភាគី និងការចោទប្រកាន់នេះ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ សន្តិសុខ របស់សហរដ្ឋអាមេរិក តាមរយៈការជំរុញឱ្យកម្ពុជា កាន់តែជិតស្និទ្ធជាមួយចិន នៅពេលដែលកម្ពុជាបន្តបោះជំហានទៅរកកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ព្រមទាំងបញ្ហានិរន្តរភាពនានា ដែលមានសារសំខាន់ចំពោះបណ្តាក្រុមហ៊ុន និងអ្នកវិនិយោគអាមេរិក។
សេចក្តីប្រកាសព័ត៌មាន បានបន្តដោយការព្រមានរដ្ឋាភិបាលអាមេរិកថា បន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាមេរិកជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាស នៃកិច្ចប្រជុំ ARF យើងលើកទឹកចិត្តឱ្យបន្តកិច្ចសន្ទនា និងការងារការទូតជុំវិញបញ្ហាទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិការងារ និងការប្រើប្រាស់មូលដ្ឋានយោធាកម្ពុជារបស់ចិន ជាជាងការកំណត់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្បាប់ ដែលអាចទទួលលទ្ធផលផ្ទុយពីការចង់បាន។ ក្រៅពីនេះ ក៏នៅមានរដ្ឋមន្រ្តីការបរទេសទីម័រខាងកើតលោកស្រី អាដាល់ ជីហ្សា ហ្សាវីយេ រៃយ៍ ម៉ាកណូ និងរដ្ឋមន្ត្រីការបរទេសក្រិក លោក Nikos Dendias បានអបអរសាទរកម្ពុជា ចំពោះភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់កម្ពុជា ដែលធ្វើឱ្យប្រទេសទីម័រខាងកើត ក្លាយជាសមាជិកអាស៊ានទី១១ និងប្រទេសក្រិក បានចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC)។នៅពេលចាកចេញពីកម្ពុជា បន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដែលសម្តេច ហ៊ុន សែន សរសើរថា មានអត្តចរិតរួសរាយរាក់ទាក់គួរឱ្យគោរពនោះ ក៏បានកោតសរសើរ និងអបអរសាទរ ចំពោះភាពជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាននៅឆ្នាំ២០២២ និងចំពោះការគំាទ្ររបស់កម្ពុជា ក្នុងការពង្រីកកម្រិតទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ទៅជា ភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយផងដែរ ។
លោក ចូ បៃដិន ក៏បានកោតសរសើរ កម្ពុជាចំពោះតួនាទីប្រកបដោយស្ថាបនារបស់ខ្លួន ក្នុងឋានៈជាប្រធានអាស៊ាន ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងបានវាយតម្លៃខ្ពស់ ចំពោះជំហរកម្ពុជា លើបញ្ហា សង្រ្គាមនៅអ៊ុយក្រែន និងការបាញ់ មីស៊ីលបាលីស្ទិកថ្មីៗនេះ របស់កូរ៉េខាងជើង។ តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រៅពីកោតសរសើរកម្ពុជា លោក ចូ បៃដិន បានសន្យាចំពោះសម្តេច ហ៊ុន សែន ថា នឹងប្រឹងប្រែងបន្ថែមទៀត ក្នុងការនាំវត្ថុបុរាណខ្មែរ ដែលនៅសេសសល់ត្រលប់មកវិញ។ក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី ចូ បៃដិន ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការបន្តសកម្មភាព នៃកិច្ចសហប្រតិបត្តិការ រួមមាន