អភិបាលខេត្តតាកែវ ចុះពិនិត្យមើលការស្ថាបនាផ្លូវមួយខ្សែ ចាប់ពីរដ្ឋបាលសាលាស្រុកបូរីជលសារ ទៅដល់ សាលាឃុំកំពង់ក្រសាំង មានប្រវែងជាង ១០គីឡូម៉ែត្រ
ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣ បានបន្តឆ្លៀតចុះពិនិត្យមើលការស្ថាបនាផ្លូវ ចាប់ពីរដ្ឋបាលសាលាស្រុកបូរីជលសារ ទៅដល់ សាលាឃុំកំពង់ក្រសាំង មានប្រវែងជាង ១០គីឡូម៉ែត្រ ដែលជាអំណោយ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ផ្ដល់ជូនពលរដ្ឋ នៅតាមបន្ទាត់ព្រំដែន ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ដឹកកសិផល ឬដោះដូរទំនិញផ្សេងៗ ព្រោះកន្លងមកនៅមូលដ្ឋាននេះ ពុំដែលមានផ្លូវធ្វើដំណើរមកដល់ទេ គឺធ្វើដំណើរតាមផ្លូវទឹក។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ពិសេសផ្លូវថ្នល់នេះតែម្តង ព្រោះថាការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ម្យ៉ាងទៀតប្រជាពលរដ្ឋដែលនៅរស់នៅសងខាងផ្លូវនេះ មេត្តាយោគយល់ និងអធ្យាស្រ័យ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានលក្ខណៈបច្ចេកទេស សំដៅធានាឲរាល់សំណង់ មានសោភ័ណភាព មានគុណភាពរឹងមាំ ដើម្បីឱ្យសមិទ្ធផលថ្មីនេះ សម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ទាំងអស់គ្នា ៕