ពលរដ្ឋរងគ្រោះខូចខាតដំណាំស្រូវដោយសារជំនន់ទឹកភ្លៀង ប្រមាណ ៤៣០គ្រួសារ មកពីឃុំចំនួន០២ ក្នុងស្រុកសំរោង ទទួលបានស្រូវពូជ ពីរាជរដ្ឋាភិបាល
ភ្នំពេញ៖ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទេ និង លោក ទុយ សុភ័ក្រ អភិបាលរងខេត្តតាកែវ តំណាង ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ចែកស្រូវពូជ របស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ គណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៤៣០គ្រួសារ ដែលរងផលប៉ះពាល់ខូចខាតលិចដំណាំស្រូវដោយសារជំនន់ទឹកភ្លៀង នៅឃុំសឹង្ហ និងឃុំបឹងត្រាញ់ខាងត្បូង ក្នុងស្រុកសំរោង។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក កេត ម៉ៅ អភិបាលស្រុកសំរោង និងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុក ប្រជាពលរដ្ឋចូលរួមផងដែរ ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណវត្តប្រាង្គអណ្ដែត ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង។
យោងតាមរបាយការណ៍របស់ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា នៅក្នុងខែនេះខេត្តតាកែវ ទទួលរងទឹកជំនន់ទឹកភ្លៀងតាមដងស្ទឹងស្លាគូរលើក២ ធ្វើអោយប៉ះពាល់លើផ្ទៃដី ស្រែវស្សា ចំនួន ១២៤៣ ហិកតា ស្មើនឹង ១១៣៤ គ្រួសារ មានផ្ទៃដី ខូចខាត ចំនួន ១៤១ ហិកតា ស្មើ៤៣០គ្រួសារ នៅក្នុងឃុំសឹង្ហ និងឃុំបឹងត្រាញ់ខាងត្បូង។
នៅក្នុងរបាយការណ៍ក៏បានបញ្ជាក់ទៀតថាការប្រែប្រួលអាកាសធាតុជារៀងរាល់ឆ្នាំផងដែរ ជាក់ស្តែងនៅខែមករា ឆ្នាំ២០២៣នេះ ទឹកជំនន់ទឹកភ្លៀង និងទឹក ជោរពីដៃទន្លេបាសាក់ បានប៉ះពាល់ផ្ទៃដីស្រែប្រាំង របស់ប្រជាពល រដ្ឋក្នុង ៥ស្រុក និង១ក្រុង ដែលមិនធ្លាប់មាន ពីមុនមកសរុប ២១៣៣២ ហិកតា ខូចខាតស្រូវប្រាំងចំនួន ៩,៦០៤ហិកតា ស្មើនឹង ៦,៦៧៦គ្រួសារ និងទទួលបានស្រូវពូជពី រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចំនួន ៦៦៧,៦០០គីឡូក្រាម សម្រាប់ចែកជូនកសិករ ស្តារឡើងវិញ និងប្រមូលផលរួចរាល់ផងដែរ ៕