កិច្ចសហប្រតិបត្តិលើការអនុវត្តច្បាប់ដើម្បីប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន វិស័យវប្បធម៌ ការដោះមីន ការថែរក្សាសន្តិភាព និងបរិស្ថាន ។ ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការប្រគល់ត្រលប់មកកម្ពុជាវិញ នូវវត្ថុបុរាណកម្ពុជាដែលត្រូវបានគេលួច និងជួញដូរ។ សម្តេចតេជោ ក៏បានអំពាវនាវឱ្យមានការរួមចំណែកបន្ថែមទៀតពីសហរដ្ឋអាមេរិក ដើម្បីកម្ពុជាសម្រេចបាន «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥»។ក្នុងសន្និសីទសារព័ត៌មាន ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ និងពិធីផ្ទេរតំណែងប្រធានអាស៊ានជូនសាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាប្រធានអាស៊ានឆ្នាំ២០២២ បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលទើបតែបញ្ចប់ទៅ គឺជាសក្ខីភាពបញ្ជាក់ថា កម្ពុជាបានដើរតួនាទីនាំមុខ នៃការធ្វើជាប្រធានអាស៊ានប្តូរវេន និងមានភាពជោគជ័យទាំងការអញ្ជើញថ្នាក់ដឹកនាំកំពូលៗពីបណ្តាប្រទេសនានា និងការរក្សាសន្តិសុខជូនមេដឹកនាំទាំងនោះ ហើយផលប្រយោជន៍ ដែលកម្ពុជាទទួលបាននាពេលនេះ គឺកិត្យានុភាព ជាប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា លុយយើងអាចចាយអស់ក្នុងមួយថ្ងៃ ឬមួយឆ្នាំ ប៉ុន្តែកេរ្តិ៍ដំណែល កិត្តិយស ដែលយើងរកបានប៉ុន្មានថ្ងៃនេះ ចាយមិនអស់ទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីសមិទ្ធផល នៃកិច្ចប្រជុំថា មានឯកសារចំនួន១០០ បានសម្រេចអនុម័ត និងចុះហត្ថលេខា នៅរាជធានីភ្នំពេញក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយឯកសារដែលបានអនុម័ត និងចុះហត្ថលេខាទាំង១០០នោះ នឹងយកទៅរក្សាទុកនៅតាមបណ្ណាល័យនានា សម្រាប់ឱ្យកូនចៅរៀនសូត្រនៅពេលក្រោយ។ ប៉ុន្តែ សម្តេចតេជោបញ្ជាក់ថា បើនិយាយអំពីចំណុចក្តៅវិញ កម្ពុជា គឺជាអ្នកទទួលដុំថ្មក្ដៅពីគេទាំងអស់ ប៉ុន្តែកម្ពុជាបានប្រែក្លាយដុំថ្មក្ដៅនេះ ឱ្យត្រជាក់ ដែលគេអាចកាន់បាន ទទួលយកបាន ដែលអាចប្រគល់ឱ្យឥណ្ឌូនេស៊ី និងឈានបន្តដល់ប្រទេស ឡាវ ក្នុងការធ្វើឱ្យស្ថានការណ៍កាន់តែត្រជាក់ និងដោះស្រាយបានដោយរលូន និងប្រសិទ្ធភាព។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានប្រសាសន៍ផងដែរថា ឆ្នាំ២០២២នេះ ជាឆ្នាំដ៏វិសេសវិសាល ដោយយើងបានប្រារព្ធពិធីខួបអនុស្សាវរីយ៍៥៥ឆ្នាំ នៃវឌ្ឍនភាព និងការអភិវឌ្ឍ ចាប់ពីថ្ងៃនៃការបង្កើតសមាគមអាស៊ានមក ។ សម្តេច មានប្រសាសន៍ទៀតថា មគ្គុទេ្ទសក៍គោលនយោបាយទាំងនេះ បានបង្ហាញពីការតាំងចិត្តរបស់យើង ក្នុងការកសាងអនាគតអាស៊ានទៅជាសហគមន៍ ដែលមានឯកភាព បរិយាបន្ន ភាពធន់ និងនីតិរដ្ឋជាសហគមន៍ ពោរពេញដោយកាលានុវត្តភាព ដែលប្រជាជនអាចមានការតភា្ជប់គ្នាយ៉ាងរលូន ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌ បរិស្ថាន សុខភាពល្អ និងដើរតួជាស្នូលសម្រាប់ការពង្រឹងទំនាក់ទំនងជាមួយ ដៃគូខាងក្រៅ ដោយផ្អែកលើទំនុកចិត្ត និងការគោរពគា្នទៅវិញទៅមក ដើម្បីសន្តិភាព សន្តិសុខ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងតំបន់ ក៏ដូចជាសកលលោក។ការផ្តល់នាឡិកាដៃ ជាអនុស្សាវរីយ៍ដល់មេដឹកនាំអាស៊ានដើម្បីបង្ហាញពីមិត្តភាព និងពីសមត្ថភាពរបស់កម្ពុជា ដែលអាចធ្វើបាន ទៅកាន់អាស៊ាន ក៏ដូចជាពិភពលោក នៅដើមខែតុលា ឆ្នាំ២០២២ សម្តេចប្រមុខរាជរដ្ឋាភិបាល បានប្រកាសថា កម្ពុជាបានត្រៀមផលិតនាឡិកា២៥គ្រឿង ផ្ទាល់ខ្លួនម៉ាក អាស៊ាន សម្រាប់ជាអំណោយ(កាដូ)សម្រាប់មេដឹកនាំបណ្តាប្រទេសដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា ត្រៀមផលិតនាឡិកាម៉ាក អាស៊ាន ជាផលិតរបស់កម្ពុជា( Made in Cambodia) ចំនួន ២៥គ្រឿង សម្រាប់ចែកជូនថ្នាក់ដឹកនាំកំពូលៗ នៃបណ្តាប្រទេស ដៃគូ ដែលអញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២២។ សម្ដេចតេជោបញ្ជាក់ សមិទ្ធផលនេះ ដើម្បីបង្ហាញទៅពិភពលោកថា បច្ចុប្បន្ននេះ ខ្មែរអាចផលិតនាឡិកា បានហើយ ឬមានន័យថា ខ្មែរធ្វើបាន។ សម្តេចនឹងចែកជាកាដូ ជូនចំពោះប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលនានា ហើយនៅថ្ងៃប្រជុំនោះ សម្តេចនឹងពាក់នាឡិកាម៉ាកអាស៊ានតែម្ដង។ សម្ដេចតេជោលើកឡើងដែរថា អាស៊ានមានតែ១០ ប៉ុណ្ណោះ ប៉ុន្ដែមានដៃគូច្រើន និងប្រធានស្ថាប័នពិភពលោក ដូចជា ប្រធានធនាគារពិភពលោក អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) អគ្គនាយកអង្គការពាណិជ្ជកម្ម ពិភពលោក។ ក្រៅពីនេះ ក៏មានវត្តមានប្រធានអង្គការសុខភាពពិភពលោក ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានអង្គការសហប្រតិបត្តិការសៀងហៃ និងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ដែលមកចូលរួមកិច្ចសន្ទនាសកលលើកទី២ នៅកម្ពុជា។
នៅដើមខែវិច្ឆិកា ឆ្នាំ២០២២ នៅចំពោះមុខអ្នកសារព័ត៌មាន ដ៏ច្រើនកុះករ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន សម្ដេចតេជោ ហ៊ុន សែន បានលើក ឡើងជាថ្មីថា ការផ្ដល់នាឡិកាដៃ ជូនទៅមេដឹកនាំ ដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា គឺចង់បញ្ជាក់ឱ្យពិភពលោកឃើញថា ជាអ្វីដែលខ្មែរអាចធ្វើបាន ។ នាឡិកា ម៉ាកអាស៊ាន ដែលកម្ពុជាបានផលិត និងដែលសម្តេចហ៊ុន សែន បានជូន មេដឹកនាំបណ្ដាប្រទេសអាស៊ាន និងមេដឹកនាំពិភពលោកនេះ មួយគ្រឿងតម្លៃ២ម៉ឺនដុល្លារ ធ្វើឱ្យមានតម្លៃសរុប២៥គ្រឿង ស្មើនឹងកន្លះលានដុល្លារសហរដ្ឋអាមេរិក ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទោះយ៉ាងណា រាជរដ្ឋាភិបាលមិនបានចំណាយសូម្បីតែមួយសេនលើការផលិតនេះ ព្រោះ ជាបច្ចេកវិទ្យារបស់ក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា ដែលបានបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ផលិតនាឡិកាលំដាប់ខ្ពស់។